Ad Code

កូនប្រុស​តូច​របស់​យុវតី​ក្រុម IS បាន​ស្លាប់​នៅក្នុង​ប្រទេស​ស៊ី​រី



កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី (SDF) ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា កូនប្រុស​តូច​របស់​នាង Shamima Begum ដែលជា​យុវតី​ដើមកំណើត​អង់គ្លេស​ដែល​បាន​ចាក​ចេញពី​ទីក្រុង​ឡុង​ដ៍​ដើម្បី​ចូលរួម​ក្រុម​រដ្ឋ​ឥស្លាម​គឺ​បាន​ស្លាប់​នៅក្នុង​ប្រទេស​ស៊ីរី។

នាង Begum អាយុ​១៩​ឆ្នាំ​ដែល​ត្រូវបាន​ដកហូត​សញ្ជាតិ​ដោយ​រដ្ឋាភិបាល​អង់គ្លេស​បើទោះបីជា​នាង​មានបំណង​វិល​ត្រលប់​ទៅវិញ​ក៏ដោយ​នោះ​គឺ​បានផ្តល់​កំណើត​ដល់​កូន​កាលពី​ខែ​មុន​នៅក្នុង​ជំរំ​ជនភៀសខ្លួន​មួយ​នៅ​ភាគ​ឦសាន​ប្រទេស​ស៊ីរី។

យោងតាម​សំបុត្រ​ពេទ្យ​បាន​ឲ្យ​ដឹងថា ទារក​បាន​ស្លាប់​ដោយសារ​ជំងឺ​រលាក​សួត​។​
​កាលពីមុន នាង​បានផ្តល់​កំណើត​ដល់​កូន​ចំនួន​ពីរ​នាក់​ទៀត​ដែល​ត្រូវបាន​គេ​និយាយថា​បាន​ស្លាប់​ដោយសារ​ជំងឺ​និង​កង្វះ​អាហារូបត្ថម្ភ។

អ្នកនាំពាក្យ​របស់ SDF លោក Mustefa Bali បានបញ្ជាក់​ពី​ការស្លាប់​នេះ​ទៅកាន់ AFP ប៉ុន្តែ​បាន​បដិសេធ​អះអាង​ពី​របៀប​និង​ពេលវេលា​ដែល​កើតឡើង។

ករណី​របស់​នាង​បាន​គូសបញ្ជាក់​ពី​បញ្ហា​ដែល​ប្រទេស​ជាច្រើន​នៅ​តំបន់​អឺរ៉ុប​ត្រូវ​ប្រឈម​និង​មានការ​បែងចែក​គ្នា​ថា​តើ​ត្រូវ​អនុញ្ញាត​ឲ្យ​ក្រុម​ជី​ហាដ​និយម​ និង​អ្នកគាំទ្រ​ក្រុម IS ត្រូវ​ប្រឈមមុខ​នឹង​ការកាត់ទោស​ឬក៏​រារាំង​ពួកគេ​ពី​ការចូល​ក្នុងប្រទេស​នៅពេល​រដ្ឋ Caliphate របស់​ក្រុម​រដ្ឋ​ឥស្លាម​ដួលរលំ។

ក្មេង​ជំទង់​ដែល​រត់គេច​ពី​ទីក្រុង​ឡុង​ដ៍​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី​នៅពេល​នាង​មាន​អាយុ​១៥​ឆ្នាំ​ជាមួយ​ក្មេងស្រី​សិស្សសាលា​ដទៃទៀត​បាន​និយាយ​កាលពី​ខែ​មុន​ថា នាង​ចង់​វិលត្រឡប់​ទៅកាន់​ចក្រភព​អង់គ្លេស​វិញ​បន្ទាប់ពី​រត់គេច​ពី​ការប្រយុទ្ធ​គ្នា​រវាង​ក្រុម​ភេរវកម្ម​និង​កងកម្លាំង​ដែល​គាំទ្រ​ដោយ​អាមេរិក។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក Sajid Javid បាន​ដកហូត​ភាពជា​ពលរដ្ឋ​របស់​នា​ង​ដោយ​ចាត់ទុក​វា​ថា​ជា​បញ្ហា​សុវត្ថិភាព​បើទោះបីជា​រដ្ឋាភិបាល​បាន​លើកឡើងថា កូនប្រុស​ទើប​កើត​របស់​នាង​អាច​ត្រូវបាន​គេ​ចាត់ទុកថា​ខុសគ្នា​ក៏ដោយ។

គណៈកម្មាធិការ​ជួយសង្គ្រោះ​អន្ដរជាតិ (IRC) កាលពី​ថ្ងៃ​សុក្រ​បាន​និយាយថា ស្ត្រី​និង​កុមារ​ចំនួន​១២,០០០​នាក់​បានមក​ដល់​ជំរំ Al-Hol ដែល​គ្រប់គ្រង​ដោយ​ពួក​ឃើ​ដ​ចាប់តាំងពី​ថ្ងៃ​ពុធ​មក​។​
IRC បាន​និយាយថា ចាប់តាំងពី​ខែធ្នូ​មក មនុស្ស​យ៉ាងតិច​១០០​នាក់​បាន​ស្លាប់​នៅតាម​ផ្លូវ​ទៅកាន់​ជំរំ​នេះ​ឬ​មិនយូរប៉ុន្មាន​ក្រោយពី​បានមក​ដល់​ដែល​ភាគច្រើន​គឺជា​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu