Ad Code

ចំនួន​អ្នកស្លាប់​ក្នុងការ​ផ្ទុះ​នៅ​រោងចក្រ​គីមី​ចិន​កើន​ដល់​៤៤​នាក់



ចំនួន​មនុស្ស​ស្លាប់​ពី​ការផ្ទុះ​ដ៏​ធំ​មួយ​ក្នុង​រោងចក្រ​គីមី​នៅ​ភាគ​ខាងកើត​ប្រទេស​ចិន​បាន​កើន​ឡើងដល់​៤៤​នាក់​នៅ​ថ្ងៃ​សុក្រ​ដែល​ធ្វើ​ឲ្យ​វា​ក្លាយទៅជា​ឧប្បត្តិហេតុ​ឧស្សាហកម្ម​ដ៏​អាក្រក់​បំផុត​មួយ​របស់​ប្រទេស​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ។

មនុស្ស​យ៉ាងតិច​៩០​នាក់​ត្រូវ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ក្នុងការ​ផ្ទុះ​កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នៅ​ឧទ្យាន​ឧស្សាហកម្ម​ក្នុង​ទីក្រុង Yancheng​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​រដ្ឋាភិបាល​ក្រុង​បន្ទាប់ពី​ក្រុម​ពន្លត់​អគ្គិភ័យ​បាន​ប្រយុទ្ធ​តស៊ូ​ជា​ភ្លើង​រហូតដល់​ពេលយប់​។​

ការផ្ទុះ​នេះ​មាន​ឥទ្ធិពល​ខ្លាំងណាស់​ដែល​វា​បាន​បង្ក​ឲ្យ​មានការ​រញ្ជួយ​ដី​តូច​មួយ ផ្តួល​រលំ​អគារ​រោងចក្រ​ជាច្រើន​និង​បំបែក​បង្អួច​ផ្ទះ​នៅ​ចម្ងាយ​ពីរ​បី​គីឡូម៉ែត្រ​ពី​កន្លែងកើតហេតុ​។​

អាជ្ញាធរ​បាន​និយាយថា អ្នក​ជួយសង្គ្រោះ​រាប់រយ​នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែង​កើត​ហេតុដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Tianjiayi Chemical ហើយ​មនុស្ស​ជាង​៣,០០០​នាក់​ត្រូវបាន​ជម្លៀស​ចេញពី​កន្លែង​ផ្ទុះ​។​

អាជ្ញាធរ​ដែល​កំពុង​ស៊ើបអង្កេត​អំពី​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​បាន​និយាយថា ចំនួន​មនុស្ស​ដែល​មិនបាន​បញ្ជាក់​ត្រូវបាន​នាំទៅ​ឃុំខ្លួន​ដោយ​ប៉ូលិស​។​

ភ្នាក់ងារ​ព័ត៌មាន​ស៊ីន​ហួ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា កម្មករ​ដែល​ប្រឡាក់​ឈាម​ត្រូវបាន​គេ​មើលឃើញ​ខណៈ​កំពុង​រត់​ចេញពី​រោងចក្រ​។​

រដ្ឋាភិបាល​ក្រុង​បាន​និយាយថា អគ្គិភ័យ​នៅក្នុង​ធុង​គីមី​ចំនួន​៣​និង​អគ្គិភ័យ​៥​កន្លែង​ផ្សេងទៀត​នៅក្នុង​ទីតាំង​នោះ​ត្រូវបាន​ពន្លត់​។​

គួរ​បញ្ជាក់ថា គ្រោះថ្នាក់​ឧស្សាហកម្ម​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​គឺជា​រឿង​ធម្មតា​នៅក្នុង​ប្រទេស​ចិន​ដែលជា​កន្លែង​បទបញ្ជា​សុវត្ថិភាព​តែងតែ​ត្រូវបាន​អនុវត្ត​តិចតួច​។​

កាលពី​ខែវិច្ឆិកា ការ​លេច​ធ្លាយ​ឧស្ម័ន​នៅឯ​រោងចក្រ​មួយ​ក្នុង​ទីក្រុង Zhangjiakou ភាគ​ខាងជើង​ប្រទេស​ចិន​ដែលជា​កន្លែង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​ឆ្នាំ​២០២២​បានសម្លាប់​មនុស្ស​ចំនួន​២៤​នាក់​និង​២១​នាក់​រងរបួស​។​

នៅក្នុង​ឆ្នាំ​២០១៥ ប្រទេស​ចិន​បាន​ជួបប្រទះ​គ្រោះថ្នាក់​ឧស្សាហកម្ម​ដ៏​អាក្រក់​បំផុត​មួយ​របស់ខ្លួន​នៅពេលដែល​ការផ្ទុះ​សារធាតុ​គីមី​ដ៏​ធំ​នៅក្នុង​ទីក្រុង​កំពង់ផែ Tianjin ភាគ​ខាងជើង​បានសម្លាប់​មនុ​ស្ស​យ៉ាងតិច​១៦៥​នាក់​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu