Ad Code

លោករស់ ផា​រឹទ្ធ ផ្ដាំផ្ញើ​ដល់​សិស្សានុសិស្ស ​ត្រូវ​យក​ចិត្ត​ទុកដាក់​រៀន​សូត្រ ឲ្យ​ក្លាយ​ជា កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ ដើម្បី​ជា​សសរទ្រូង​ប្រទេសជាតិ​



​ស្វាយរៀង​ ៖ នៅ​ព្រឹក​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩​នេះ លោក រស់ ផា​រិ​ទ្ធ អភិបាលរង​ខេត្តស្វាយរៀង​បាន​ថ្លែង​ទៅកាន់​សិស្សានុសិស្ស​ប្រមាណ​៣០០​នាក់ ​នៅ​សាលាបឋមសិក្សា​ឡឹ​ក សំបុណ្យ ឃុំ​កំពង់​ចក ស្រុក​រំដួល ខេត្ត​ស្វាយរៀង ថា ​ស្របពេល​ដែលមាន​សាលារៀន​ល្អ សូម​សិស្សានុសិស្ស​ត្រូវយក​ចិត្ត​ទុកដាក់​រៀនសូត្រ ក្រេប​យកចំណេះ​វិជ្ជា​ ដើម្បី​ក្លាយជា​កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ​ និង​ក្លាយ​ជា​ទំពាំង​ស្នង​ឫស្សី​ នៃ​ប្រទេសជាតិ​ប្រកបដោយ​ចំណេះ ជំនាញ​ពិតប្រាកដ​។​

ការ​ថ្លែង​របស់លោក​អភិបាលរង​ខេត្តស្វាយរៀង​បែបនេះ ខណៈ​ដែល​លោក​តំណាង​ លោក ម៉ែន វិបុល អភិបាលខេត្ត​ក្នុង​ពិធី​សម្ពោធ​អគារសិក្សា ​និង​សំណង់​គាំទ្រ​ ក្នុង​សាលាបឋមសិក្សា ឡឹ​ក សំបុណ្យ វត្ត​លាក់​រាជា​ដែល​ចំណាយ​ថវិកា​សាងសង់ និង​ទិញ​សម្ភារៈ​ការិយាល័យ​សម្រាប់​ទីចាត់ការ​អស់​ប្រមាណ​ជាង​៧​ម៉ឺន​ដុល្លារ។ ពិធី​នេះ​មាន​ចូលរួម​ពី​ លោក ម៉ៅ សោភ័ណ ប្រធាន​នាយកដ្ឋាន​លទ្ធកម្ម​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ព្រមទាំង​អស់លោក លោកស្រី​ជា​សប្បុរសជន​ជិត​ឆ្ងាយ​ជា​ច្រើន​រូប​ផងដែរ​។​

លោក រស់ ផា​រិ​ទ្ធ បាន​បន្តទៀតថា​ លោកគ្រូ​អ្នកគ្រូ គួរ​គប្បី​យកចិត្តទុកដាក់​ខិតខំ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ស្វែងយល់ នូវ​ចំណេះដឹង​ថ្មីៗ​ថែមទៀត និង​អនុវត្តតាម​និយាម​គរុកោសល្យ ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​លើកកម្ពស់​គុណភាព​អប់រំ​ផ្តល់​ចំណេះដឹង​ដល់​សិស្សានុសិស្ស​ទទួល​បានកា​រ​អប់រំ​ប្រកបដោយ​គុណភាព​ខ្ពស់ ហើយ​ក្រសួង​អប់រំ​បានធ្វើការ​កំណែទម្រង់​ការ​ប្រលង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ និង​មានការ​គាំទ្រ​ពី​គ្រប់​មជ្ឈដ្ឋាន​ដោយ​អនុវត្ត​តាម​គោលការណ៍​"​អ្នកចេះ​គឺជា​ប់​"​។​

លោក រស់ ផា​រិ​ទ្ធ បាន​ជំរុញ​ដល់​សិស្សានុសិស្ស​ និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន មិនត្រូវ​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន មិន​ត្រូវ​ប្រើប្រាស់​គ្រឿងញៀន​ជាដាច់ខាត ព្រោះ​គ្រឿងញៀន​ នាំឲ្យ​អន្តរាយ​ដល់​សុខភាព​ និង​អាយុជីវិត ប៉ះពាល់​សតិបញ្ញា​ស្មារតី​ និង​បំផ្លាញ​អនាគត​ខ្លួនឯង​ និង​ប៉ះពាល់​ដល់​សង្គមជាតិ​ទៀត​ផង​។

លោក​អភិបាលរង​ខេត្ត​ ក៏បាន​ណែនាំ​ដល់​សិស្សានុសិស្ស​ និង​ប្រជាពលរដ្ឋ​ ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ដើម្បី​ការពារ​អាយុជីវិត​ផ្ទាល់ខ្លួន ​និង​អ្នកដទៃ​ព្រមទាំង​ការពារ​សណ្ដាប់ធ្នាប់ ទ្រព្យសម្បត្តិ​ និង​ផលប្រយោជន៍​សាធារណៈ​។​

ជាមួយគ្នានេះ​ លោក រស់ ផា​រិ​ទ្ធ បាន​ផ្ដាំផ្ញើ​ដល់​អាជ្ញាធរ ដែនដី ស្រុក ឃុំ​និង​ការិយាល័យ​ជំនាញ​ពាក់ព័ន្ធ រួមទាំង​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​អនុវត្តតាម​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល ស្តីពី​ការចាត់វិធានការ​ថែរក្សា​ទឹក​ទុក ព្រោះ​នៅ​រដូវប្រាំង​នេះ ប្រទេស​កម្ពុជា​យើង​ទទួលរង​ដោយ​ប្រយោល​ពី​ឥទ្ធិពល​បាតុភូត អ៊ែ​ល​នី​ណូ បង្ក​អោយ​ធាតុអាកាស​ក្តៅ ហួតហែង សីតុណ្ហភាព​អាច​ឡើង​ដល់​៤០​ទៅ​៤២​អង្សា​សេ​ មាន​ភ្លៀង​កក់ខែ​តិច មាន​បាតុភូត ផ្គរ​រន្ទះ​ និង​ខ្យល់​កន្ត្រាក់​កើតឡើង ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​បញ្ចៀស​ការ​គ្រោះថ្នាក់​កើត​ឡើងជា​យថាហេតុ​។​

លោក រស់ ផា​រិ​ទ្ធ​ ជំរុញ​ឲ្យ​អាជ្ញាធរ​ដែនដី កងកម្លាំងប្រដាប់អាវុធ​បន្ត​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​ឲ្យ​បាន​ល្អប្រសើរ​ ជាពិសេស​ត្រូវអនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ ស្តីពី​ភូមិ​/ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​ ឲ្យ​ទទួល​បាន​ជោគជ័យ​បន្តបន្ទាប់​ទៀត ពោល​មិន​ត្រូវ​ឲ្យ​មាន​បង​តូច​បងធំ ចោរលួច​ចោរ​ប្លន់ គ្រឿងញៀន និង​ការ​ជួញដូរ​មនុស្ស​ខុសច្បាប់ ​នៅ​មូលដ្ឋាន​ជាដាច់ខាត​។​

នៅក្នុង​ពិធី​នេះ ក៏មាន​ការ​ចែកជូន​នូវ​អំណោយ​ដល់​ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យាយជី​តាជី ប្រជាពលរដ្ឋ កងកម្លាំង​ទាំង​បី​ប្រភេទ​ និង​ប្រគល់​ជូន​ថវិកា​ដល់​សាលារៀន​បឋមសិក្សា​ឡឹក​សំបុណ្យ ចំនួន​៨​លាន​រៀន​ផងដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu