នៅថ្ងៃព្រហស្បតិ៍ រដ្ឋអាជ្ញាសហព័ន្ធបានចោទប្រកាន់អតីតប្រធានាធិបតីប្រទេសប្រេស៊ីលលោក Michel Temer ថាជាមេដឹកនាំនៃ “អង្គការឧក្រិដ្ឋកម្ម” មួយដែលជាប់ពាក់ព័ន្ធក្នុងការលួចបន្លំនិងលាងលុយកខ្វក់អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។
ប៉ូលិសបានឃាត់ខ្លួនលោក Temer អាយុ៧៨ឆ្នាំដែលជាអ្នកកាន់តំណែងមុនលោកប្រធានាធិបតីស្តាំនិយម Jair Bolsonaro នៅក្នុងទីក្រុង Sao Paulo ហើយបានបញ្ជូនលោកទៅកាន់ទីក្រុង Rio de Janeiro។ លោកជាអតីតមេដឹកនាំចុងក្រោយគេបង្អស់នៃប្រទេសអាមេរិកឡាទីនមួយនេះដែលត្រូវបានគេចាប់ខ្លួននៅក្នុងការស៊ើបអង្កេត Car Wash ដែលបានបកស្បែកអ្នកនយោបាយនិងសាជីវកម្មជាច្រើន។
ការិយាល័យរបស់រដ្ឋអាជ្ញាសហព័ន្ធបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការស៊ើបអង្កេតទៅលើលោក Temer បានរកឃើញវត្តមានរបស់អង្គការឧក្រិដ្ឋកម្មមួយនៅក្នុងប្រតិបត្តិការពេញលេញដែលពាក់ព័ន្ធនឹងសកម្មភាពជាក់ស្តែងដ៏ធ្ងន់ធ្ងរ។
ស្របពេលជាមួយគ្នានោះ អតីតរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលលោក Moreira Franco ក៏ត្រូវបានចាប់ខ្លួនរួមជាមួយអ្នកផ្សេងទៀតជាច្រើនផងដែរ។
លោក Temer ដែលជាមេដឹកនាំមិនមានប្រជាប្រិយភាពបំផុតរបស់ប្រទេសប្រេស៊ីលធ្លាប់ប្រឈមនឹងការចោទប្រកាន់អំពើពុករលួយជាច្រើនជុំវិញការចុះចេញពីតំណែងកាលពីឆ្នាំមុន។
សេចក្តីថ្លែងការណ៍របស់រដ្ឋអាជ្ញានៅថ្ងៃព្រហស្បតិ៍បានពិពណ៌នាអំពី “ប្រព័ន្ធព្រហ្មទណ្ឌដ៏ស្មុគស្មាញ” ដែលនៅចុងឆ្នាំ២០១៤បានចំណាយប្រាក់ខុសច្បាប់ចំនួនប្រហែល១លាន Reais (ស្មើនឹង៥០០,០០០ដុល្លារនៅពេលនោះ) ទាក់ទងនឹងការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរមួយដែលមិនត្រូវបានសម្រេច។
សេចក្តីថ្លែងការណ៍បាននិយាយថា ការស៊ើបអង្កេតបានលើកឡើងថា ក្រុមនេះប្រហែលជាបានប្រព្រឹត្តបទល្មើសជាច្រើនជាមួយភ្នាក់ងារសាធារណៈនិងក្រុមហ៊ុនរដ្ឋពាក់ព័ន្ធទឹកប្រាក់១.៨ពាន់លាន Reais (៤៧០លានដុល្លារ)៕ AFP
Source: Kampuchea Thmey Daily
0 Comments