ភ្នំពេញ ៖ តារាចម្រៀងប្រុសរបស់ខ្មែរពីររូប គឺលោក ខេម និង ជុំ លីណូ ជាថ្មីម្តងទៀត ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា មានប្រសាសន៍លើកសរសើរក្រោយពេលដែលតារាទាំង២រូបនេះ បានចេញបទចម្រៀងបង្កប់អត្ថន័យអប់រំ ដល់យុវជនខ្មែរ។
ប្រសាសន៍លើកសរសើររបស់ សម្ដេចតេជោ ហ៊ុន សែន ខាងលើនេះបានលើកឡើងក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាព នៃពិធីសម្ពោធបើកការដ្ឋានកសាងផ្លូវល្បឿនលឿនដំបូងគេ នៅកម្ពុជា ពីភ្នំពេញ ទៅខេត្តព្រះសីហនុ ដោយចំណាយពេលសាងសង់៤ឆ្នាំ និង ចំណាយថវិកាប្រមាណ២ពាន់លានដុល្លារអាមេរិក នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកសរសើរតារាចម្រៀង លោក ខេម និង ជុំ លីណូ ថា ថ្ងៃមុន ជួប ខេម ហើយ ខេម និង ជុំ លីណូ គឺសំឡេងច្រៀងប្រហែលគ្នា។ ដូច្នេះ ថ្ងៃនេះ ជុំ លីណូ មកដែរ គឺត្រូវច្រៀងបទ ទឹកភ្នែកម្តាយលើខ្នោះដៃកូន (បទនេះ ជាចម្រៀងអប់រំមួយ ដែលបង្កប់អត្ថន័យបានល្អណាស់) និង ទំនួញអកឈ្មោល។ ម្យ៉ាងទៀត កុំភ្លេចនាំគ្នាច្រៀង បទ ទទាយំឆ្លង….ឆ្នាំនេះ នាំគ្នារាំឲ្យបានច្រើន។
សម្តេចតេជោ បានបញ្ជាក់ទៀតថា ឆ្នាំហ្នឹង នាំគ្នារាំឲ្យបានច្រើននូវបទ ទទាយំឆ្លង ហើយទាំងពីរបទនេះ ទាំងបទចាស់ និងបទថ្មី ដូច្នេះ ត្រូវនាំគ្នារាំលេងឲ្យបែកផ្សែង ហើយកុំ នរណារើសដាក់ខ្លួន បទហ្នឹងចម្រៀងបែបកំប្លែងដែលខ្ញុំអ្នកនិពន្ធឡើងនោះទេ។
សូមបញ្ជាក់ថា នេះពុំមែនទើបជាលើកទី១នោះទេ ដែល សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកសរសើរដល់តារាចម្រៀងទាំងពីររូប គឺ លោក ខេម និង ជុំ លីណូ។
ជាមួយគ្នា នៃការលើកសរសើររបស់សម្ដេចនេះដែរ ភ្លាមៗនោះ លោក ជុំ លីណូ ក៏បានបង្ហាញអារម្មណ៍រំភើប និងបានលើកឡើងថា ខ្ញុំបាទមានកិត្តិយសណាស់ ដែលបានចូលរួមក្នុងពិធីបើកសម្ពោធការដ្ឋានកសាងផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជា ពីភ្នំពេញ ទៅខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន ពិសេស លោកបានពេញចិត្តនឹងបទចម្រៀងរបស់ខ្ញុំបាទផងដែរ គឺបទ ទំនួញអកឈ្មោល និង បទ ទឹកភ្នែកម្តាយលើខ្នោះដៃកូន។ សូមគោរពជូនពរលោកមានសុខភាពល្អ៕
Source: Kampuchea Thmey Daily
0 Comments