មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិបានស្វាគមន៍គម្រោងរបស់ប្រទេសបង់ក្លាដែសក្នុងការនាំជនភៀសខ្លួនរ៉ូហ៊ីងយ៉ាចេញពីជំរំដែលកកស្ទះរបស់ប្រទេសនេះប៉ុន្តែបាននិយាយថា ទង្វើណាមួយដើម្បីបញ្ជូនមនុស្សប្រមាណ១០០,០០០នាក់ទៅកោះដែលងាយរងគ្រោះដោយទឹកជំនន់គួរតែត្រូវបានឡើងដោយស្ម័គ្រចិត្ត។
លោក Volker Turk ស្នងការជាន់ខ្ពស់នៅភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ជំរំ Kutupalong ភាគអាគ្នេយ៍ដែលជាជំរំធំបំផុតរបស់ពិភពលោកនិងបច្ចុប្បន្នផ្ទុកជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រហែល៦០០,០០០នាក់ដែលរត់គេចចេញពីប្រទេសជិតខាងមីយ៉ាន់ម៉ាគឺមានភាពណែនតាន់តាប់យ៉ាងខ្លាំង។
មន្ត្រី UNHCR បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងដាកាបន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចរយៈពេលប្រាំថ្ងៃទៅកាន់ប្រទេសនេះថា “ប្រសិនបើអ្នកនៅជំរំ Kutupalong ឬជំរំជាច្រើនទៀតនៅក្នុងស្រុក Cox's Bazar នោះ, វាច្បាស់ណាស់ថា មានការកកស្ទះដ៏ធំសម្បើម”។
មន្ត្រីដដែលបន្តថា “ដូច្នេះយើងសូមស្វាគមន៍ចំពោះការពិតដែលថារដ្ឋាភិបាលបង់ក្លាដែសបានចាត់វិធានការយ៉ាងសកម្មដើម្បីកំណត់ការដោះស្រាយជំនួសឲ្យជនភៀសខ្លួនរ៉ូហ៊ីងយ៉ា”។
លោកបានបន្ថែមថា អង្គការសហប្រជាជាតិនឹងនៅតែពិភាក្សាជាមួយអាជ្ញាធរបង់ក្លាដែសអំពីការផ្លាស់ប្តូរទីលំនៅជនភៀសខ្លួនទៅកាន់កោះ Bhashan Char នៅក្នុងឈូងសមុទ្រ Bengal ប៉ុន្ដែនិយាយថា ជនភៀសខ្លួនត្រូវតែមានឆន្ទៈក្នុងការផ្លាស់ទីលំនៅនិងអាចបន្តការចិញ្ចឹមជីវិតរបស់ពួកគេនៅទីនោះបាន។
ភ្នាក់ងារជំនួយអន្ដរជាតិរួមទាំងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិផងដែរបានលើកឡើងពីការព្រួយបារម្ភកាលពីខែមករាអំពីសមត្ថភាពរបស់កោះនេះក្នុងការទប់ទល់នឹងព្យុះសង្ឃរាអំឡុងរដូវមូសុង។ មនុស្សរាប់សែននាក់បានស្លាប់នៅក្នុងប្រទេសបង់ក្លាដែសដោយសារព្យុះស៊ីក្លូនក្នុងរយៈពេល៥០ឆ្នាំចុងក្រោយនេះដែលភាគច្រើននៅតំបន់ឆ្នេរ។
រដ្ឋមន្ត្រីក្រសួងការពារជាតិបង់ក្លាដែសកាលពីសប្តាហ៍មុនបាននិយាយថា ការផ្លាស់ទីតាំងជនភៀសខ្លួនទៅកាន់កោះដាច់ស្រយាលនឹងចាប់ផ្តើមចាប់ពីខែក្រោយទៅខណៈដែលការងារសាងសង់ភាគច្រើនបានបញ្ចប់រួចទៅហើយ។
រដ្ឋាភិបាលក្រុងដាកាបានចំណាយប្រាក់ប្រហែល២៨០លានដុល្លារអាមេរិកដើម្បីប្រែក្លាយកោះនេះដែលទើបតែលេចឡើងកាលពីជិតពីរទសវត្សរ៍មុន៕ AFP
Source: Kampuchea Thmey Daily
0 Comments