Ad Code

តុលាការ បើក​ការ​ស៊ើបសួរ​ជនជាប់ចោទ​គ្រឿងញៀន​១៧​នាក់​ នៅ​ក្លឹប​កម្សាន្ត​រ៉ុ​ក​



​ភ្នំពេញ ៖ លោក​ សេង លាង ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដែល​ទទួល​ចាត់ការ​សំណុំរឿង​គ្រឿងញៀន​នៅ​ក្លឹប​កម្សាន្ត​រ៉ុ​ក នៅ​ពេញ​មួយ​ថ្ងៃទី​២២​ ខែ​មីនា ឆ្នាំ​២០១៩​នេះ បាន​បង្គាប់​ឲ្យ​អនុរក្ស​ពន្ធនាគារ​ព្រៃ​.ស ​បញ្ជូន​ជនជាប់ចោទ​គ្រឿងញៀន​ចំនួន​១៧​នាក់ ​នៅ​ក្លឹប​កម្សាន្ត​រ៉ុ​ក មក​តុលាការ​ដើម្បី​សាកសួរ​បន្ត​បន្ថែម​ ជុំវិញ​បទល្មើស​គ្រឿងញៀន​ ដែលជា​នីតិវិធី​បើក​ការ​ស៊ើបសួរ។​

ជាមួយគ្នានេះ​ បើតាម​ប្រភព​ព័ត៌មាន​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ឲ្យ​ដឹងថា ចៅក្រម​តុលាការ​បង្គាប់​ឲ្យ​សមត្ថកិច្ច​សាធារណៈ​ស្វែងរក ​និង​ចាប់ខ្លួន​បុគ្គល​២​នាក់​ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​នៅ​រ៉ុ​ក​នេះ​ផងដែរ ហើយ​បើតាម​ការ​បញ្ជាក់​របស់ ​សម្ដេច​ក្រឡាហោម ស ខេង ជន​ដែល​ត្រូវ​តាម​ចាប់ខ្លួន​នោះ ​គឺជា​មន្ត្រី​នគរបាល​ទៀតផង។

ប្រភព​ព័ត៌មាន​ច្បាស់ការ​ពី​សាលាដំបូង​បាន​ឲ្យ​ដឹង​ថា ព្រះរាជអាជ្ញា​ និង​ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​ចោទប្រកាន់ ​ឧកញ៉ា​ គិត ធៀង​ ពីបទ ផ្ដល់​ទីតាំង ចាត់ចែង សម្រួល​ឲ្យ​មានការ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារជាតិ​ញៀន និង​បទ​សមគំនិត តាម​មាត្រា​៤៤ ចំណុច ​នៃ​ច្បាប់ ​ស្ដីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន ដែល​ប្រព្រឹត្ត​នៅ​មណ្ឌល​កម្សាន្ត ROCK ស្ថិតនៅតាម​បណ្ដោយ​មហាវិថី​ព្រះមុនីវង្ស សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩ តាម​មាត្រា​៤២ និង​៤៤ នៃ​ច្បាប់​ ស្ដីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន និង​មាត្រា​២៩ នៃ​ក្រមព្រហ្មទណ្ឌ។

ចំណុច​២​ នៃ​មាត្រា​៤៤​ ច្បាប់​ស្ដីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន ​បាន​កំណត់​ឲ្យ​​ផ្ដន្ទាទោស​ជនជាប់​ចោទ​ដាក់​ពន្ធនាគារ​ពី​៥​ឆ្នាំ ទៅ​១០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១០​លាន​រៀល​ ទៅ​២០​លាន​រៀល។

សូម​រំលឹកថា​ ឧកញ៉ា ​គិត ធៀង ត្រូវបាន​សមត្ថកិច្ច​ចាប់​ខ្លួន​តាម​ដីកា​តុលាការ​ កាលពី​ថ្ងៃទី​១១ ខែ​​មីនា ឆ្នាំ​២០១៩ ក្រោយពេល ​សម្ដេច​តេ​ជោ ​ហ៊ុន សែន រំលឹក​ពីបទ​ល្មើស​គ្រឿងញៀន​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​ នៅជាប់​របង​សាលារៀន​ ដល់​ទៅ​២​កន្លែង ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចម្ការមន។​

នៅ​ព្រឹក​ ថ្ងៃ​ទី​១២​មិនា សមត្ថកិច្ច​បាន​នាំខ្លួន​ជនសង្ស័យ​មក​ប្រគល់ឲ្យ​តុលាការ​សាកសួរ​ពេញ​មួយថ្ងៃ ដែល​សំណុំរឿង​នេះ ត្រូវ​បាន​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ រំលឹក​ម្ដង​ហើយ ​ម្ដងទៀត តុលាការ ​ត្រូវតែ​ធ្វើ​ឲ្យ​បាន​ម៉ត់ចត់ ត្រឹមត្រូវ​ និង​ម៉ឺងម៉ាត់​ដល់​ទី​ជម្រៅ​ មិន​លើកលែង​ដាច់ខាត៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu