ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលម្ចាស់ភោជនីយដ្ឋាននិងអាហារដ្ឋានទាំងអស់ត្រូវអនុវត្តវិធានការអនាម័យ និងសុវត្ថិភាពចំណីអាហារតាមស្តង់ដារដើម្បីការពារសុខភាពដល់អ្នកបរិភោគពិសេសភ្ញៀវអន្តរជាតិដែលមកកម្សាន្តនៅក្នុងប្រទេសកម្ពុជា។
លោក អឿន បុរារ័ត្នន៍ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានលើកឡងបែបនេះនៅក្នុងពិធីចែកវិញ្ញាបនបត្របញ្ជាក់គោលការណ៍អនាម័យល្អសម្រាប់ភោជនីយដ្ឋានចំនួន៤០ដោយមានការចូលរួមពីម្ចាស់ភោជនីយដ្ឋានជាច្រើន។
ជាមួយគ្នានេះដែរ លោករដ្ឋលេខាធិការបានធ្វើការណែនាំដល់ម្ចាស់ភោជនីយដ្ឋានត្រូវចេះជួយថែរក្សានិងបន្តថែរក្សានូវអនាម័យ និងសុវត្ថិភាពចំណីអាហារក្នុងកន្លែងឲ្យបានល្អតាមស្តង់ដារអនាម័យរបស់ក្រសួងសុខាភិបាលបន្តទៀត។
លោកបានបន្តថា «ទាំងអស់គ្នាត្រូវយល់ថា ភោជនីយដា្ឋននិងអាហារដ្ឋានដែលបាន វិញ្ញាបនបត្រហើយពីក្រសួងគឺបានផ្ដល់ទំនុកចិត្តដល់ភ្ញៀវជាតិនិងអន្តរជាតិក្នុងហាងរបស់អស់លោកពេលភ្ញៀវចូលទទួលទានអាហារមិនមានការបារម្ភភ័យខ្លាចថា មានពុលចំណីអាហារអ្វីឡើយ។ ដូចនេះសូមលោកលោកស្រីបន្តអនុវត្តវិធានការអនាម័យចំណីអាហារនេះជាបន្តទៀតដើម្បីការពារសុខភាពប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ដែលមកកម្សាន្តប្រទេសយើង»។
តែយ៉ាងណាក៏ដោយលោករដ្ឋលេខាធិការ ក៏បានសម្ដែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំគ្រប់ ជាន់ថ្នាក់របស់ក្រសួងសុខាភិបាលនិងមន្ត្រីអនុវត្តការងារអនាម័យនិងសុវត្ថិភាពចំណីអាហារទាំងអស់ដែលបានចូលរួមអនុវត្តតាមគោលការណ៍អនាម័យល្អចូលរួមលើកកម្ពស់ដល់សុខភាពប្រជាពលរដ្ឋយើង។
លោក សាស្ត្រាចារ្យ ហេងប៊ុនគៀត ប្រធាននាយកដ្ឋានឱសថចំណីអាហារ បរិក្ខារពេទ្យនិងគ្រឿងសំអាងបានមានប្រសាសន៍ថា គិតមកត្រឹមខែកុម្ភៈឆ្នាំ២០១៩នេះ ក្រសួងបានផ្ដល់វិញ្ញាបនបត្របញ្ជាក់គោលការណ៍អនាម័យល្អសម្រាប់ភោជនីយដ្ឋាននៅគ្រឹះស្ថានផលិតចំណីអាហារបានចំនួនសរុប១៨៤០កន្លែងស្មើនឹង៤០,២ភាគរយក្នុងនោះមានlogo A515 logo B66 និងlogo C22 ហើយនិងវិញ្ញាបនបត្របញ្ជាក់អនាម័យមានចំនួន១២៣៨កន្លែង។
លោកសាស្ត្រាចារ្យបានឲ្យដឹងថា ចែកវិញ្ញាបនបត្រដែលចែកដល់ភោជនីយដ្ឋាន៤០ភោជនីយដ្ឋាននិងអាហារដ្ឋានក្នុងនោះមាន logo A៣៣ logo B៥ និងlogo C២ដែលមកពីខេត្តកែប១ ខេត្តសៀមរាប១និងខេត្តកំពង់ចាម៥និងរាជធានីភ្នំពេញចំនួន៣៣។
លោកសាស្ត្រាចារ្យបានបន្តទៀតថា មុននឹងក្រសួងបានផ្ដល់ជូននូវវិញ្ញាបនបត្រដល់ភោជនីយដ្ឋានទាំងនោះ ក្រសួងបានធ្វើការវាយតម្លៃ និងត្រួតពិនិត្យដោយភ្នាក់ងារត្រួតពិនិត្យអនាម័យនិងសុវត្ថិភាពចំណីអាហារ ដែលប្រើឧបករណ៍ត្រួតពិនិត្យតាមបែបវិទ្យាសាស្ត្រដ៏ជាក់លាក់មួយរបស់ក្រសួងសុខាភិបាលយ៉ាងម៉ត់ចត់ជាទីបំផុត ដើម្បីធានាដល់សុខភាពរបស់អ្នកបរិភោគ។
ចំណែកលោក ឱសថការី អ៊ាំង ហុក ស្រ៊ុន ប្រធានការិយាល័យសុវត្ថិភាពចំណីអាហារ បានឲ្យដឹងថា ឆ្នាំ២០១៨កន្លងទៅនេះ មានករណីពុលចំណីអាហារចំនួន២០៣នាក់ ក្នុងនោះមានអ្នកស្លាប់១២នាក់ ដែលក្នុងចំណោមនោះមាន១៩៦នាក់បានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
លោក ឱសថការី អ៊ាំង ហុក ស្រ៊ុន បានបញ្ជាក់ថា ចំពោះរោគសញ្ញាពុលចំណីអាហារមានដូចជាឈឺពោះ រាគ ក្អួតចង្អោរ វិលមុខ ឈឺក្បាល អស់កម្លាំងហេវហត់ ឡើងកម្ដៅ ចេញកន្ទួលលើស្បែក។ លោកបន្តថា បើយើងព្យាបាលមិនទាន់វាក៏អាចបណ្ដាឲ្យយើងស្លាប់៕
Source: Kampuchea Thmey Daily
0 Comments