Ad Code

លោក ប៉ែន ផាត ដឹកនាំ​ក្រុមបាល់ទាត់​មួយ​ក្រុម​នៅ​ប្រទេស​ថៃ ឈ្នះ​ជើងឯក​ពាន​យុវជន



លោក ប៉ែន ផាត អតីត​កីឡាករ​ជម្រើសជាតិ​កម្ពុជា ជំនាន់​ទសវត្ស​ទី ៦០ កំពុងតែ​ដឹកនាំ​ក្រុមបាល់ទាត់​យុវជន​១​ក្រុម​នៅក្នុង​ប្រទេស​ថៃ ស្រប​ពេល​លោក​ក៏​មិន​មាន​ការងារ​ដែល​ធ្វើ​ពាក់ព័ន្ធ​នឹង​បាល់ទាត់​នៅ​ប្រទេស​កម្ពុជា ដែលជា​ស្រុកកំណើត​។

​សាលា​បាល់ទាត់​ថ្មី​ដែល​លោក ប៉ែន ផាត ទៅ​ដឹកនាំ​នោះ​មានឈ្មោះ​សាលា​បាល់ទាត់ Thai Kid Soccer ដែល​បាន​បង្កើត​ឡើង​ប្រមាណ​១៦​ឆ្នាំ​មក​ហើយ និង​ផ្ដោតលើ​ការអភិវឌ្ឍ​យុវជន មិន​ត្រឹមតែ​លើ​បាល់ទាត់​ទេ តែ​ក៏​ផ្ដល់​ឱកាស​រៀនសូត្រ​ដើម្បី​អភិវឌ្ឍ​ជីវិត ដោយមាន​ទាំង​កីឡា​ផ្សេងៗ​, សិល្បៈ និង​តន្ត្រី ទៀត​ផង​។ ក្រុម​របស់​នេះ​មាន​យុវជន​ពី​ចន្លោះ​អាយុ​១១​ឆ្នាំ​ដល់​១៨​ឆ្នាំ ដោយ​ហូបចុក​ស្នាក់នៅ​ក្លិប​តែម្ដង​។



អតីត​វីវៈ​បុរស​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​ដឹកនាំ​កូនក្រុម​ឈ្នះ​ជើងឯក​ពានរង្វាន់ 15th Thai Prime Minister Cup 2019 កាល​ពី​ពេល​ថ្មីៗ ក្រោយ​យកឈ្នះ​គូប្រកួត​ដោយ​លទ្ធផល ៣​ទល់​២ ខណៈ​ពានរង្វាន់​នេះ​ បើក​ឲ្យ​ក្រុម​យុវជន​ក្រោម​អាយុ​១៨​ឆ្នាំ​ប្រកួតប្រជែង​គ្នា​។ នេះ​ជា​ឆ្នាំ​ទី​២​ហើយ​ដែល​ក្រុម Thai Kid Soccer ឈ្នះ​ជើងឯក ស្រប​ពេល​កាលពី​ឆ្នាំ​២០១៨ ធ្លាប់​បាន​ឈ្នះ​ម្តង​រួច​មក​ហើយ​។

​គ្រូបង្វឹក​ខាងលើ​បាន​បញ្ជាក់​ថា «​ខ្ញុំ​បាន​ចុះ​កិច្ចសន្យា​ដឹកនាំ​ក្រុម​នេះ គឺ​បង្ហាត់​ក្មេងៗ​។ ពូកគេ​សុទ្ធតែ​ចង់​ចេះ​លេង​បាល់​ឲ្យ​ពូកែ​ដូច​ខ្ញុំ​។ ម្យ៉ាង​ខ្ញុំ​ចេះ​ភាសា​ថៃ​ស្រាប់ ដោយសារ​ខ្ញុំ​ធ្លាប់​ធ្វើការ​នៅ​ទីនោះ​ក្នុងនាម​ជា​កីឡាករ​មិន​ពិបាក​ក្នុង​ការ​ទំនាក់​ទំនងជា​មួយ​កីឡាករ​។ ខ្ញុំ​ចុះ​កិច្ច​សន្យា​រយៈពេល​មួយ​រយៈ​ព្រោះ​គិតថា​ ចង់​ធ្វើ​ការងារ​អី​ផ្សេងទៀត​»​។ នេះ​ជា​ឆ្នាំ​ទី​២​ហើយ ដែល​លោក ប៉ែន ផាត ប្រកប​អាជីព​ជា​គ្រូបង្វឹក​បាល់ទាត់​យុវជន​ថ្នាល​នៅ​ប្រទេស​ថៃ ខណៈ​កាលពី​ឆ្នាំមុន​លោក​ធ្វើ​នៅ​ខេត្ត​ឈុន​បូរី​។

​សូម​រំលឹក​ថា លោក ប៉ែន ផាត ធ្លាប់​បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា វិញ​កាលពី​ឆ្នាំ​២០១៥-២០១៦ កន្លង​ទៅ​ដោយ​ដឹកនាំ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ប៉ុន្តែ​ដឹកនាំ​បាន​មួយរយៈ​លោក​បាន​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ប្រទេស​បារាំង​វិញ ដោយសារ​ក្លិប​មិនអាច​ធ្វើតាម​អ្វី​ដែល​លោក​ចង់បាន​។ តែ​យ៉ាង​ណា​ក្តី​លោក​នៅតែ​មិន​ដាច់​អាល័យ​ពី​កម្ពុជា​ដែរ ដោយ​លោក​នៅ​ជា​សមាជិក​ក្រុមបាល់ទាត់​វ័យចាស់​របស់​កម្ពុជា នា​ពេល​បច្ចុប្បន្ន​ផងដែរ​។



អំឡុង​ពេល​មាន​សង្គ្រាម លោក ប៉ែន ផាត និង​ក្រុមគ្រួសារ​បាន​រត់គេច​ទៅ​ស្នាក់នៅ​ប្រទេស​បារាំង ហើយ​លោក​បាន​ធ្វើ​ដំណើរ​មកកាន់​កម្ពុជា​កាលពី​ចុងខែ កក្កដា ឆ្នាំ​២០១៥ កន្លងទៅ ដើម្បី​ចូល​ដឹកនាំ​ក្រុម​វេ​ស្ទើ​ន​។ លោក​មាន​អាយុ ៧០​ឆ្នាំ ជា​អតីត​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​កម្ពុជា​កាលពី​ទសវត្ស​១៩៦០-៧០ ហើយ​ជំនាន់​នោះ ​លោក​ក៏បាន​កសាង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ផងដែរ​នៅក្នុង​ក្លិប Rapracha នៃ​ក្របខណ្ឌ​កំពូល​របស់​ថៃ​នា​សម័យ​នោះ រហូត​ទទួល​បាន​រហស្សនាម​ថា «​ពស់​កេងកង»។ ម្យ៉ាងទៀត​លោក​ជា​សមាជិក​ម្នាក់ ​ដែល​បាន​ជួយ​ឲ្យ​កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៤​នៃ ពានរង្វាន់​ទ្វីបអាស៊ី Asian Cup កាល​ពី​ឆ្នាំ​១៩៧២៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu