ភ្នំពេញ ៖ សាកលវិទ្យាល័យគ្រើក (KrikrUniversity)ដែលជាសាកលវិទ្យាល័យដ៏ល្បីនៅក្នុងប្រទេសថៃបានប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោក KrasaeChanawongse ប្រធានសាកលវិទ្យាល័យគ្រើកជាអ្នកប្រគល់សញ្ញាបត្រជូនសម្ដេចតេជោ ហ៊ុន សែន ដោយផ្ទាល់។
ពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយកជូនសម្តេចតេជោ ហ៊ុន សែន នេះបានប្រព្រឹត្តធ្វើនៅថ្ងៃ ទី១៩ ខែមីនា ឆ្នាំ២០១៩ នេះនៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រនេះ លោក KrasaeChanawongse បានបញ្ជាក់ថា ការប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយជូនដល់សម្ដេចតេជោ ហ៊ុន សែន នេះដោយសារផ្អែកលើសមត្ថភាពនៃការដឹកនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេល៤០ឆ្នាំមកនេះសម្តេចតេជោ ហ៊ុន សែន គឺជាអ្នកដឹកនាំដ៏ឈ្លាសវៃមួយរូប ដែលបានប្រើប្រាស់ភាពប៉ិនប្រសប់ខាងទំនាក់ទំនងនយោបាយដើម្បីជីវភាពប្រសើរឡើងនៃប្រជាជនរបស់សម្ដេចនិងធ្វើពលិកម្មពេញមួយជីវិតដើម្បីរក្សាលទ្ធិប្រជាធិបតេយ្យនិងលើកស្ទួយប្រទេសជាតិពីភាពក្រីក្រដោយសម្រេចបានសមិទ្ធផលដ៏ល្បីល្បាញក្នុងលោកជាច្រើន។ ដូច្នេះសម្តេចតេជោ គឺពិតជាស័ក្ដិសមបំផុតសម្រាប់ការប្រគល់ជូនសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យគ្រឿក ផ្នែកទំនាក់ទំនងនយោបាយដើម្បីសំដែងនូវការកោតសរសើរដល់ស្នាដៃដ៏ឆ្នើមរបស់សម្ដេចតេជោ។
សាកលវិទ្យាល័យគ្រឿកបានសម្រេចថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាថ្នាក់ដឹកនាំមួយរូបពោរពេញទៅដោយចំណេះដឹងនិងសមត្ថភាពដែលបានប្រើប្រាស់ទំនាក់ទំនងនយោបាយសម្រេចបានសមិទ្ធផលជាច្រើនសម្រាប់កម្ពុជា។ ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៧០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនបានបង្ហាញសក្ខីកម្មជាក់ស្ដែងអំពីភាពជំនាញប៉ិនប្រសប់របស់សម្ដេចក្នុងវិស័យទំនាក់ទំនងនយោបាយ។
លោក KrasaeChanawongse បានធ្វើការកត់សំគាល់ទៀតថា នៅពេលថ្លែងសុន្ទរកថាទៅកាន់មហាជនឬសមាជិកគណៈរដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន ជាបុគ្គលដ៏ឆ្លាតវៃពិតប្រាកដក្នុងការលើកឡើងនូវរបៀបវារៈយ៉ាងច្បាស់លាស់និងមានទំនាក់ទំនងគ្នាដែលធ្វើឲ្យសម្ដេចតេជោទទួលបានប្រជាប្រិយភាពកាន់តែច្រើនឡើង។ សម្តេចតេជោមានសមត្ថភាពទាក់ទាញបាននូវបេះដូងនិងទឹកចិត្តរបស់ប្រជាជនកម្ពុជាដែលនាំមកនូវការគាំទ្រគណបក្សប្រជាជនកម្ពុជាដ៏ច្រើនលើសលប់និងជាលទ្ធផលសម្តេចតេជោនិងគណបក្សប្រជាជនកម្ពុជាបានកាន់តំណែងអស់រយៈពេលជាង ៤០ ឆ្នាំ។
លើសពីនេះទៀត សម្ដេចតេជោ ហ៊ុន សែន បានប្រើប្រាស់ទំនាក់ទំនងនយោបាយក្នុងកិច្ចការបរទេសដែលបានធ្វើឲ្យប្រទេសកម្ពុជាមានមុខមាត់លើឆាកអន្តរជាតិតាមរយៈសមត្ថភាពរបស់សម្ដេចក្នុងការចរចាទ្វេភាគីដើម្បីជំរុញផលប្រយោជន៍របស់ប្រជាជនកម្ពុជា។ ជាពិសេសសម្ដេចតេជោបានបង្រួបបង្រួមប្រជាជាតិរបស់សម្ដេចដែលបែកបាក់គ្នាតាមដំណោះស្រាយសន្តិវិធី។ ដូច្នេះជាការច្បាស់ណាស់ដែលថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្ដេជ្ញាដោះស្រាយជម្លោះផ្ទៃក្នុងនៅខាងក្រៅដែលបានញាំញីកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានប្រើប្រាស់ជំនាញរបស់ខ្លួនជាវាគ្មិនយ៉ាងប៉ិនប្រសប់ដើម្បីក្លាយខ្លួនជានាយករដ្ឋមន្ត្រីតែម្នាក់របស់កម្ពុជា ក្នុងការបោះឆ្នោតឆ្នាំ ១៩៩៨ និងចាប់តាំងពីពេលនោះមក ស្ថិរភាពនិងវឌ្ឍនភាពសេដ្ឋកិច្ចជាតិបានវិលត្រឡប់មកកម្ពុជាវិញ។
បច្ចុប្បន្នប្រទេសកម្ពុជាបានងើបពីប្រទេសនិងមិនសូវមានការអភិវឌ្ឍមកជាប្រទេសដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័សលើវិស័យសេដ្ឋកិច្ចសម័យទំនើប។ ប្រទេសកម្ពុជាមិនមានសញ្ញានៃការធ្លាក់ចុះឡើយព្រោះការវិនិយោគបរទេសកំពុងហូរចូលដោយសារកំណើនការជឿទុកចិត្តពីវិនិយោគិនជាហេតុធ្វើឲ្យប្រទេសកម្ពុជាមានសមត្ថភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចជាមួយនឹងបណ្តាប្រទេសសមាជិកអាស៊ាន។
ក្នុងពិភពសម័យទំនើបបច្ចេកវិជ្ជានិងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបានផ្លាស់ប្ដូរទម្រង់នៃការទំនាក់ទំនង ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រើប្រាស់វាយ៉ាងអស់ពីលទ្ធភាព។ សម្ដេចតេជោសែន យល់ច្បាស់អំពីសក្ដានុពលនៃប្រព័ន្ធផ្សព្វផ្សាយសង្គមនិងបានប្រើប្រាស់យ៉ាងមានប្រសិទ្ធភាព។ ឧទាហរណ៍សម្ដេចតេជោបានបង្កើតគណនីហ្វេសប៊ុកផ្ទាល់ខ្លួនដែលមានឈ្មោះសម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលមានអ្នកគាំទ្រជាង ១០ លាននាក់។ ជាថ្មីម្តងទៀតនេះសបញ្ជាក់ថាសម្តេចតេជោ ហ៊ុន សែន មានទស្សនវិស័យវែងឆ្ងាយភាពបត់បែនវៃឆ្លាតនិងសមត្ថភាពដែលបានធ្វើឲ្យសម្តេចក្លាយជាបុគ្គលឆ្នើមផ្នែកទំនាក់ទំនងនយោបាយ។
សម្ដេចតេជោ ហ៊ុន សែន កើតនៅឆ្នាំ ១៩៥២។ ខណៈពេលដែលធំដឹងក្តីនៅពេលដែលប្រទេសធ្លាក់ក្នុងភ្លើងសង្គ្រាមនិងភាពវឹកវរសម្ដេចហ៊ុន សែន ក្នុងវ័យ ១៨ ឆ្នាំ បានចូលរួមចលនាផ្ដួលរំលំរបបយោធារបស់ឧត្តមសេនីយ៍ លន់ នល់ ដោយជោគជ័យ ។ បន្ទាប់មកសម្ដេចបានសហការជាមួយវៀតណាមក្នុងការផ្ដួលរលំរបបខ្មែរក្រហមដែលដឹកនាំដោយប៉ុល ពត។ សម្ដេចតេជោហ៊ុនសែនទទួលបានជោគជ័យនិងបានដឹកនាំប្រទេសឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យ។ បន្ទាប់មកសម្ដេចបានបង្កើតគណបក្សនយោបាយនិងបានឈរឈ្មោះជានាយករដ្ឋមន្ត្រី។ សម្តេចតេជោ ហ៊ុន សែន បានក្លាយជានាយករដ្ឋមន្ត្រីដែលក្មេងជាងគេក្នុងវ័យ ៣២ ឆ្នាំនៅក្នុងឆ្នាំ ១៩៨៥។ គណបក្សរបស់សម្ដេចបានប្រើប្រាស់ទំនាក់ទំនងនយោបាយដើម្បីកសាងនូវទំនុកចិត្តរបស់ប្រជាជនមកលើសមាជិកនិងគោលនយោបាយរបស់បក្សដែលជាលទ្ធផលបានធ្វើឲ្យសម្ដេចកាន់តំណែងជានាយករដ្ឋមន្ត្រីក្នុងរយៈពេល ៣៤ ឆ្នាំជាប់ៗគ្នា។
ជាថ្នាក់ដឹកនាំផ្នែកទំនាក់ទំនងនយោបាយមួយរូបសម្ដេចតេជោ ហ៊ុន សែន បានបង្រួបបង្រួមប្រជាជនកម្ពុជាក្រោមទង់តែមួយដែលបានធ្វើឲ្យសម្តេចតេជោទទួលជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតជាតិឆ្នាំ ២០១៨។ លទ្ធផលទាំងអស់នេះបញ្ជាក់ពីសមត្ថភាពច្បាស់លាស់របស់សម្ដេចតេជោលើជំនាញទំនាក់ទំនងនយោបាយ។
ថ្លែងទៅកាន់ជនរួមជាតិ ក៏ ដូចជាភ្ញៀវជាតិនិងអន្តរជាតិនៅក្នុងពិធីនោះ សម្តេចតេជោ ហ៊ុន សែនបានស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមប្រឹក្សាសាកលវិទ្យាល័យ ពិសេសលោក បណ្ឌិតសាស្ដ្រាចារ្យ ក្រាស៊ែ ឆាណាវង្ស ប្រធានសាកលវិទ្យាល័យគ្រឿក គណៈគ្រប់គ្រងសាស្ដ្រាចារ្យ និងតំណាងនិស្សិតនៃសាកលវិទ្យាល័យគ្រឿក ដែលកំពុងមានវត្តមាននៅទីនេះបានធ្វើការសិក្សាស្រាវជ្រាវអំពីប្រវត្តិការតស៊ូរំដោះជាតិនិងប្រជាជន ព្រមទាំងសមិទ្ធផលជាច្រើនដែលសម្តេចសម្រេចបានដោយជោគជ័យជូនជាតិមាតុភូមិ ជាពិសេសការដាក់ចេញនូវនយោបាយ «ឈ្នះឈ្នះ» ដើម្បីបញ្ចប់សង្គ្រាមរ៉ាំរ៉ែជាស្ថាពរធ្វើឲ្យកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យរហូតមកដល់បច្ចុប្បន្ននេះ។ ជាការពិត មោទនភាពដែលសម្តេចមាននៅពេលនេះគឺជាមោទនភាពរបស់ប្រជាជនកម្ពុជាពីព្រោះការខិតខំរបស់សម្តេច គឺដើម្បីបុព្វហេតុជាតិមាតុភូមិ និង ប្រជាជនកម្ពុជាជាទីស្រឡាញ់របស់សម្តេចដែលតែងតែគាំទ្រ និងជឿជាក់លើរូបសម្តេចនិងគណបក្សប្រជាជនកម្ពុជាក្នុងការដីកនាំប្រទេសកន្លងមក។
សម្តេចតេជោបានបន្តថា ជាក់ស្តែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី ៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ មានប្រជាជនចូលរួមបោះឆ្នោតរហូតដល់ ៨៣,០២ នៃអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានចេញទៅបោះឆ្នោត ជាមួយនឹងទឹកមុខសប្បាយរីករាយគ្រប់ៗគ្នា ធ្វើឲ្យគណបក្សប្រជាជនកម្ពុជាឈ្នះភ្លូកទីកភ្លូកដី ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦នេះ ដើម្បីឲ្យសម្តេចនិងគណបក្សប្រជាជនបានបន្តដឹកនាំប្រទេសជាតិតទៅមុខទៀត ជាពិសេសគឺការថែរក្សា និង ការការពារសុខសន្តិភាពដែលកំពុងមានដើម្បីធ្វើការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យជារៀងរហូត។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា កិត្តិយសដែលសម្តេចបានទទួលនេះក៏បានឆ្លុះបញ្ចាំងអំពីចំណងមិត្តភាពកាន់តែរឹងមាំរវាងប្រជាជននិងប្រទេសយើងទាំងពីរតាមរយៈកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលកំពុងរីកធំធាត់ជាលំដាប់ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងការអភិវឌ្ឍធនធានមនុស្ស។
«សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយ» ដែលបានផ្តល់ដល់រូបសម្តេចនាឱកាសនេះគីពិតជាមានអត្ថន័យសម្រាប់រូបសម្តេចនិងប្រជាជនកម្ពុជា។ កម្ពុជាទើបទទួលបានសុខសន្តិភាពរយៈពេល ២០ឆ្នាំប៉ុណ្ណោះគឺនៅថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ១៩៩៨ ជាថ្ងៃចុងក្រោយដែលសង្គ្រាមរ៉ាំរ៉ៃត្រូវបានបញ្ចប់ទាំងស្រុងតាមរយៈការអនុវត្តនូវនយោបាយ «ឈ្នះឈ្នះ» ដែលសម្រេចបានមកដោយកម្ពុជាខ្លួនឯងផ្ទាល់ដោយគ្មានការបង្ហូរឈាម គ្មានការប្រើអាវុធ និងដោយគ្មានការបង្គាប់បញ្ជាពីខាងក្រៅ ហើយកម្ពុជាបានរួបរួមគ្នាជាធ្លុងមួយមានឯកភាពជាតិ ឯកភាពទឹកដីពេញលេញជាប្រវត្តិសាស្ដ្រលើកដំបូងបំផុត ដែលកម្ពុជាពុំធ្លាប់មានអស់រយៈកាលជាង ៥០០ឆ្នាំ កន្លងមក។
បច្ចុប្បន្នកម្ពុជាបានសាងសង់វិមានឈ្នះឈ្នះ ដែលមានអត្ថន័យជាប្រវត្តិសាស្ដ្រ គឺការបញ្ចប់សង្គ្រាមជាស្ថាពរនិងតំណាងឲ្យកម្ពុជាមានសុខសន្តិភាព និង ឈ្នះជានិច្ចនិរន្តហើយបានកត់ត្រាទុកនូវសមិទ្ធផលសង្គមជាតិច្រើនឥតគណនាសម្រាប់កូនចៅ ជំនាន់ក្រោយបានសិក្សាស្វែងយល់អំពីប្រវត្តិសាស្ដ្រកម្ពុជា។
បន្ទាប់ពីកម្ពុជាទទួលបានសុខសន្តិភាពពេញលេញនៅចុង ឆ្នាំ១៩៩៨ សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងរយៈពេលជិត២ទសវត្សរ៍ចុងក្រោយនេះកម្ពុជាទទួលបានចំណាត់ថ្នាក់ជាប្រទេស ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់និងលឿនបំផុតលំដាប់ទី៦ លើពិភពលោកដោយសម្រេចបានកំណើនជាមធ្យមជាង ៧ ភាគរយ ក្នុង១ឆ្នាំ តាមរយៈការរីកចម្រើនជាបន្តបន្ទាប់លើវិស័យឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម សេវាកម្ម ទេសចរណ៍ អចលនទ្រព្យ គមនាគមន៍ និងការដឹកជញ្ជូន។ ដោយឡែក រចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជាកំពុងផ្លាស់ប្តូរពីប្រទេសដែលពីងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេសដែលពីងផ្អែកសំខាន់លើវិស័យឧស្សាហកម្ម និងសេវាកម្ម។ ទន្ទឹមនេះយើងនឹងខិតខំប្រឹងប្រែងបន្តទៀត ដើម្បីឲ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។
សម្តេចតេជោបន្តថា មោទនភាពដែលសម្តេចទទួលបានថ្ងៃនេះគឺជាមោទនភាពរបស់ប្រជាជនកម្ពុជាទូទាំងប្រទេសដែលបានរួមសុខរួមទុក្ខជាមួយសម្តេចតាំងពីគ្រាលំបាករហូតមកទល់ពេលនេះ ហើយសម្តេចក៏សូមចែករំលែកមោទនភាពទាំងអស់នេះដល់ក្រុមគ្រួសារ ឧត្តមភរិយា កូនៗ និង ចៅៗ ជាទីស្រឡាញ់ដែលតែងតែផ្តល់កម្លាំងចិត្តនិងស្ថិតនៅជាប់ជានិច្ចជាមួយខ្ញុំនៅគ្រប់កាលៈទេសៈ ដើម្បីឲ្យសម្តេចអាចបម្រើជាតិមាតុភូមិ ថែរក្សាបាននូវសុខសន្តិភាពឲ្យបានគង់វង្ស និងធ្វើការអភិវឌ្ឍបានរីកចម្រើនលើគ្រប់រិស័យ ដើម្បីប្រជាជនកម្ពុជាទូទាំងប្រទេសមានជីវភាពរស់នៅសម្បូរសប្បាយ ថ្កុំថ្កើងរុងរៀងជារឿងរហូត។
គួរបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន ធ្លាប់ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យល្បីៗនៅប្រទេសនានាផ្សេងទៀតចាប់តាំងពីឆ្នាំទសវត្ស ៩០មក។
នៅឆ្នាំ ១៩៩៥សម្តេចតេជោហ៊ុន សែន បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយពីសាកលវិទ្យាល័យកាលីហ្វ័រនីញ៉ា ខាងត្បូង(Southern California) សហរដ្ឋអាមេរិក។
នៅឆ្នាំ ១៩៩៦សម្តេចតេជោ ហ៊ុន សែន បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងពីសាកលវិទ្យាល័យ Iowa Wesleyan សហរដ្ឋអាមេរិក។
ឆ្នាំ២០០៤សម្តេចតេជោហ៊ុនសែនបានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយពីសាកលវិទ្យាល័យអន្តរជាតិ Europa នៃប្រទេស Irish។
ចំពោះប្រទេសថៃវិញបានបំពាក់ជូនសម្តេចតេជោនៃគ្រឿងឥស្សរិយយសខ្ពស់បំផុតថ្នាក់ដំរី ស នៅឆ្នាំ ២០០១ ។ លើសពីនេះទៀតសម្ដេចតេជោ ហ៊ុន សែន ក៏បានទទួលនូវបណ្ឌិតកិត្តិយសពីស្ថាប័នសិក្សាល្បីៗរបស់ប្រទេសថៃដូចជា៖ឆ្នាំ២០១១ សម្តេចតេជោ ហ៊ុន សែន បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយពីសាកលវិទ្យាល័យរ៉ាមកំហែង។ ឆ្នាំ២០០៦សម្តេចតេជោ ហ៊ុន សែន បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអប់រំពីសាកលវិទ្យាល័យសម្ដេចចៅប្រាយ៉ា។
ថ្មីៗនេះសាធារណរដ្ឋប្រជាមានិតចិនក៏បានប្រគល់ពានរង្វាន់សន្តិភាព(Confucius Peace Prize) ក្នុងឆ្នាំ ២០១៧ ជូនសម្ដេចតេជោផងដែរ។ នេះបើយោងតាម លោក KrasaeChanawongse ប្រធានសាកលវិទ្យាល័យគ្រឿកដែលអានពីគុណសម្បត្តិសម្តេចតេជោ ហ៊ុន សែន៕
Source: Kampuchea Thmey Daily
0 Comments