Ad Code

ផល សោ​ភ័​ណ្ឌ ឈ្នះ កូ​លាប ដាំ ដោយ​ពិន្ទុ ឯ ចាន់ ប៊ុន​ហឿន ឈ្នះ​យុគ ផេ​ត ក្នុង​ទឹក​ទី​២



ប្រដាល់ ៖ អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា​២​រូប គឺ​ផល សោ​ភ័​ណ្ឌ និង ចាន់ ប៊ុន​ហឿន បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​ដូចគ្នា ក្នុង​ឡើង​ប្រកួត​កាលពី​យប់​ថ្ងៃទី​២៣ ខែ​មីនា​ ឆ្នាំ​២០១៩ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ​នោះ។​

អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា ផល សោ​ភ័​ណ្ឌ ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​កូ​លាប ដាំ ប្រាន​២៦(Kolabdam Phran26 ) ដោយ​ពិន្ទុ បន្ទាប់ពី​ប្រកួត​គ្នា​៥​ទឹក​ពេញ​នោះ។

យ៉ាងណា ការយក​ឈ្នះ​លើ​កូ​លាប ដាំ ប្រាន​២៦ នេះ ផល សោ​ភ័​ណ្ឌ គេ​ក៏​យ៉ាប់​ណាស់ដែរ ព្រោះ​អ្នក​ប្រដាល់​ថៃ​ម្នាក់នេះ រឹងមាំ និង​មាន​ស្នៀត​ប្រដាល់​ល្អ​មិន​ចាញ់​ សោ​ភ័​ណ្ឌ​ ប៉ុន្មាន​ឡើយ។ អ្នក​ប្រដាល់​ថៃ​នេះ កាលពី​បី​ឆ្នាំមុន គេ​ធ្លាប់​ផ្ដួល​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា​បី​រូប ដែល​មក​លើក​ទី​១ គេ​បាន​វាយ​ឈ្នះ​ផាន់ គ្រាន់ ដោយ​ពិន្ទុ​(២៤​មេសា​២០១៦) លើក​ទី​២ បាន​វាយ​ឈ្នះ​សេក គឹម​រួន អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​ដោយ​ពិន្ទុ​(២៤​កក្កដា​២០១៦ ) លើក​ទី​៣​ថ្ងៃទី​០៩ ខែ​តុលា ឆ្នាំ​២០១៦ គេ​បាន​វាយ​ឈ្នះ​សូត្រ ប៊ុន​ធី ជើង​ខ្លាំង​ក្លិប​បក្សី​ស្លាប​ដែក​ដោយ​ពិន្ទុ ហើយ​លើក​ទី​៤​ថ្មីៗ​កន្លងទៅនេះ គេ​បាន​វាយ​ឈ្នះ​សេង ស្រឿ​ន ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​មាសរ​ថ្ង​ក​ខេត្តស្វាយរៀង​ក្នុង​ទឹក​ទី​៤ និង​ចុង​ក្រោយនេះ​(០៨​មីនា​២០១៩) គេ​បាន​វាយ​ឈ្នះ​ចាន់ ប៊ុន​លាភ ក្លិប​និរោធ​មានជ័យ​ដោយ​ពិន្ទុ ហើយ​ពេលនេះ គេ​ចាញ់​ ផល ​សោ​ភ័​ណ្ឌ​ ដោយ​ពិន្ទុ។​

ចំពោះ ចាន់ ប៊ុន​ហឿន អ្នក​ប្រដាល់​ក្លិប​និរោធ​មាន គេ​ធ្វើ​បានល្អ ដោយបាន​ផ្ដួល​អ្នក​ប្រដាល់​ថៃ ​យុគ ផេ​ត ផេ​ត កា​សាម​(Yokphetch Phetch karsamat )​ក្នុង​ទឹក​ទី​២​។​

យុគ ផេ​ត ជា​អ្នក​ប្រដាល់​ថៃ​ជើងចាស់ ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ប៉ុន្មាន​លើក​ហើយ​កន្លងមក តែ​លើក​នេះ​ត្រូវ​ចាន់ ប៊ុន​ហឿន ប្រើពេល​តែ​ពីរ​ទឹក​ប៉ុណ្ណោះ ផ្ដួលឲ្យ​បោះបង់​ការប្រកួត។ យុគ ផេ​ត ត្រូវ​ប៊ុន​ហឿន ទាត់​ឲ្យ​ខូចដៃ មិនអាច​បន្ត​ការប្រកួត​ទៀត​បាន។​

សូមបញ្ជាក់ថា យុគ ផេ​ត​នេះ គេ​ធ្លាប់​ប៉ះ​ជាមួយ​ឃុន ឌី​ម៉ា ២​ដង ដោយ​លើក​ទី​១ វាយ​ស្មើ​ពិន្ទុ​គ្នា ​និង​លើក​ទី​២ មក​សងសឹក​នោះ ត្រូវ​ឌី​ម៉ា​ វាយ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២។​ តែ​មកជួប​ ចាន់ ប៊ុន​ហឿន ត្រូវ​ ប៊ុន​ហឿន ​ស៊ី​ផុយ​ទៅវិញ។​

•​ពុទ្ធ ឆាយ​រិទ្ធី ឈ្នះ ផេ​ត​ឆ័​ត្រ​ឆ័យ ខណៈ មា​ជ សុខ​រ៉ា ចាញ់ ក្លា​ឃុន​សឹក
​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ពុទ្ធ ឆាយ​រិទ្ធី អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា បាន​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ថៃ​ផេ​ត ឆ័​ត្រ​ឆ័យ សរ​ ប៊ុន​យៀម (Phetchchharchai Sor.Bunyeam) ដោយ​ពិន្ទុ ក្នុង​កម្មវិធី​ប្រដាល់​ខា​រ៉ា​បាវ នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ កាលពី​យប់​ថ្ងៃអាទិត្យ​ ទី​២៤​ ខែ​មីនា ឆ្នាំ​២០១៩ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ។​

យ៉ាងណា ការ​ឈ្នះ​របស់​ឆាយ​រិទ្ធី លើ​ផេ​ត​ឆ័​ត្រ​ឆ័យ​នេះ គឺ​ឈ្នះ​ដោយ​លក្ខណៈ​ប្រផុតប្រផើយ​តែ​ប៉ុណ្ណោះ។

ចំពោះ មា​ជ សុខ​រ៉ា អ្នក​ប្រដាល់​ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ​វិញ គេ​ប្រកួត​ចាញ់​អ្នក​ប្រដាល់​ថៃ ក្លា​ឃុន​សឹក ផរ​.​ប៉ា យ៉ា​ស៊ូ​(Klakhunserk Phor.Payasue )​ដោយ​ពិន្ទុ និង​ដោយ​វេទនា​បំផុត។ ពួកគេ​ទាំងពីរ ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៧ គីឡូក្រាម។​

មា​ជ សុខ​រ៉ា វាយ​បានល្អ​បានតែ​បី​ទឹក​ដំបូង​ប៉ុណ្ណោះ។ ចូលដល់​ទឹក​ទី​៤ សុខ​រ៉ា​ត្រូវ ក្លា​ឃុន​សឹក វាយ​ឲ្យ​អាជ្ញាកណ្ដាល​រាប់​៨​ដល់​ទៅ​២​ដង។ ហើយ​នៅពេល​បន្ត​ការប្រកួត​ទៀត​នោះ គេ​កាន់តែ​ទ្រុឌ​ទ្រោម​កម្លាំង​ថែមទៀត ដោយសារ​ក្លា​ឃុន​សឹក វាយ​សម្រុក​ដោយ​ការ​ដាល់​និង​ទាត់ សឹងតែ​ធ្វើឲ្យ​សុខ​រ៉ា ពុំ​អាច​ឆ្លង​ចូល​ទឹក​ទី​៥​បាន។

ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ឈាន រស្មី អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​ខេត្តរតនគិរី ត្រូវ​មាស សារ៉ាក់ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ វាយ​ឲ្យបោះបង់​ការប្រកួត​ក្នុង​ទឹក​ទី​៤។ រស្មី ត្រូវ សារ៉ាក់ ​វាយ​ឲ្យ​អាជ្ញាកណ្ដាល​រាប់​៨​ក្នុង​ទឹក​ទី​២ ពីរដង ទឹក​ទី​៣​ម្តង ហើយ​ដួល​ម្តងទៀត ក៏ត្រូវ​អាជ្ញាកណ្ដាល​បញ្ឈប់​លែងឲ្យប្រកួត​បន្តទៀត​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu