ភ្នំពេញ ៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ជាអភិបាលរាជធានីភ្នំពេញ និងជាប្រធានចលនាសហជីពរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា មានរោងចក្រ ត្រូវតែមានកម្មករ ហើយរោងចក្របើអត់កម្មករគេមិនហៅរោងចក្រនោះទេ ដូច្នេះទេ កម្មករ និងរោងចក្រ ត្រូវតែនៅជាមួយគ្នា រួមគ្នា ចាប់ដៃគ្នា បំពេញការងារដើម្បីភាពរីកចម្រើនទាំងអស់គ្នា។
ការលើកឡើងរបស់ លោក ឃួង ស្រេង ខាងលើនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាជិកាសាខាគណបក្សតាមរោងចក្រក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ដែលពិធីនេះធ្វើឡើង ក្នុងបរិវេណវត្តទួលអស់លោកក្នុង សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ដោយមានការចូលរួមពីបងប្អូនកម្មករកម្មការិនីរោងចក្រប្រមាណ១៥០០នាក់។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ក្រោមការដឹកនាំរបស់ សម្ដេចតេជោហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍ និងរីកចម្រើនឥតឈប់ឈរ មានរោងចក្រសហគ្រាសជាច្រើននៅក្នុងរាជធានីភ្នំពេញ ទាំងនេះពិតជាបានមកដោយសារតែប្រទេសយើងមានសន្តិភាពពេញបរិបូរណ៍។
លោកបន្តទៀតថា កាលណា ប្រទេសជាតិមានសន្តិភាពពេញលេញនោះ វានឹងធ្វើឲ្យអ្នកវិនិយោគទុនបរទេសចូលមកបណ្តាក់ទុនរកស៊ីនៅស្រុកខ្មែរ ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋយើងមានការងារធ្វើ និងមានជីវភាពធូរធារ។ ដូច្នេះទេ សូមបងប្អូនកម្មករទាំងអស់រក្សានូវឆ្នាំងបាយរបស់ខ្លួន មានន័យថា រោងចក្រ និងកម្មករ ត្រូវតែនៅជាមួយគ្នារួមគ្នា ដើម្បីបំពេញការងារឲ្យមានការរីកចម្រើន ហើយបើមានបញ្ហាអ្វីត្រូវចេះជជែកគ្នា ពិភាក្សាគ្នារកដំណោះស្រាយជៀសវាងការធ្វើបាតុកម្ម ដែលនាំឲ្យបាត់បង់ផលប្រយោជន៍ទាំងសងខាង មានន័យថាបើមាន អសកម្មណាមួយ អ្នកដែលខាតបង់ផលប្រយោជន៍ខ្លាំងជាងគេ គឺកម្មករ ថៅកែរោងចក្រ និងរាជរដ្ឋាភិបាល។
លោកបានមានប្រសាសន៍បញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចតេជោហ៊ុន សែន សម្ដេច គឺជាម៉ែ ជាឪរបស់បងប្អូនកម្មករយើងទាំងអស់គ្នា ហើយជាធម្មតាម៉ែឪ មិនចង់ឲ្យកូនចៅរបស់ខ្លួនក្រីក្រនោះទេ គឺតែងតែធ្វើអ្វីៗគ្រប់បែបយ៉ាងរកគ្រប់វិធីដើម្បីឲ្យកូន ចៅមានជីវភាពធូរធារមិនក្រលំបាក។
ជាក់ស្តែងនៅឆ្នាំ២០១៩ នេះអ្វីដែលសម្ដេចតេជោ បានប្រកាសជូនកម្មករនិយោជិត ដូចជា ប្រាក់ឈ្នួលប្រចាំខែឡើងដល់ ១៨២ដុល្លារ ក្នុងមួយខែ ព្រមទាំងបើកប្រាក់ ខែ២ដង ក្នុងមួយខែ ការពិនិត្យសុខភាព ព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋ ដោយឥតបង់ប្រាក់ ដោយគ្រាន់តែប្រើប្រាស់ប័ណ្ណ ប ស ស ហើយចំពោះស្ត្រីសម្រាលកូន ត្រូវបានឈប់សម្រាកពីការងារ ៣ខែ និងទទួលបានប្រាក់ខែ១២០ភាគរយជាដើម។
លោក ជា ពិសី ប្រធានគណៈកម្មាធិការគណបក្សខណ្ឌឫស្សីកែវ បានមានប្រសាសន៍បញ្ជាក់ឲ្យដឹងផងដែរថា នៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវមានរោងចក្រចំនួន៣៦ និងសហគ្រាសមានចំនួន ៣៦១
កម្មករសរុបមានចំនួន ៤៣៩៦៦នាក់ កម្មករស្នាក់នៅផ្ទះជួលចំនួន៣០៨៦០នាក់ ហើយបច្ចុប្បន្នក្នុងចំណោមរោងចក្រទាំង៣២យើងបានកសាងសាខាបក្សចំនួន ៨សាខាបក្សតាមរោងចក្រ ដែលមានចំនួនសរុប១៥០៦នាក់ ដែលអញ្ជើញមកចូលរួមក្នុងពិធីសំណេះសំណាលនេះ។
ក្រោយបញ្ចប់ពិធីសំណេះសំណាល លោក ឃួង ស្រេង បានប្រគល់ថវិការបស់ សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនកម្មករ កម្មការិនីចំនួន១៥០៦នាក់ ដែលក្នុងម្នាក់ៗទទួលបាន២ម៉ឺនរៀល៕
Source: Kampuchea Thmey Daily
0 Comments