Ad Code

កុមារ​សិង្ហបុរី​ យក​គំនូរ​២៣​ផ្ទាំង​មក​តាំង​លក់ ដើម្បី​ប្រមូល​ថវិកា​ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្ត​សៀមរាប



សៀមរាប ​៖​ គំនូរ​រូប​ផ្កា​ចំនួន​២៣​ផ្ទាំង ត្រូវបាន​កុមារ ច​ន្នី ហ្សា​វ​(Jonny Zhao) អាយុ​១១​ឆ្នាំ មកពី​ប្រទេស​សិង្ហ​បុរី យកមក​ដាក់តាំង​លក់ ដើម្បី​ប្រមូល​ថវិកា​ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប។

ការដាក់​តាំង​លក់​នេះ​ ធ្វើឡើង​រយៈពេល​១​ខែ ចាប់ពី​ល្ងាច​ថ្ងៃទី​០៧​ ខែមីនា ដល់​ថ្ងៃទី​០៧​ ខែមេសា ឆ្នាំ​២០១៩ នៅក្នុង​មន្ទីរពេទ្យ​កុមារ​អង្គរ ស្ថិតក្នុង​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្ដ​សៀមរាប។

ប្រធាន​ទំនាក់ទំនង​សាធារណៈ​នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្ដ​សៀមរាប អ្នកស្រី ស៊ិន​កេ​ត អរុណ បាន​ឲ្យ​ដឹងថា មន្ទីរពេទ្យ​កុមារ​អង្គរ ឬ​ហៅថា មន្ទីរពេទ្យ​បេះដូង បាននិងកំពុង​ព្យាបាល​ជំងឺ​កុមារ​រាប់រយ​នាក់​ក្នុង​មួយថ្ងៃៗ ដោយ​មិន​គិតថ្លៃ ហើយ​សេវា​ការព្យាបាល​នេះ ពឹងផ្អែក​ទាំងស្រុង​ទៅ​សប្បុរសជន​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស។ ដោយ​មើលឃើញ​នូវ​បញ្ហា​នេះ ទើប​កុមា​រចន្នី ហ្សា​វ ស្វែងរក​ជំនួយ​ដើម្បី​ជួយសង្គ្រោះ​ដល់​កុមារ​កម្ពុជា តាមរយៈ​ការដាក់​តាំង​លក់​រូបគំនូរ​ផ្កា​នេះ​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​នេះ។ អ្នកស្រី​បាន​បន្ដថា គំនូរ​២៣​ផ្ទាំង ដែល​ដាក់តាំង​លក់​នេះ ជា​ស្នាដៃ​ផ្ទាល់​របស់​កុមារា ច​ន្នី ហ្សា​វ។

តាមរយៈ​អ្នកបកប្រែ កុមារា ច​ន្នី ហ្សា​វ បាន​ឲ្យ​ដឹងថា រូបគេ​បាន​ចេះ​គូរគំនូរ​រូប​ផ្កា​នេះ​តាំង​អាយុ​៣​ឆ្នាំ​មក​ម្ល៉េះ ព្រោះថា​ផ្កា​នេះ​រូបគេ​យល់ថា បានធ្វើអោយ​កុមារ​សប្បាយ​ចិ​ត្ដ​មិន​ថា​ជនជាតិ​អ្វី​នោះទេ។ ច​ន្នី បាន​បន្ដថា ដោយ​មើលឃើញ​ពី​កុមារ​កម្ពុជា​កំពុង​តែមាន​ជំងឺមហារីក​ហើយ ខ្វះខាត​ថវិកា​ច្រើន​សម្រាប់​ព្យាបាល​ទើប​រូបគេ​យក​គំនូរ​ផ្កា​នេះ​ដាក់លក់​និង​តាំង​ពិព័រណ៍ ដើម្បី​យក​ថវិកា​នេះ​ជួយ​ដល់​កុមារ​កម្ពុជា​ទទួលបាន​ការព្យាបាល​មួយ​ដែលមាន​គុណភាព។ រូបគាត់​បាន​បន្ដ​តាមរយៈ​អ្នកបកប្រែ​ថា ការតាំងពិព័រណ៍​គំនូរ​ផ្កា​នេះ បានធ្វើ​ឡើងជា​ច្រើនលើក​នៅ​ប្រទេស​សិង្ហបុរី ហើយ​ប្រមូល​ថវិកា​សម្រាប់​ជួយ​ក្មេងៗ​ដែលមាន​ជំងឺមហារីក។

លោក ងួន ច័ន្ទ​ភ​ក្រា្ដ នាយក​មន្ទីរពេទ្យ​កុមារ​អង្គរ បាន​មានប្រសាសន៍ថា មន្ទីរពេទ្យ​កុមារ​អង្គរ​នេះ ត្រូវបាន​បង្កើតឡើង​ដោយ​ស្ថាបនិក​ជនជាតិ​ជប៉ុន​គឺ​លោក ខិ​ន​រ៉ូ អ៊ី​ស៊ុ នៅក្នុង​ឆ្នាំ​១៩៩៩ ក្នុង​ទស្សនៈវិស័យ​ផ្ដល់​ការព្យាបាល និង​ថែ​ទាំង​សុខភាព​ដល់​កុមារ​កម្ពុជា​ប្រកបដោយ​មេ​ត្ដា​ករុណា គុណភាព​ខ្ពស់ និង​មិន​យក​កម្រៃ។ មន្ទីរពេទ្យ​នេះ​ក៏​ជា​កន្លែង​បណ្ដុះបណ្ដាល​ដល់​បុគ្គលិក មន្ដ្រី​សុខាភិបាល និស្សិត​វេជ្ជសាស្ត្រ និង​សិស្ស​គិលានុបដ្ឋាន​មកពី​ទូទាំងប្រទេស​កម្ពុជា​ផងដែរ។

លោក​បាន​បន្ដថា ជា​រឿង​រាល់ថ្ងៃ ជា​មធ្យម​មាន​កុមារ​ប្រមាណ​៥០០​នាក់ បានទទួល​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​នេះ ដោយ​មិន​គិតថ្លៃ​ផងដែរ និង​បាន​ចំណាយ​ថវិកា​ប្រមាណ​៦,៥​លាន​ដុល្លារ​អាមេរិក ក្នុង​មួយឆ្នាំ ទៅលើ​ការព្យាបាល​ជំងឺ​កុមារ​ទូទៅ និង​ជំងឺ​វះកាត់​បេះដូង​ផងដែរ។ ចាប់តាំងពី​ឆ្នាំ​ពី​ឆ្នាំ​១៩៩៩​មក​មន្ទីរពេទ្យ​នេះ បាន​ព្យាបាល​កុមារ​ចំនួន​២​លាន​នាក់​មកហើយ។

បើតាម​អ្នកស្រី ស៊ិន​កេ​ត អរុណ ឲ្យ​ដឹងថា សម្រាប់​ថវិកា​ទ្រទ្រង់​មន្ទីរពេទ្យ​កុមារ​អង្គរ​នេះ មួយផ្នែកធំ​គឺ​ទទួលបាន​ពី​សប្បុរសជន​ខាងក្រៅ​ប្រទេស ដោយឡែក​នៅក្នុង​ប្រទេស​ឯណេះ​វិញ ខាង​មន្ទីរពេទ្យ​ទទួលបាន​ថវិកា​ពី​សប្បុរសជន​តាមរយៈ​ការរៀបចំ​ព្រឹត្តិការណ៍​នានា​ប្រមាណ​ពី​៤០​ម៉ឺន​ទៅ​៦០​ម៉ឺន ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំៗ​។ ​​សម្រាប់​នៅ​ដើមឆ្នាំ​២០១៩​នេះ ខាង​មន្ទីរពេទ្យ​បានរៀបចំ​កម្មវិធី​ស្វែងរក​ថវិកា​បាន​ចំនួន​៧​ដង​រួចមកហើយ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu