ភ្នំពេញ ៖ នារី២នាក់ ប្រហែលទើបចេញពីផឹកស៊ីបានបើកបររថយន្ត TOYOTA PRIUS មួយគ្រឿងយ៉ាងលឿន លុះមកដល់ផ្លូវកែង ក៏ជ្រុលទៅបុកឡើងខឿនសួនច្បារពុះចែកផ្លូវ នៅបណ្ដោយផ្លូវR3 កែងផ្លូវR11 បណ្ដាលឲ្យរថយន្តរងការខូចខាតរថយន្តខាងមុខផ្នែកខាងមុខនិងផ្ទុះពោងសុវត្ថិភាពកល់ជាប់លើខឿនបើកទៅមុខលែងរួច ហូរហៀរ ប្រេងពេញផ្លូវ ផងដែរ។
ប្រភពព័ត៌មានបានឲ្យដឹងថា អ្នកបើកបរមិនរងរបួសនោះ ព្រោះពោងសុវត្ថិភាពផ្ទុះ ការពារ តែក្រោយពីហេតុការណ៍កើតឡើងបន្តិចមក ក៏ស្រាប់តែលេចមុខជនស៊ីវិល និងកម្លាំងអាវុធហត្ថខណ្ឌទួលគោក ចុះជួយអន្តរាគមន៍សម្របសម្រួល ព្រមទាំងមានការឈ្លោះប្រែកគ្នាជាមួយសន្តិសុខយាមដីបឹងកក់ផ្អើលមួយសន្ទុះផងដែរ បង្កជាភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង២០នាទីទៀបភ្លឺ ឈានចូលថ្ងៃសៅរ៍ ទី៩ ខែមីនា ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក TOYOTA PRIUS មួយគ្រឿង ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2AY-3534 បើកបរ និងរួមដំណើរដោយនារីរូបស្រស់២នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវR11 យ៉ាងលឿន ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុដែលជាផ្លូវកែង R3 ស្រាប់តែជ្រុលទៅបុកឡើងខឿន ពុះចែកផ្លូវ លាន់ដូចរន្ទះ បណ្ដាលឲ្យរថយន្តរងការខូចខាតរថយន្តខាងមុខកល់ជាប់លើខឿន និងផ្ទុះពោងសុវត្ថិភាពបើកទៅមុខលែងរួច ហូរហៀរ ប្រេងពេញផ្លូវ តែមិនបណ្ដាលឲ្យនារី២នាក់នោះ រងរបួសនោះទេ តែក្រោយពីហេតុការណ៍កើតឡើងបានបន្តិច ក៏ស្រាប់តែលេចមុខបុរស២នាក់ ស្លៀកពាក់ស៊ីវិល (ក្នុងនោះម្នាក់មាន ID ជាប់ចង្កេះ) និងឃើញមានកម្លាំងអាវុធហត្ថខណ្ឌទួលគោក ២នាក់ទៀត ពាក់ឯកសណ្ឋាន បើកម៉ូតូណៃហត ពណ៌ទឹកប៊ិចចាស់ បិទ Logo (អាវុធហត្ថខណ្ឌទួលគោក) ឌុបគ្នាមកកន្លែងកើតហេតុ ចុះជួយអន្តរាគមន៍សម្របសម្រួល។
ប្រភពព័ត៌មានបានបន្តទៀតថា ក្នុងហេតុការណ៍នោះ ក៏ស្រាប់តែបុរស២នាក់ដែលស្លៀកពាក់ស៊ីវិល (ក្នុងនោះម្នាក់មាន ID ជាប់ចង្កេះ) ច្រឡោត ស្រែកឈ្លោះគ្នាជាមួយក្រុមសន្តិសុខក្នុង ដីបឹងកក់នោះផ្អើលមួយសន្ទុះផងដែរ ដោយសារតែប្រុងកាងយករថយន្តនោះចេញដោយគ្មានសំណងអ្វីនោះ។
ប៉ុន្តែ ដោយការជជែកគ្នាចុះឡើងទើបភាគីខាងរថយន្តបង្កព្រមសង១៤០ដុល្លារ ទៅឲ្យក្រុមសន្តិសុខ ដីបឹងកក់នោះ ដើម្បីបញ្ចប់រឿង រួចហៅរថយន្តមកស្ទូចយករថយន្ត TOYOTA PRIUS នោះ យកទៅជួសជុលដោយខ្លួនឯងដែរ ព្រោះមិនចង់រំខានដល់កម្លាំងសមត្ថកិច្ចមូលដ្ឋាន និងផ្នែកជំនាញ៕
Source: Kampuchea Thmey Daily
0 Comments