លោកស្រី Chelsea Manning ដែលបានចំណាយពេលជាងបីឆ្នាំនៅក្នុងពន្ធនាគារដោយសារការទម្លាយព័ត៌មានសម្ងាត់របស់យោធាអាមេរិកទៅឲ្យ WikiLeaks គឺត្រូវជាប់ពន្ធនាគារជាថ្មីម្តងទៀតកាលពីថ្ងៃសុក្រសម្រាប់ការបដិសេធផ្តល់សក្ខីកម្មក្នុងការស៊ើបអង្កេតដ៏ធំមួយដែលផ្ដោតលើក្រុមប្រឆាំងការសម្ងាត់។
យោងតាមអ្នកនាំពាក្យរបស់មេធាវីអាមេរិកនៅតុលាការសហព័ន្ធទីក្រុង Alexandria នៃរដ្ឋ Virginia បានឲ្យដឹងថា ចៅក្រមប្រចាំតំបន់លោក Claude Hilton បានសម្រេចថា លោកស្រី Manning បានមើលងាយតុលាការហើយបានបង្គាប់ឲ្យឃុំខ្លួនលោកស្រីមិនមែនជាការដាក់ទណ្ឌកម្មដើម្បីបង្ខំឲ្យលោកស្រីផ្តល់សក្ខីកម្មក្នុងករណីសម្ងាត់។
សេចក្តីថ្លែងការណ៍មួយពីគម្រោង Sparrow Project ដែលជាក្រុមគាំទ្រលោកស្រី Manning បាននិយាយថា “លោកស្រី Chelsea Manning ត្រូវបានបញ្ជូនទៅមន្ទីរឃុំឃាំងរបស់សហព័ន្ធដោយសារតែការបដិសេធផ្តល់សក្ខីកម្មរបស់លោកស្រី”។
ក្នុងសេចក្តីថ្លែងការណ៍មួយ លោកស្រី Manning បានថ្លែងថា លោកស្រីមានការជំទាស់ “សីល ធម៌” ចំពោះប្រព័ន្ធតុលាការនិងបានឆ្លើយសំណួរទាំងអស់អំពីការពាក់ព័ន្ធរបស់លោកជាមួយ WikiLeaks កាលពីឆ្នាំមុន។
លោកស្រី Manning បានថ្លែងថា “ខ្ញុំសូមរក្សាការផ្តល់សក្ខីកម្មលើកមុនរបស់ខ្ញុំ។ ខ្ញុំនឹងមិនចូលរួមក្នុងដំណើរការសម្ងាត់ដែលខ្ញុំបានជំទាស់ទេជាពិសេសដំណើរការមួយដែលត្រូវបានប្រើជាអន្ទាក់និងធ្វើទុក្ខបុកម្នេញដល់ក្រុមសកម្មជនចំពោះការនិយាយស្តីអំពីរឿងនយោបាយ”។
លោកស្រី Manning អាយុ៣១ឆ្នាំត្រូវបានបង្គាប់ឲ្យធ្វើសក្ខីកម្មនៅដើមសប្ដាហ៍នេះសម្រាប់ការស៊ើបអង្កេតមួយដែលពិនិត្យមើលសកម្មភាពរបស់ស្ថាបនិក Wikileaks លោក Julian Assange ក្នុងឆ្នាំ២០១០។
នៅពេលនោះ លោកស្រី Manning ដែលជាស្ត្រីប្តូរភេទម្នាក់ត្រូវបានគេស្គាល់ឈ្មោះថា Bradley Manning គឺជាអ្នកវិភាគចារកម្មយោធា។
លោកស្រីបានចែកចាយឯកសារសម្ងាត់ជាង៧០០,០០០ឯកសារដែលទាក់ទងទៅនឹងសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ាក់និងអាហ្វហ្គានីស្ថានចូលទៅក្នុងដៃរបស់ WikiLeaks។
ឯកសារទាំងនេះបានលាតត្រដាងនូវឧក្រិដ្ឋកម្មសង្គ្រាមដែលអាចកើតមាននិងបានបង្ហាញឲ្យដឹងពីទំនាក់ទំនងរបស់អាមេរិកជាមួយប្រទេសដទៃ៕ AFP
Source: Kampuchea Thmey Daily
0 Comments