Ad Code

ភាគី​មាន​ទំនាស់​ទាំងសងខាង ​សុខចិត្ត​ត្រូវរ៉ូវ​គ្នា​ បញ្ចប់​បញ្ហា​ដោយ​ការ​សម្របសម្រួល​របស់​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​



​ភ្នំពេញ ៖ ដោយ​អាច​ទទួលយកបាន​នូវ​ការសម្របសម្រួល​វិវាទ​របស់​អាជ្ញាធរ​ខណ្ឌដូនពេញ​នោះ​បាន​ធ្វើ​ឲ្យ​ភាគី​ទាំងសងខាង​ដែលមាន​ទំនាស់​គ្នា​ជា​យូរ​មកហើយ​នោះ ​អាច​ទទួលយកបាន ​និង​សន្យា​ថា ​ឈប់​មាន​ទំនាស់​គ្នា​ទៀតហើយ​ ចាប់​ពេលនេះ​ទៅ​។​

​ជាក់ស្ដែង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ០១​រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៩​វេលា​ម៉ោង​០៨​និង​៣០​នាទី លោក ម៉ុក ច័ន្ទ​ករុណា អភិបាលរង នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន​ដឹកនាំ​កិច្ចប្រជុំ​សម្របសម្រួល​ករណី​វិវាទ​ការសាងសង់ ដែល​ស្ថិតនៅ​ភូមិ​៤ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ​។​

​ក្រោយពី​សម្របសម្រួល​រួចមក ភាគី​ទាំងពីរ បាន​ព្រមព្រៀងគ្នា​ដោយ​ដើមបណ្ដឹង ទទួលយក​ដំណោះ​ស្រាយ​ពី​ចុង​បណ្តឹង គឺ​ចុង​បណ្តឹង ធានា​រក​ទីតាំង​រស់នៅ​បណ្ដោះអាសន្ន ឬ ផ្តល់​ជា​ប្រាក់​ជាក់ស្តែង​ដល់​ដើមបណ្តឹង ដើម្បី​ឲ្យ​ក្រុម​ជាង​ចុះ​ធ្វើការ​ជួសជុល។ ចំណែក​ចុង​បណ្តឹង ធានា​ដឹក​ជញ្ជូន​សម្ភារៈ​ឲ្យ​ដើមបណ្តឹង​ទៅកាន់​ទីតាំង​រស់នៅ​បណ្ដោះអាសន្ន និង​ជូនដំណឹង​ដល់​ដើមបណ្ដឹង អំពី​កាលកំណត់​ថ្ងៃ​ចុះ​ជួសជុល នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៩​នេះ​ផងដែរ​។​

​គួរបញ្ជាក់​ផងដែរ​ថា​ នៅ​ថ្ងៃ​ដដែល​នោះដែរ​ វេលា​ម៉ោង​១៤​និង​៣០​នាទី លោក​អភិបាលរងខណ្ឌ បាន​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ការគ្រប់គ្រង​សំណង់ និង​ដោះស្រាយ​វិវាទ​ខណ្ឌ ប្រចាំខែ​កុម្ភៈ និង​លើក​ទិសដៅ​សម្រាប់​ខែមីនា​ និង​មេសា ឆ្នាំ​២០១៩ ដោយ​របៀបវារៈ​សំខាន់ៗ​រួមមាន ៖
ទី​១.​ការងារ​ពង្រឹង​យន្តការ​គ្រប់គ្រង​សំណង់ និង​ការដោះស្រាយ​វិវាទ​ខណ្ឌ​សង្កាត់
ទី​២.​ការងារ​ពង្រឹង​យន្តការ​ច្រកចេញចូល​តែមួយ
ទី​៣.​ការងារ​ពង្រឹង​ការ​អនុញ្ញាត​ផ្តល់​ទីតាំង​សង់​រោងការ រោងបុណ្យ រោង​ពិធី​ផ្សេងៗ
ទី​៤.​ការងារ​ពង្រឹង​ការប្រគល់​ភារកិច្ច​ជូន​ភ្នាក់ងារ​អនាម័យ ( ដែលមាន​ស្រាប់ ) ធ្វើការ​រាយការណ៍​ពី​ទីតាំង​សំណង់​គ្មាន​ច្បាប់ លើស​ច្បាប់ ការ​ហ៊ុមព័ទ្ធ​ការដ្ឋាន និង​សំណង់​ខុស​បច្ចេកទេស៕

 



 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu