Ad Code

សន្លប់​ស្តូកស្តឹង ជាមួយនឹង​ឈាម​ជោក​ខោ អាវ ដេក​នៅលើ​សួនច្បារ​ចេនឡា សង្ស័យ​មាន​គេ​លួច​វាយ



ភ្នំពេញ​ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​ជនអនាថា បាន​ដេក​សន្លប់​ស្តូកស្តឹង ជាមួយនឹង​ឈាម​ជោកខោ អាវ នៅលើ​សួន​មុខ​មជ្ឈមណ្ឌល​ចេនឡា សង្ស័យ​មាន​អ្នក​លួច​វាយ ហើយក៏​ត្រូវបាន​សមត្ថ​កិច្ច​ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាម​ដែរ តែ​ហាក់ដូចជា​មាន​សង្ឃឹម​រស់តិចណាស់។​

ហេតុការណ៍​នេះ​ បាន​បង្ក​ការភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​០៨​និង​៤០​នាទី​យប់ ថ្ងៃ​ព្រហស្បតិ៍​​ ទី​២១ ខែមីនា ឆ្នាំ​២០១៩ នៅ​លើ​សួនច្បារ មុខ​មជ្ឈមណ្ឌល​ចេនឡា តាម​បណ្តោយ​ផ្លូវ​មុនី​រ៉េត កែង​ផ្លូវ​ម៉ៅ​សេទុង ក្នុង​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។

ជនរងគ្រោះ​មិនត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះទេ គ្រាន់តែ​ដឹងថា​ជា​ជនអនាថា ហើយ​នៅមុនពេល​កើតហេតុ គេ​បានឃើញ​ជនរងគ្រោះ​មិនដឹង​ជា​រឿង​អ្វី​ទេ តែ​សង្ស័យ​មាន​គេ​លួច​វាយ បាន​ដើរ​ក្អួត​ឈាម ទាំង​ដុំៗ​ហូរ​ជោកខ្លួន និង​មាន​ស្នាម​ពក​ក្បាល​ទៀតផង លុះ​ដើរ​បាន​ប្រមាណ​ជា​១០​ម៉ែត្រ ចំណុច​មជ្ឈមណ្ឌល​ចេនឡា ស្រាប់តែ​ដេក​ដួលសន្លប់​ស្តូកស្តឹង​នៅលើ​សួនច្បារ​ខាងលើនេះ​តែម្តង​។​

ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​អោយដឹងថា ជនរងគ្រោះ​ជា​ជនអនាថា គ្មាន​ផ្ទះសំបែង និង​គ្មាន​បងប្អូន ឬ​សាច់ញាតិ​នោះទេ តែងតែ​ឃើញ​ដើរ​ដេក នៅ​ម្តុំ​បរិវេណ​កើតហេតុ​ខាងលើ​ជា​រៀងរាល់ថ្ងៃ លុះដល់​ថ្ងៃកើតហេតុ មិនដឹងថា​រូបគាត់ មានរឿង​អ្វី​ជាមួយ​អ្នកណា​នោះទេ ដោយ​ជនរងគ្រោះ​បាន​ហូរឈាម​តាម​មាត់​ទាំង​ដុំៗ និង​ស្នាមរបួស​ពក​ក្បាល​ថែម​ទៀតផង​។ ​បន្ទាប់មក​បងប្អូន​ប្រជាពលរដ្ឋ​ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​ពិនិត្យ និង​បាន​ទំនាក់ទំនង​ទៅ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរ​សម្រាក​ព្យាបាល ហុង​ហាក់ មក​ដឹក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​ភ្លាមៗ​។​

ចំពោះ​ករណី​ខាងលើនេះ ជនរងគ្រោះ​ជា​ជនអនាថា ហើយ​សមត្ថកិច្ច​មិន​ហ៊ាន​សន្និដ្ឋានថា ជា​ករណី​អ្វី ឲ្យ​ពិតប្រាកដ​នៅឡើយ​ទេ ដោយ​ទុក​ធ្វើការ​ស្រាវជ្រាវ​បន្ត​សិន៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu