ប៉ៃលិន ៖ ជនសង្ស័យ៤នាក់ ត្រូវបានសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងត្រង់ ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីរក្សាទុក និងជួញដូរគ្រឿងញៀនខុសច្បាប់ កាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃព្រហស្បតិ៍ ១រោច ខែ ផល្គុន ឆ្នាំ ច សំ រឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោកអនុសេនីយ៍ឯក ឡោ ពុធ អធិការរង ទទួលបន្ទុកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅបានឲ្យដឹងថា ក្រោមការចង្អុលបង្ហាញពី លោកវរសេនីយ៍ទោ រី តារា អធិការនគរបាលស្រុកសាលាក្រៅ បានដាក់បញ្ជាឲ្យលោកដឹកនាំកម្លាំងជំនាញអធិការ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងត្រង់ ចុះបង្ក្រាបករណីរក្សាទុក និងជួញដូរនូវសារធាតុញៀនខុសច្បាប់មួយកន្លែង ដែលមានទីតាំងខាងលើ ព្រមទាំងឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ រួមនឹងវត្ថុតាងថ្នាំញៀនមួយកញ្ចប់ធំផងដែរ។
លោកអធិការរង បានបន្តថា៖ ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួន ទី១-ឈ្មោះ ០១-ឈ្មោះ យឿន អាត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកសិករ ,ទី២-ឈ្មោះ ដុង សារិនណាក់ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ,ទី៣-ឈ្មោះ សៀវ រ៉ាឌី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ អ្នកទាំងបីមានទីលំនៅបច្ចុប្បន្នក្នុងភូមិច្រាំងបាក់ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង និងទី៤-ឈ្មោះ សាំង ឡាយហួត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ ទីលំនៅបច្ចុប្បន្ន នៅភូមិផ្ទះស្បូវ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោកក៏បានបន្តដែរថា ក្នុងការបង្ក្រាបនេះ សមត្ថកិច្ចជំនាញ ដកហូតវត្ថុតាង បានមួយចំនួនរួមមានម្សៅក្រាមពណ៌ស ដែលសង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់ធំ ,ម៉ូតូម៉ាក Honda Dream C125 ឆ្នាំ២០១៣ ចំនួន០១គ្រឿង និងម៉ូតូកែច្នៃចំនួន០១គ្រឿងផងដែរ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments