តាកែវ ៖ ជនសង្ស័យបង្កហិង្សា បណ្តាលឲ្យខូចខាតសម្ភារៈអ្នកដទៃដោយចេតនាពីរនាក់ ត្រូវបានប៉ូលិសស្រុកសំរោងចាប់ឃាត់ខ្លួន ខណៈដែលពួកគេកំពុងជិះម៉ូតូដេញគប់រថយន្តដឹកមាន់មួយគ្រឿងទាំងកណ្តាលយប់ នាវេលាម៉ោង០០និង២០នាទី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្លូវលំក្នុងភូមិស្វាយរន្ធ ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ។
ក្រុមក្មេងទំនើងដេញគប់រថយន្តអ្នកដទៃ និងត្រូវប៉ូលិសចាប់ខ្លួននេះមាន ឈ្មោះ ម៉ា សែមលី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ និង ឈ្មោះ សុខ លោន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទាំងពីរនាក់រស់នៅភូមិត្រពាំងពោធិ៍ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្រោយប៉ូលិសចាប់ខ្លួន ពួកគេទាំងពីរនាក់ បានសារភាពថា មកពីអ្នកបើកបររថយន្តរំខានគេកំពុងដេញវាយគ្នា ដោយស្រែកឃាត់ ទើបពួកគេខឹង និងជិះម៉ូតូដេញគប់រថយន្តនេះតែម្តងទៅ ដើម្បីកាត់សាញ។
បច្ចុប្បន្ន ក្មេងទំនើងទាំងពីរនាក់ដែលសមត្ថកិច្ចចាប់ខ្លួនបានខាងលើនេះ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments