Ad Code

អនុរដ្ឋមន្ត្រី​ការពារ​ជាតិ​ហ្វីលីពីន នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​៤​ថ្ងៃ នៅ​កម្ពុជា​



​ភ្នំពេញ ៖ គណៈប្រតិភូ​យោធា​ជាន់ខ្ពស់​ហ្វីលីពីន ដឹកនាំ​ដោយ​ លោក រី​ខា​ដូ អេ ដា​វីដ ជេ​អា (Ricardo A David JR) អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ហ្វីលីពីន នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​មិត្តភាព និង​ផ្លូវការ​រយៈពេល​០៤​ថ្ងៃ​ ដោយ​ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៩ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ទស្សនកិច្ច​នេះ ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់​ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​។

​នាយ​ឧត្ដមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​ឲ្យ​ដឹងថា ក្នុង​ដំណើរ​ពេញ​ទៀត​បំពេញ​ទស្សនកិច្ច​នេះ គណៈប្រតិភូ​យោធា​ជាន់ខ្ពស់​ហ្វីលីពីន នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ទ្វេភាគី ស្ដីពី​គណៈកម្មាធិការ​សហប្រតិបត្តិ​ការ​យោធា​រួមគ្នា (JDCC) កម្ពុជា​-​ហ្វីលីពីន ដែល​កិច្ចប្រជុំ​នេះ នឹង​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​ការពារជាតិ និង​លោក Ricardo A David JR អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ហ្វីលីពីន នា​ទីស្ដីការ​ក្រសួងការពារជាតិ​។

​បន្ទាប់មក​ លោក​Ricardo A David JR ព្រមទាំង​គណៈប្រតិភូ​យោធា​ជាន់ខ្ពស់​ហ្វីលីពីន នឹង​ចូល​ជួប​សម្ដែង​ការគួរសម សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ផងដែរ នៅ​វិមាន​មិត្តភាព ទីស្ដីការ​គណៈរដ្ឋមន្ត្រី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu