តាកែវ ៖ ជនរងគ្រោះម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងអ្នករួមដំណើរម្នាក់ រងរបួសស្រាល ក្រោយបើកបរម៉ូតូ វ៉ាជែងខ្វះការប្រុងប្រយ័ត្ន ទៅបុកនឹងរថយន្តដែលកំពុងបើកបរក្នុងទិសដៅផ្ទុយគ្នា។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៧និង១០នាទីល្ងាច ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ នៅលើដងផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤០.៤១ ស្ថិតក្នុងភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
ករណីនេះដែរ ប៉ូលិសស្រុកបាទីបានប្រាប់ថា ជនរងគ្រោះ ជាម្ចាស់ម៉ូតូមាន ឈ្មោះ យឹម ជឹម ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិខ្សាច់លប់ ឃុំត្រពាំងសាប ស្រុកបាទី (ស្លាប់នៅកន្លែងកើតហេតុ) និងអ្នករួមដំណើរពីក្រោយម្នាក់មាន ឈ្មោះ សោ ស្រីនិច ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ (រងរបួសស្រាល)។
ប៉ូលិសស្រុកបាទីបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបើកបរម៉ូតូម៉ាកហុងដាឌ្រី ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FT 7530 ពីទិសខាងជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុ ក៏ប៉ះជាមួយនឹងរថយន្ត HIGHLANDERមួយគ្រឿង ពាក់ស្លាកលេខ នគរបាល 2.5354 មួយគ្រឿង ដែលបើកបរមកពីទិសខាងត្បូង ដោយ ឈ្មោះ ឆែប វុត្ថា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅខេត្តព្រៃវែង (បានរត់គេចខ្លួនបាត់ ក្រោយកើតហេតុ)។
ក្រោយកើតហេតុ ប៉ូលិសជំនាញស្រុកបាទី បានចុះធ្វើកំណត់ហេតុ និងវាស់វែង រួចយកវត្ថុតាងទាំងពីរគ្រឿង មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាទី រង់ចាំដោះស្រាយតាមនីតិវិធីនៅពេលក្រោយ។ ចំណែកសពជនរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments