ស្ទឹងត្រែង ៖ ដោយសារតែភាពក្រីក្រខ្វះទីជម្រក បុរសម្នាក់ បានទៅកាប់ឈើជាមួយកូនស្រី ដើម្បីយកមកធ្វើលំនៅដ្ឋាន តែជាអកុសលពេលដែលកាប់ឈើរលំ បានបាក់មែកមកធ្លាក់សង្កត់ចំពីលើបណ្តាលឲ្យបុរសនោះស្លាប់ភ្លាមៗតែម្ដង។
ហេតុការណ៍គ្រោះថ្នាក់របស់បុរសនោះបានកើតឡើងកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០១៩ វេលាម៉ោង១៦និង០០នាទី ចំណុចអូរគុម ស្ថិតក្នុងភូមិវ៉ើនសៀន ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
លោកវរសេនីយ៍ត្រីអធិការរង ហម ណាវី បានឲ្យដឹងថា ជនរងគ្រោះដែលមែកឈើបាក់សង្កត់លើឈ្មោះ សូម ខែម ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិកោះភ្នៅ ឃុំអូរសា្វយ ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។
លោកវរសេនីយ៍ត្រីបន្តដឹងថា នៅថ្ងៃកើតហេតុ បុរសរងគ្រោះ បាននាំកូនស្រីទៅជាមួយកាប់ឈើដើម្បីយកមកសង់ផ្ទះ តែជាអកុសល បន្ទាប់ពីដើមឈើនោះរលំមែកឈើទាក់នឹងវល្លិបាក់មែក មកសង្កត់ចំពីលើក្បាលជនរងគ្រោះបណ្តាលឲ្យស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម។
លោកបន្តថា ក្រោយកើតហេតុ កូនស្រី ឈ្មោះ ខែម បូថង អាយុ១២ឆ្នាំ បានរាយការណ៍មកកម្លាំងជំនាញអធិការស្រុកសហការ និងកម្លាំងប៉ុស្តិ៍ ព្រមទាំងអាជ្ញាធរភូមិ/ឃុំចុះទៅដលកន្លែងពិនិត្យសពនិងយោងសាក្សីបំភ្លឺឃើញថា សពពិតជាស្លាប់ដោយសារមែកឈើបាក់សង្កត់ពិតប្រាកដមែន និងបានរាយការណ៍ជូនលោកព្រះរាជអាជ្ញារង វង្ស សាវ៉ាត់ ឲ្យប្រគល់សពជូនក្រមគ្រួសារធ្វើបុណ្យ តាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments