Ad Code

ព្រឹក​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត PPIU ជាង​១​ពាន់​នាក់​



​ភ្នំពេញ ​៖ នៅវេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៩ នេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​កម្ពុជា នឹង​អញ្ជើញ ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ប្រគល់​សញ្ញាប័ត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (PPIU) ១,២៤៥​នាក់ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ។​

​របាយការណ៍​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ​បាន​ឲ្យ​ដឹង​ថា និស្សិត ដែល​ទទួល​សញ្ញាប័ត្រ​នេះ មាន និស្សិត​បញ្ចប់​ការសិក្សា​កម្រិត​បរិញ្ញាបត្រ​រង បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់។

ក្នុងចំណោម​និស្សិត ទទួល​សញ្ញាប័ត្រ​នេះ​មាន​និស្សិត​អាហារូបករណ៍​របស់​ សម្ដេច​តេ​ជោ ហ៊ុន សែន ៦៦​នាក់ (​នារី ២៨​នាក់​) និង​និស្សិត​ពិការ​កាយសម្បទា​ចំនួន៣នាក់។​

សូម​បញ្ជាក់​ថា សាកលវិទ្យាល័យ​អន្តរជាតិ​ភ្នំពេញ គឺជា​គ្រឹះស្ថាន​អប់រំ​ថ្នាក់​ឧត្ដមសិក្សា​មានឈ្មោះ​បោះ​សំឡេង​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​បាន​ចូលរួម យ៉ាង​សកម្ម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​បំពេញ​តម្រូវការ​អភិវឌ្ឍន៍​ប្រទេសជាតិ​។​

ក្នុង​ឆ្នាំ​សិក្សា​២០១៨-២០១៩ សិស្ស​ថ្នាក់​វិជ្ជាជីវៈ និង​និស្សិត កំពុង​សិក្សា​ប្រមាណ​៣,៩៧២​នាក់ ក្នុង​នោះ​នារី ២,១១២​នាក់ ក្នុងនោះ និស្សិត​បរទេស​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១៤​នាក់ (​នារី៨​នាក់​) មាន ជនជាតិ​ថៃ៥​នាក់ នារី៤​នាក់​, ឥណ្ឌូណេស៊ី៣​នាក់ នារី២​នាក់​, ឡាវ ២​នាក់ និង​ភូមិ ៤​នាក់ នារី ២​នាក់​។ ជាមួយគ្នានេះ និស្សិត​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ ៩​នាក់ នារី៥​នាក់។

ដោយឡែក ​គិត​ចាប់ពី​ឆ្នាំ​សិក្សា​២០០២-២០០៣ ដល់​ឆ្នាំ​សិក្សា ២០១៧-២០១៨​កន្លងមកនេះ និស្សិត​បញ្ចប់​ការសិក្សា​សរុប​ចំនួន១០,០១៥​នាក់ ក្នុងនោះ​នារី​៣,៤៧៧​នាក់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu