ភ្នំពេញ ៖ លោកខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅតែស្វាគមន៍ការបើកការិយាល័យវិទ្យុសំឡេងសហរដ្ឋអាមេរិកVOA ឡើងវិញនៅក្នុងប្រទេសកម្ពុជា ដើម្បីសម្រួលដល់ដំណើរការ ការងាររបស់វិទ្យុVOA ក្នុងការធ្វើយ៉ាងណាឲ្យ អ្នកសារព័ត៌មានទាំងអស់បានបំពេញ កាតព្វកិច្ចរបស់ខ្លួនបានទៅដោយរលូននិងវិជ្ជាជីវៈ។
ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយលោក Mehmood Kazmi ប្រធានផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្មនៃ US Agency for Global Media នៅក្រសួងព័ត៌មាន កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានបញ្ជាក់ថា ក្នុងរយៈពេលកន្លងមកនេះ ក្រសួងព័ត៌មានកម្ពុជា បានសំដែងនូវការស្វាគមន៍ ហើយតែងតែមានការសម្រួល ដល់ដំណើរការ របស់វិទ្យុVOA ក្នុងការធ្វើយ៉ាងណាអោយ អ្នកសារព័ត៌មានទាំងអស់បានបំពេញកាតព្វកិច្ចរបស់ខ្លួនបានទៅដោយរលូន។
លោកបានបន្តថា ទាក់ទងនិងបញ្ហាពន្ធដារ ជាមួយវិទ្យុVOA គឺជារឿងផ្សេងដាច់ដោយឡែក ពីក្រសួងព័ត៌មាន ប៉ុន្តែបើតាមដឹងVOA បាននឹងកំពុងតែ ធ្វើកិច្ចការនេះជាមួយខាងពន្ធដារហើយ។
គួររំលឹកថា បញ្ហាមិនបង់ពន្ធដាររបស់វិទ្យុVOA និងកាសែតឌឺខាំបូឌាដេលី អគ្គនាយកដ្ឋានពន្ធដារបានដាក់ពាក្យបណ្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញហើយ ប៉ុន្តែតុលាការមិនទាន់ចាត់ការយ៉ាងដូចម្ដេចទេ ដោយត្រូវទុកពេលវេលាអោយគូរភាគីសម្របសម្រួលដើម្បីបំពេញកាតព្វកិច្ចបង់ពន្ធសិន៕
Source: Kampuchea Thmey Daily
0 Comments