ការស៊ុតបាល់បញ្ចូលទីរបស់កីឡាករ Aaron Ramsey និងគ្រាប់បាល់ចូលទីខ្លួនឯងរបស់កីឡាករ Kalidou Koulibaly បានធ្វើឲ្យក្រុម Arsenalលត់ក្រុម Napoli២-០ នៅការប្រកួតជើងទី១វគ្គ១ភាគ៤ផ្តាច់ព្រ័ត្រ Europa Leagueកាលពីថ្ងៃព្រហស្បតិ៍។
ក្រុម Arsenalបាននាំមុខមុននៅនាទី១៤ ដោយសារគ្រាប់បាល់របស់កីឡាករ Ramsey ជាមួយនឹងការស៊ុតបាល់នឹងជើងស្តាំរបស់គាត់ផុតដៃអ្នកចាំទី Alex Meret របស់ក្រុម Napoli។
ពួកគេបានរក២គ្រាប់នៅ១០នាទីក្រោយមក ក្រោយពីកីឡាករ Lucas Torreira ស៊ុតមួយជើងធ្វើឲ្យប៉ះជើងឆ្វេងរបស់កីឡាករ Koulibaly បណ្តោយឲ្យបាល់ចូលទីខ្លួនឯងតែម្តង។
លោក Unai Emery គឺជាគ្រូបង្វឹករបស់ក្រុម Arsenalបាននិយាយប្រាប់ក្រុមអ្នកកាសែតថា យើងអាចសប្បាយចិត្តជាមួយនឹងលទ្ធផលមួយនេះ ប៉ុន្តែក្រុម Napoli ច្បាស់ជាលេងបានខ្លាំងក្លាជាងនេះនៅការប្រកួតជើងទី២។ ហេតុដូច្នេះហើយ យើងនឹងប្រឈមនឹងការងារលំបាកក្នុងការសម្រេចបានជោគជ័យ។
ក្រុម Arsenalបានព្យាយាមលេងសម្រុកខ្លាំងនៅក្នុងតង់ទី១ ប៉ុន្តែពួកគេធ្វើមិនបានសម្រេចនោះឡើយ បើទោះបីជាស៊ុតបាល់ចំគោលដៅជាច្រើនលើកច្រើនសារក៏ដោយ ពីខ្សែប្រយុទ្ធ Alexandre Lacazette និង Pierre-Emerick Aubameyang ខណៈដែលអ្នកចាំទី Meret របស់ក្រុម Napoliមានការងារធ្វើច្រើនផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមរបស់លោក Carlo Ancelotti បានព្យាយាមវាយបកវិញដូចទឹកបាក់ទំនប់ ដើម្បីអាចរកបានគ្រាប់បាល់ក្រៅទឹកដី តែពួកគេនៅតែមិនអាចដដែល៕
Source: Kampuchea Thmey Daily
0 Comments