រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអេក្វាឌ័រ បាននិយាយថា សហការីរបស់ស្ថាបនិក Wikileaks លោក Julian Assange ត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ ខណៈពេលព្យាយាមរត់គេចទៅកាន់ប្រទេសជប៉ុន។
លោកស្រី Maria Paula Romo មិនបានកំណត់អត្តសញ្ញាណបុគ្គលម្នាក់នោះទេ ប៉ុន្តែបានប្រាប់វិទ្យុ Sonorama ថា គាត់មានទំនាក់ទំនងជិតស្និទ្ធជាមួយលោក Assange ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងទីក្រុងឡុងដ៍តាមសំណើធ្វើបត្យាប័នរបស់សហរដ្ឋអាមេរិកបន្ទាប់ពីបានចំណាយពេល៧ឆ្នាំក្នុងស្ថានទូតអេក្វាឌ័រនៅទីនោះ។
ទូរទស្សន៍ Teleamazonas បានកំណត់ថា គាត់មានឈ្មោះ Ola Bini ជាអ្នកអភិវឌ្ឍកម្មវិធី software ដែលផ្តោតលើឯកជនភាព សន្តិសុខនិងការសិក្សាពីអក្សរឬលេខសម្ងាត់។ ទោះបីជាយ៉ាងណាក៏ដោយ ប៉ុស្តិ៍នេះមិនបានប្រាប់ឈ្មោះប្រភពរបស់វាទេ។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ លោកស្រីរដ្ឋមន្ត្រីបានភ្ជាប់អ្នកសហការរូបនេះទៅនឹងការចោទប្រកាន់អំពីការប៉ុនប៉ងធ្វើឲ្យអស្ថិរភាពដល់រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Lenin Moreno។
លោកស្រីបាននិយាយថា គាត់ត្រូវបានឃាត់ខ្លួនដោយគ្រាន់តែសម្រាប់ការស៊ើបអង្កេតប៉ុណ្ណោះ។ លោកស្រីបន្ថែមថា គាត់បានធ្វើដំណើរទៅបរទេសជាមួយអតីតរដ្ឋមន្ត្រីការបរទេសអេក្វាឌ័រលោក Ricardo Patino ដែលបានផ្ដល់សិទ្ធិជ្រកកោននយោបាយដល់លោក Assange ក្នុងឆ្នាំ២០១២។
លោកស្រីបាននិយាយថា “យើងមានភស្តុតាងគ្រប់គ្រាន់ដែលថា គាត់បានសហការគ្នាក្នុងការប៉ុនប៉ងធ្វើឲ្យអស្ថិរភាពដល់រដ្ឋាភិបាល”។
ការប្រកាសរបស់លោកស្រី Romo បានធ្វើឡើងបន្ទាប់ពីការចាប់ខ្លួនលោក Assange កាលពីព្រឹកថ្ងៃព្រហស្បតិ៍។
ប៉ូលិសអង់គ្លេសបានទទួលភារកិច្ចបន្ទាប់ពីប្រទេសអេក្វាឌ័របានដកសិទ្ធិជ្រកកោនរបស់ខ្លួនសម្រាប់លោក Assange ហើយបានលុបចោលសញ្ជាតិរបស់គាត់ដែលត្រូវបានផ្តល់ឲ្យនៅក្នុងឆ្នាំ២០១២៕ AFP
Source: Kampuchea Thmey Daily
0 Comments