Ad Code

មុខ​សញ្ញា​ចាស់​ធ្លាប់​ជាប់​គុក​៤​ដង​ចេញ​មកវិញ​លួច​ម៉ូតូ​នៅ​ក្នុង​ក្រុង​សៀមរាប ​ត្រូវ​នគរបាល​ប្រមាញ់​រហូត​ឃាត់ខ្លួន



សៀមរាប​ ៖ ​សមត្ថកិច្ច​មូលដ្ឋាន​នៃ​ក្រុង​សៀមរាប​បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ម្នាក់​ ជា​មុខសញ្ញា​ចាស់​ធ្លាប់​លួច​ម៉ូតូ​ជាច្រើន​ដង​ និង​ជាប់គុក​៤​ដង​ចេញ​មកវិញ​លួច​ម៉ូតូ​នៅ​ក្នុង​ក្រុង​សៀមរាប ត្រូវ​នគរបាល​ជំនាញ ​តាម​ប្រមាញ់​នៅ​ថ្ងៃ​ចូលឆ្នាំ​រហូត​ឃាត់ខ្លួន​តែ​ម្តង។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង ចិន្តា​រ៉េត ស្នងការ​រង​ទទួល​ផែន​កណ្ដាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​ជំនាញ ​បាន​ធ្វើ​ការ​តាមដាន​រហូត​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ព្រិ​ន ជឿន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ពាក់ព័ន្ធ​នឹង​ករណី​អំពើ​លួច​(​លួច​ម៉ូតូ​) ហើយ​ជា​មុខសញ្ញា​ទើប​ចេញពី​ពន្ធនាគារ​កាលពី​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០១៩​កន្លងទៅ​ថ្មីៗ​នេះ​។ ​​​នៅ​ថ្ងៃទី​០៦​ខែមេសា​ឆ្នាំ​២០១៩ វេលា​ម៉ោង​០៦​និង​២០​នាទី​នៅក្នុង​បរិវេណ​ហាង​យីហោ​ពូ ស្ថិតនៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ មាន​ករណី​អំពើ​លួច​(​លួច​ម៉ូតូ​) បង្កឡើង​ដោយ​ជនសង្ស័យ​ខាងលើ បាន​ចូលទៅ​លួច​ម៉ូតូ​របស់​ជនរងគ្រោះ​ឈ្មោះ​ម៉ម ឆា​លី ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ម៉ាក​ហុងដា​ស្កូ​ពី ពណ៌​ស ស៊េរី​ឆ្នាំ​២០១៥ លេខ​តួលេខ​ម៉ាស៊ីន​៨០៤២៩៥៥ រួច​ជិះ​គេចខ្លួន។

នៅ​ថ្ងៃទី​១៥ ​ខែមេសា ​ឆ្នាំ​២០១៩ វេលា​​​ម៉ោង​១៦​និង​០០​នាទី ជនសង្ស័យ​ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ឃាត់ខ្លួន រួច​ប្រគល់​ឲ្យ​អង្គភាព​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​សួរនាំ​បន្ត។ លោក​វរសេនីយ៍ទោ នួន ស័ក្តិ​ចំរើន​រិ​ទ្ធ អធិការរង​ទទួល​ការងារ​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ខាងលើនេះ ​ធ្លាប់​ជាប់គុក​៤​ដង​មក​ហើយ ​ករណី​លួច​ម៉ូតូ។ ពេល​គេ​ចេញពី​គុក​មក​គឺ​តែងតែ​មក​លួច​បន្ត​ដដែល។ ក្រោយពេល​សួរនាំ​ជនសង្ស័យ ​និង​យោង​តាម​កាមេរ៉ា​សុវត្ថិភាព​ផង​នោះ ជនសង្ស័យ​បាន​សារភាព​ថា ​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ជនរងគ្រោះ ហើយ​យក​ទៅ​លក់​នៅ​ឯ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ទៅ​ឲ្យ​មនុស្ស​ប្រុស​ម្នាក់ ក្នុង​តម្លៃ​២០០​ដុល្លារ។

បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ​កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ខ្លួន​ជន​សង្ស័យ​ខាង​លើ​នេះ​ ទៅ​តុលាការ​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវ​ច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu