សៀមរាប ៖ មន្ត្រីជាន់ខ្ពស់នៃស្នងការខេត្តសៀមរាប បានឲ្យដឹងថា យុវជនម្នាក់ បានស្លាប់នៅភ្នំគូលែន ក្នុងករណីលោតទឹកលេងទម្លាក់ខ្លួនធ្លាក់ត្រូវថ្មបាក់ចំខ្ទង់ច្រមុះ បណ្តាលឲ្យស្លាប់តែម្ដង។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៣និង ២០នាទីថ្ងៃ១៦ ខែមេសា ឆ្នាំ២០១៩នៅចំណុច ទឹកធ្លាក់ភ្នំគូលែន (ជាន់ទី បី) ស្ថិតនៅភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។
មន្ត្រីជាន់ខ្ពស់នៃស្នងការខេត្តសៀមរាប បានបន្តឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ូ សា ភេទ ប្រុស អាយុ ១៤ឆ្នាំ មានទីលំនៅភូមិបល្ល័ង្គ ឃុំបល្ល័ង ស្រុកស្ទោង ខេត្តកំពង់ធំ។ ឪពុកឈ្មោះ រិន រីក អាយុ២៩ឆ្នាំ ម្តាយឈ្មោះ ថន ខេន អាយុ២៧ឆ្នាំ មានទីលំនៅភូមិបល្ល័ង្គ ឃុំបល្ល័ង្គ ស្រុកស្ទោង ខេត្តកំពង់ធំ។ មន្ត្រីបន្ថែមថា មូលហេតុជនរងគ្រោះ បានមកលេងទឹកធ្លាក់ភ្នំគូលែនជាមួយក្រុមគ្រួសារ ក៏បានទៅលេងទឹក ហើយលោតទឹកទម្លាក់ខ្លួនមកទឹកមិនដឹងថា មានថ្ម ពេលទម្លាក់ខ្លួន ក៏ត្រូវចំថ្ម បណ្ដាលឲ្យបាក់ ចំខ្ទង់ច្រមុះស្លាប់តែម្ដង។ សាកសព បានប្រគល់ឲ្យគ្រួសារដើម្បី ធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments