សៀមរាប ៖ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលមូលដ្ឋាននៃក្រុងសៀមរាបធ្វើការឃាត់ខ្លួន ពាក់ព័ន្ធនឹងករណី លួចគ្រឿងសង្ហារិម និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនកណ្ដាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា កម្លាំងនគរបាលមូលដ្ឋាននៃក្រុងសៀមរាប បានឃាត់ខ្លួន ជនសង្ស័យចំនួន០២មានឈ្មោះ ទិត្យ ម៉ៅ ហៅស្វិត ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប និង ឈ្មោះឃន សុឃីម ភេទប្រុស អាយុ១៨ឆ្នាំ(មិនពិតប្រាកដ)ពាក់ព័ន្ធនឹងករណីអំពើលួច(លួចគ្រឿងសង្ហាររិម)និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់។
លោកបន្តថា នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង០២និង២២នាទីរំលងអធ្រាត្រ ក្នុងបុរីសៀងណាំ ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង ខេត្តសៀមរាប មានករណីអំពើលួច(លួចគ្រឿងសង្ហារិម) បង្កឡើងដោយជនសង្ស័យឈ្មោះទិត្យ ម៉ៅ ហៅស្វិត និងឈ្មោះ ឃន សុឃីម បានធ្វើសកម្មភាពយករ៉ឺម៉ក ចូលទៅលួចគាស់យកគ្រឿងសង្ហារិម របស់ជនរងគ្រោះឈ្មោះឈិញ ឈួង ភេទប្រុស អាយុ៣៥ឆ្នាំរស់នៅភូមិកើតហេតុ។ ក្រោយពីបាត់គ្រឿងសង្ហារិម ជនរងគ្រោះ បានឆែកមើលកាមេរ៉ា សុវត្ថិភាព ឃើញមានជនសង្ស័យចំនួន០២នាក់ខាងលើលួច ហើយក៏មកដាក់ពាក្យបណ្តឹង។ បន្ទាប់មកជនរងគ្រោះក៏ប្រទះឃើញ គ្រឿងសង្ហារិម របស់ខ្លួន នៅកន្លែងកែច្នៃឈើ ដែលជារបស់ឈ្មោះស៊ិន សុវណ្ណារិទ្ធ ហៅហួរ រួចក៏រាយការណ៍ដល់សមត្ថកិច្ច ចុះទៅត្រួតពិនិត្យមើល ក៏នាំខ្លួនជនសង្ស័យខាងលើ យកមកសួរនាំ។ ក្រោយពីសួរនាំជនសង្ស័យឈ្មោះទិត្យ ម៉ៅ ហៅស្វិត និងជនសង្ស័យឈ្មោះឃន សុឃីម បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចគ្រឿងសង្ហារិមរបស់ជនរងគ្រោះពិតមែន ហើយរាល់ពេលលួចបានជនសង្ស័យបានយកគ្រឿងសង្ហារិម មកលក់អោយឈ្មោះស៊ិន សុវណ្ណារិទ្ធ ហៅហួរ។ ចំណែកជនសង្ស័យឈ្មោះទិត្យ ម៉ៅ ហៅស្វិត និងជនសង្ស័យឈ្មោះឃន សុឃីម បានធ្វើតេស្តរកសារធាតុញៀនខុសច្បាប់ លទ្ធផលវិជ្ជមាន។ ដោយឡែកឈ្មោះ ស៊ិន សុវណ្ណារិទ្ធ ហៅហួរ បានការអនុញ្ញាតសុំគោលការណ៍ធានាខ្លួនបណ្តោះអាសន្នសិន។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនខ្លួនជនសង្ស័យទាំង២ទៅតុលាការដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments