រតនគិរី ៖ ក្មេងស្រីអាយុ២ឆ្នាំ កំពុងពេញស្រលាញ់ ឪពុកម្ដាយបណ្ដែតបណ្ដោយឲ្យដើរលេងម្នាក់ឯង ស្រាប់តែក្មេងនោះឃើញទឹក ហើយបានទៅចុះលេង ក៏លង់ស្លាប់យ៉ាងអាណោចអាធ័មបំផុត។
ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃអង្គារ ១២កើត ខែចេត្រ ឆ្នាំកុរ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្មាំ២០១៩ កន្លងទៅ ត្រង់ចំណុចកំពង់ទឹក ក្រោយកន្លែងកប់ខ្មោច ស្ថិតនៅក្នុងភូមិអិន ឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី។
មន្ត្រីនគរបាលស្រុកអណ្តូងមាសបានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ សល់ កញ្ញា អាយុ២ឆ្នាំ (ស្លាប់) ដោយឪពុកម្តាយមានការធ្វេសប្រហែស ទើបបណ្ដាលឲ្យកូនលង់ទឹកស្លាប់បែបនេះ។ ឪពុកមានឈ្មោះ រចំ សិដ្ឋ អាយុ២១ឆ្នាំ ជនជាតិកាចក់។ ម្ដាយឈ្មោះ សល់ ផ្យែង អាយុ៣១ឆ្នាំ ជនជាតិកាចក់ មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ។
មន្ត្រីនគរបាលបានបន្តថា ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋ បានដើរឆ្លងកាត់នៅទីនោះ ក៏បានប្រទះឃើញក្មេងស្រីអណ្ដែតទឹក ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានភ្លាម ចំណែកឪពុកម្ដាយមិនបានដឹងថា កូនដើរទៅចុះក្នុងទឹកក្បែរកន្លែងនោះទេ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកពិនិត្យឃើញថា ពិតជាស្លាប់ដោយសារលង់ទឹកស្លាប់ពិតប្រាកដមែន បានប្រគល់សពទៅឲ្យឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណីបងប្អូនជនជាតិដើមភាគតិច៕
Source: Kampuchea Thmey Daily
0 Comments