ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលទួលសង្កែ១ ឃាត់ខ្លួនជនសង្ស័យ៤នាក់ក្នុងចំណោមបក្ខពួក៥នាក់ នៅក្នុងផ្ទះសំណាក់មួយកន្លែងយីហោ(មហាលាភ)បន្ទាប់ពីពួកគេធ្វើសកម្មភាពស្ទាក់វាយប្លន់ម៉ូតូមួយគ្រឿងពីជនរងគ្រោះបានសម្រេចរួចយកទៅលាក់ទុកនៅក្នុងដីឡូត៍មួយកន្លែងកាលពីយប់ លុះព្រឹកឡើងម្ចាស់ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្តង។
ហេតុការណ៍ឃាត់ខ្លួននោះ បានធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្ទះសំណាក់មួយកន្លែងយីហោ(មហាលាភ)ផ្លូវលេខ២៧៣ ក្រុម១ ភូមិបាក់ទូកសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ដែលត្រូវឃាត់ខ្លួននោះទី១/ឈ្មោះចាន់ សម្ភស្ស ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ(មានសារធាតុញៀន)។ ជនសង្ស័យទី២/ឈ្មោះគ្រឿន ធារ៉ូត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខផ្លូវបេតុង ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ(មានសារធាតុញៀន)។ ជនសង្ស័យទី៣/ឈ្មោះសៅ មករា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលផ្លូវបេតុង ភូមិ២សង្កាត់ជ្រោយចង្វារ(មានសារធាតុញៀន)។ ជនសង្ស័យទី៤/ឈ្មោះម៉ាត់ ម៉ានស៊ូត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិ២សង្កាត់ជ្រោយចង្វារ(មានសារធាតុញៀន)។ ចំណែកបក្សពួកគេម្នាក់ទៀតដែលគេចខ្លួនបាត់ មិនត្រូវបានស្គាល់ឈ្មោះនោះទេ។
រីឯជនរងគ្រោះមានឈ្មោះគង់ សារីភេទប្រុស អាយុ២១ឆ្នាំ មានមុខរបជាងសំណង់ស្នាក់នៅបន្ទប់ជួលភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។ ម៉ូតូជនសង្ស័យយកទៅនោះម៉ាកឌ្រីមC125១គ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1HF-1348 បានប្រគល់ជូនជនរងគ្រោះវិញ។ ២/ទូរស័ព្ទ១គ្រឿងម៉ាកអាយហ្វូនពណ៌ស។
សមត្ថកិច្ចបានបន្តឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩វេលាម៉ោង១និង៣០នាទីអធ្រាត្រជនរងគ្រោះ បានជិះម៉ូតូម្នាក់ឯងតាមបណ្តោយផ្លូវ៧០ពីកើតទៅលិច ពេលជិះដល់កន្លែងកើតហេតុផ្លូវបេតុងក្រុម១ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ក៏ជួបជនសង្ស័យចំនួន៥នាក់ជិះម៉ូតូម៉ាកឌ្រីម
C125 ចំនួន៣គ្រឿង បានកៀរម៉ូតូជនរងគ្រោះឲ្យឈប់ រួចបានធ្វើសកម្មភាពវាយជនរងគ្រោះដោយដៃ ព្រមទាំងគំរាមឲ្យជនរងគ្រោះថយចេញពីម៉ូតូ ហើយឲ្យប្រគល់សោម៉ូតូឲ្យពួកវា។ បន្ទាប់មកជនសង្ស័យបានលើកយកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនបាត់ទៅយកទៅលាក់ទុកនៅក្នុងដីឡូត៍មួយកន្លែងនៅភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
សមត្ថកិច្ចបានបន្តទៀតថា លុះព្រឹកឡើងម៉ោង៧ និង ០០នាទីព្រឹកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលទួលសង្កែទី១។ បន្ទាប់ពីបានទទួលពាក្យបណ្តឹងកម្លាំងជំនាញខណ្ឌសហការជាមួយប៉ុស្ដិ៍ទួលសង្កែ១បានបើកការស្រាវជ្រាវឈានទៅឃាត់ជនសង្ស័យចំនួន៤នាក់នៅចំណុចផ្ទះសំណាក់មហាលាភផ្លូវ២៧៣ក្រុម១សង្កាត់ទួលសង្កែទី១។ ភ្លាមៗនោះក្រោយពីសាកសួរក្រុមជនសង្ស័យបានសារភាពថា ពួកគេបានយកម៉ូតូដែលពួកគេធ្វើសកម្មភាពប្លន់រួចយកទៅលាក់ទុកកន្លែងខាងលើ ក៏បាននាំខ្លួនជនសង្ស័យទាំង៤នាក់ទៅយកម៉ូតូបានប្រគល់ឲ្យជនរងគ្រោះវិញ។
បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ខាងលើត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវរង់ចាំកសាងឯកសារចាត់ការទៅតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments