Ad Code

សូកប៉ាន់​សមត្ថកិច្ច​គិតថា​បញ្ចប់រឿង ​ក្រោយ​១៧​ឆ្នាំ ចូល​ស្រុក​ត្រូវ​ចាប់ខ្លួន​ដដែល



បាត់ដំបង ៖ ជនសង្ស័យ ម្នាក់​ដែលជា​ប់​ពាក់ព័ន្ធ​នឹង​ករណី ប្លន់​កាលពី​ប្រមាណ​ជាង​១៧​ឆ្នាំមុន ត្រូវបាន​កម្លាំង​នគរបាល​ផ្នែក​អនុវត្តន៍​ដីកា​នៃ​ស្នងការ​ខេត្តបាត់ដំបង​ចាប់​ខ្លួន នៅ​វេលា​ម៉ោង​១១ និង ១៥​នាទី ថ្ងៃត្រង់ នា​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០១៩ ​ បន្ទាប់ពី​ជនសង្ស័យ​ខាងលើ បានបង្ហាញ​ខ្លួន​នៅ​នឹង​ផ្ទះ​របស់ខ្លួន ដែល​ស្ថិតនៅ​ភូមិ​ឆាយ​បល្ល័ង្ក ឃុំ​ធិបតី ស្រុក​គាស់ក្រឡ ក្នុងឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​។​

​តាម​ការ​អោយដឹងពី​មន្ត្រី​ផ្នែក​អនុវត្តន៍​ដីកា​បាន​បញ្ជាក់ថា ជនសង្ស័យ រូបនេះ​មាន ឈ្មោះ ខាន់ ចន្ថា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ ឃុំ ខាងលើ ដោយ ជននេះ​ត្រូវបាន​ចាប់ខ្លួន​តាម «​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​» លេខ​១៧៩ ដ​ចខ ចុះ​ថ្ងៃទី​២២ តុលា ឆ្នាំ​២០០៣ របស់​ចៅក្រម​ស៊ើបសួរ លោក សួស សំអាត នៃ សាលាដំបូង​ខេត្តបាត់ដំបង។

បើ​យោងតាម​ដីកា​នេះ​គឺ​ជនសង្ស័យ ឈ្មោះ ខាន់ ចន្ថា នេះ ត្រូវបាន​តំណាង​អយ្យការ​ចោទប្រកាន់​ពីបទ «​ប្លន់​ទ្រព្យសម្បត្តិ​» ដែល​បាន​ប្រព្រឹត្ត នៅ​ចំណុច​ក្រុមហ៊ុន​ណា​វ៉ា​រ៉ាត់ ស្ថិត​ក្នុងភូមិ​កន្ទួត ឃុំ​ធិបតី ស្រុក​គាស់ក្រឡ កាលពី​ថ្ងៃទី​២៥ វិច្ឆិកា ឆ្នាំ​២០០២ កន្លងទៅ ប៉ុន្តែ​ក្រោយ​ប្រព្រឹត្ត​បទល្មើស​រួច ជននេះ​បាន​រត់គេចខ្លួន ទៅ នៅ​ប្រទេស​ថៃ​រហូត លុះ​ត្រឡប់​ចូល​ស្រុក​វិញ​ក្នុងឱកាស​បុណ្យ ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​នា​ឆ្នាំនេះ ក៏ត្រូវ​កម្លាំង​ជំនាញ​ចាប់ខ្លួន​តាម​ដីកា​តែម្ដង​។​

​ជាមួយនឹង​ការចាប់ខ្លួន ពិរុទ្ធជន​ខាងលើនេះ ជនសង្ស័យ​ដែលជា​ពិរុទ្ធជន បាន​បង្ហើប​នូវ​រឿងរ៉ាវ​ខ្លះៗ ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​នូវ​អំពើ​ប្លន់​មែន ហើយ​ក្រោយពេល​ប្រព្រឹត្ត​បទល្មើស​រួច ខ្លួន​ក៏បាន​រត់គេច​ទៅសម្ងំ​លាក់ខ្លួន​នៅ​ប្រទេស​ថៃ​រហូត ដែល​មកទល់នឹង​ពេលនេះ មាន​រយៈពេល​១៧​ឆ្នាំ​ហើយ​។ ប៉ុន្តែ​ក្នុង​រយៈពេល​នៃ​ការរត់​គេចខ្លួន​នេះ ខ្លួន​ធ្លាប់​ចរចា​ជាមួយ​មន្ត្រីនគរបាល​នៅ​ស្រុក​គាស់ក្រឡ (​សុំ​មិន​បញ្ចេញ ឈ្មោះ​) ដើម្បី​បញ្ចប់​សំណុំរឿង​ជា​ថ្នូរ​នឹង​ការ​សូក​លុយ​រាប់លាន​រៀល​។​

ជនសង្ស័យ រូបនេះ​បាន​និយាយ​បន្តថា ខ្លួន​បាន​សូកលុយ​ជូន​មន្ត្រីនគរបាល​ម្នាក់ នៅ​ស្រុក​គាស់ក្រឡ និង​បងថ្លៃ​របស់ ខ្លួន​ម្នាក់ទៀត​ដែលជា​សមត្ថកិច្ច​ដែរ និង​មាន​ឋានៈ​ស្មើ​អធិការ ដើម្បី​ឲ្យ​ជួយ​រត់ការ​បញ្ចប់​សំណុំរឿង​បទឧក្រិដ្ឋ​នេះ ហើយ​មន្ត្រីនគរបាល​ទាំងនោះ​ក៏បាន​អះអាង​ធានា​បញ្ចប់​សំណុំ​រឿងនេះ​ជាមួយ​តុលាការ​រួចរាល់​ហើយ​ដែរ ប៉ុន្តែ​នៅពេល​ខ្លួន​ត្រឡប់​ពី​ប្រទេស​ថៃ​មក​ស្រុកកំណើត ដើម្បី​ចូលរួម​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ នា​ឆ្នាំនេះ​ក៏ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែម្ដង។​

ជននេះ​ក៏បាន​និយាយ​ដែរ​ថា តាមពិត​ខ្លួន​មិន​នឹកស្មានថា នៅជាប់​ទោសទណ្ឌ​បែបនេះ​ទេ ព្រោះ​សំអាងថា បាន​បង់លុយ​ឲ្យ​មន្ត្រីនគរបាល​រាប់សិប​លាន​រួចហើយ​ក្នុងការ​រត់ការ ដើម្បី​បញ្ចប់រឿង​រួចហើយ ទើប​ខ្លួន​ហ៊ាន​ចូល​ស្រុក តែ​បែរជា​នៅតែ​ជាប់ទោស​ដដែល ។

ទោះបីជា​យ៉ាងនេះ​ក៏ដោយ បើតាម​មន្ត្រី​ផ្នែក​អនុវត្ត​ដីកា​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដែល​ដឹកនាំ​ដោយ​លោក វរសេនីយ៍ត្រី កង សុ​ផា​ណ្ណា នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ គឺ ក្រោយ​អនុវត្ត​ដីកា កម្លាំង​ជំនាញ​បាន​បញ្ជូន​ជនល្មើស​រូបនេះ​ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ហើយ ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu