បន្ទាយមានជ័យ ៖ ផ្ទះ១ខ្នង ទើបនឹងសាងសង់ថ្មីៗអស់លុយរាប់លានបាត ដែលជាលុយញើសឈាមបានមកពី ឪពុក ម្តាយនិងកូនពួតដៃគ្នាទៅធ្វើកម្មករនៅស្រុកថៃ ត្រូវបានរន្ទះបាញ់ឆេះខ្ទេច ខ្ទីអស់គ្មានសល់មួយប៉ប្រិចភ្នែក កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅភូមិស្រណាល ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ តែក្នុងរន្ទះបាញ់នោះមិនប៉ះពាល់ដល់មនុស្សទេ។
លោករ័ត្ន ដាស៊ីណង់អភិបាលស្រុកមង្គលបូរីបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ងីន ងិក និងប្រពន្ធឈ្មោះ កែវ ថងឌី រស់នៅភូមិស្រណាល ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោករ័ត្ន ដាស៊ីណង់បានបញ្ជាក់ឲ្យដឹងទៀតថា បើតាមការអះអាងរបស់ម្ចាស់ផ្ទះ បានប្រាប់ថា ផ្ទះរបស់គាត់ ដែលឆេះនោះ មាន ទំហំ ៧ម៉ែត្រ គុណ ៨ម៉ែត្រ ធ្វើអំពីថ្មក្រោម លើឈើ បានមកពីការពួតដៃគ្នាជាមួយគ្រួសារទៅធ្វើការនៅស្រុកថៃសន្សំបានលុយម្តងបន្តិចៗយកមកកសាងផ្ទះនេះចំណាយធ្វើអស់ខ្ទង់លានបាត។
គាត់បានបញ្ជាក់ឲ្យដឹងទៀតថា ដីរបស់គាត់នេះ ធ្លាប់មានបញ្ហារន្ទះបាញ់២លើកកន្លងមកហើយ ដោយសារតែគ្មានដីធ្វើគាត់បន្តធ្វើនៅលើដីនេះ ហើយផ្ទះនេះធ្វើរួចរាល់អស់ហើយ រកតែវេលាល្អដើម្បីធ្វើពិធីឡើងនៅ ស្រាប់តែនៅថ្ងៃទី១៥ជាថ្ងៃចូលឆ្នាំទី២ នៅវេលាម៉ោងជិត៤ល្ងាច ក៏មានភ្លៀងខ្លាំង អមទៅដោយខ្យល់កន្ត្រាក់មួយសន្ទុះផ្ទះរបស់គាត់ត្រូវរន្ទះបាញ់ចំឆេះយ៉ាងសន្ធោសន្ធៅទាំងមេឃនៅតែភ្លៀង។ ស្របពេលនោះដោយសារតែផ្លូវឆ្ងាយពីទីរួមខេត្តឡានទឹករបស់ស្នងការមិនអាចមកជួយពន្លត់បានមួយម៉ោង ក្រោយមកផ្ទះរបស់គាត់ឆេះអស់ទាំងស្រុង។
បើតាមការប៉ាន់ស្មានរបស់សមត្ថកិច្ចរបស់របរ ដែលខូចខាតរួមមាន ផ្ទះ១ខ្នងទើបតែធ្វើរួច និងទ្រព្យសម្បត្តិនៅក្នុងផ្ទះ បើគិតជាទឹកប្រាក់អស់រាប់លានបាតឯណោះ។ លោកងីន ងិក និងប្រពន្ធឈ្មោះ កែវ ថងឌី ថា ដីនេះគាត់បោះបង់ចោលហើយគាត់ឈប់ធ្វើផ្ទះនៅបន្តទៀតហើយ នេះជាលើកទី៣ហើយ ត្រូវរន្ទះបាញ់៕
Source: Kampuchea Thmey Daily
0 Comments