ឧត្តរមានជ័យ៖ ភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ បានវាយប្រហារទៅលើឃុំជើងទៀន ក្នុងស្រុកចុងកាល់ កាលពីវេលាម៉ោង០៦និង៣០នាទីល្ងាច ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ បណ្ដាលឲ្យលំនៅឋាន របស់ប្រជាពលរដ្ឋចំនួន០៤ខ្នង ត្រូវរងការខូចខាត ក្នុងនោះមាន០១ខ្នង បានខូចខាតទាំងស្រុង និង០៣ខ្នងទៀតខូចខាតមធ្យម។
បើតាមលោកវរសេនីយ៍ទោ រី ធារិទ្ធ អធិការនគរបាលស្រុកចុងកាល់បានឲ្យដឹងថា កាលពីវេលាកើតហេតុខាងលើ មានភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បានវាយប្រហារផ្ទះប្រជាពលរដ្ឋចំនួន០៤ខ្នង ក្នុងស្រុកចុងកាល់ ដែលធ្វើឲ្យផ្ទះប្រជាពលរដ្ឋចំនួន០៤ខ្នង រងការខូចខាត ព្រមទាំងផ្ទះ០១ខ្នង ត្រូវបានបាក់ទាំងស្រុងផងដែរ។
លោកអធិការបានបន្តថា ពលរដ្ឋ ដែលរងគ្រោះ ដោយគ្រោះធម្មជាតិរួមមាន ទី១-ឈ្មោះ ណាត ឆុនភេទប្រុសអាយុ២២ឆ្នាំ ស្ថិតនៅភូមិគោកត្រាង ឃុំជើងទៀន ស្រុកចុងកាល់ ផ្ទះឈើប្រក់ស័ង្កសី៤x៦ម៉ែត្រខូចខាតទាំងស្រុង ២-ឈ្មោះ រៀន គីណេត ភេទប្រុសអាយុ២៦ឆ្នាំ ស្ថិតនៅភូមិ ឃុំខាងលើផ្ទះឈើប្រក់ស័ង្កសី៥x៦ម៉ែត្ររបើកស័ង្កសី១ចំហៀង,ទី៣-ឈ្មោះ សៀន ប៉ិន ភេទប្រុស អាយុ២៨ឆ្នាំ ផ្ទះឈើប្រក់ស័ង្កសី៧x៨ម៉ែត្រលោតពីលើជើងតាំងដួល នៅភូមិ ឃុំខាងលើ ,ទី៤-ឈ្មោះហុង សុផាន ភេទប្រុស អាយុ៣២ឆ្នាំ ផ្ទះឈើប្រក់ស័ង្កសី ៦x៧ម៉ែត្រ នៅភូមិ ឃុំខាងលើ របើកស័ង្កសីហើយចំពោះករណីខាងលើ មិនបណ្តាលឲ្យប្រជាពលរដ្ឋរងរបួសនោះទេ។
លោកអធិការបានបន្តថា ក្រោយពេលកើតហេតុ សមត្ថកិច្ច និងអាជ្ញាធរ បានចុះស្រង់ស្ថិតិពលរដ្ឋរងគ្រោះ ព្រមទាំងរកកន្លែងសុវត្ថិភាព ជូនពលរដ្ឋរងគ្រោះផងដែរ។
សូមបញ្ជាក់ថា ខេត្តឧត្តរមានជ័យ រយៈពេល០១ខែចុងក្រោយនេះ អាកាសធាតុហាក់ឡើងកម្តៅខ្លាំង ដោយមិនមានភ្លៀងធ្លាក់ បណ្ដាលឲ្យពលរដ្ឋ ដែលប្រកបរបរធ្វើកសិកម្ម ត្រូវបានពន្យារពេលមួយរយ:ផងដែរ៕
Source: Kampuchea Thmey Daily
0 Comments