ភ្នំពេញ ៖ លុយ៣លាន ៥សែន ២ម៉ឺនដុល្លារអាមេរិក ដែលមានប្រភពចេញមកពីទីក្រុងហុងកុង ត្រូវបានបញ្ជូនទៅរក្សាទុកជាបណ្ដោះអាសន្ននៅធនាគារជាតិ នៃកម្ពុជាហើយ។
ចំណែកបុរសជនជាតិចិន៣នាក់ ដែលជាម្ចាស់លុយ ត្រូវបានចៅក្រមតុលាការសម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារប៉េហ្ស៊ីភ្នំពេញជាបណ្ដោះអាសន្នដែរ ក្រោមការចោទប្រកាន់ពីបទ ចរាចរហិរញ្ញប្បទានភេរវកម្ម។
ជនត្រូវចោទដែលតុលាការឃុំខ្លួនទី១-ឈ្មោះ Wang Shiping ប្រើលិខិតឆ្លងដែនលេខEC9259330 មុខរបរ មិនពិតប្រាកដ។ ទី២-ឈ្មោះ Wang Lichao កាន់ លិខិតឆ្លងដែន លេខED4367915 មុខរបរ មិនពិតប្រាកដ។ ទី៣-ឈ្មោះ Zhang Jian កាន់លិខិត ឆ្លងដែនលេខE 35414034 មិនមានលិខិតឆ្លងដែន ជាប់ខ្លួន មុខរបរមិនពិតប្រាកដ។
នេះបើតាមការបញ្ជាក់របស់ នាយឧត្ដមសេនីយ៍ គៀតច័ន្ទ ថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ។
តាមរបាយការណ៍អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ គោរពជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបញ្ជាក់ថា ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងជាសាច់ប្រាក់នេះ បានធ្វើឡើងកាលពី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នៅច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយបានឃាត់ខ្លួនជនជាតិ ចិន៣នាក់ធ្លាប់ធ្វើដំណើរទៅមកប្រទេសកម្ពុជាជាច្រើនលើកមកហើយ។
លទ្ធផល នៃការសាកសួរបានបង្ហាញថា ជនសង្ស័យ២នាក់ ពិតជាបានយកសាច់ប្រាក់សរុបចំនួន ៣.៥២០.០០០ដុល្លារអាមេរិក ចេញពីទីក្រុងហុងកុងមកកាន់ប្រទេសកម្ពុជាមែន ដោយអះអាងថា ដើម្បីវិនិយោគលើវិស័យអចលនទ្រព្យ និងសណ្ឋាគារហើយថា ប្រភពនៃសាច់ប្រាក់នោះ គឺបានមកពីការឈ្នះល្បែងនៅម៉ាកាវ ខ្ចីបងប្អូន និងខ្លះទៀតបានមកពីផលចំណេញក្រុមហ៊ុន ប៉ុន្តែសុទ្ធតែគ្មានឯកសារបញ្ជាក់៕
Source: Kampuchea Thmey Daily
0 Comments