ឧត្តរមានជ័យ ៖ សមត្ថកិច្ចបានទទួលព័ត៌មានថា មានមនុស្សដេកស្លាប់នៅក្នុងបន្ទប់ កាលពីវេលាម៉ោង០៦និង០០នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅភូមិដូនកែន សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ក្រោយពីសមត្ថកិច្ចទទួលព័ត៌មានភ្លាមៗ កម្លាំងផែននគរបាលព្រហ្មទណ្ឌ បានចាត់កម្លាំងជំនាញការិយាល័យបច្ចេកទេស ដឹកនាំដោយ លោកវរសេនីយ៍ឯក រឹម សាវ ម៉ៅ នាយការិយាល័យបច្ចេកទេស សហការជាមួយកម្លាំងអធិការក្រុង ចុះពិនិត្យសាកសពនៅកន្លែងកើតហេតុ។
សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះមាន ឈ្មោះ ទី លាងឆាយ ភេទប្រុស អាយុ៣០ឆ្នាំរស់នៅភូមិទួលដូនគាំ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល(ស្នាក់នៅភូមិកើតហេតុខាងលើ)។
ក្នុងនោះដែរ សពជនរងគ្រោះស្លៀកខោលីអូ ពណ៌ប្រផេះ អត់អាវ ផ្នែកក្បាល,ក និងរាងកាយ មុខក្រោយ ចំហៀង ពុំមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យពាក់ព័ន្ធបទល្មើសនោះទេ។
ឆ្លងតាមការបំភ្លឺពីឈ្មោះ ទី មួយឡាយ ភេទប្រុស អាយុ២២ឆ្នាំ (ត្រូវជាប្អូនបង្កើតរបស់សាកសព) មានទីលំនៅភូមិទួលដូនគាំ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល បានឲ្យដឹងថា ខ្ញុំនាំបងប្អូនចេញពីស្រុកមកទិញដីផ្ទះ រកស៊ីលក់នំប៉័ងរយៈពេល៣ឆ្នាំ មកហើយ លុះមកដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល២២និង៣០នាទី បាននាំគ្នាផឹកស្រាបៀរអស់មួយកេះកន្លះ រួចនាំគ្នាចូលដេកបន្ទប់រៀងៗខ្លួនទៅ។
លុះដល់ព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង០៥ព្រឹក ខ្ញុំក្រោករៀបនំ មិនឃើញ បង ក៏ទៅដាស់មិនភ្ញាក់មិនឮមាត់ ទ្វារជាប់គន្លឹះពីខាងក្នុង ខ្ញុំក៏ហៅប្អូនថ្លៃជួយហៅក៏មិនឮមាត់ ទើបនាំគ្នាគាស់ទ្វារចូលឃើញបងដេកស្លាប់នៅលើគ្រែ រួចខ្ញុំក៏រាយការណ៍ជូនសមត្ថកិច្ច។ តាមការសន្និដ្ឋានរបស់កម្លាំងជំនាញ ជនរងគ្រោះស្លាប់ដោយសារខ្យល់គរពិតប្រាកដមែន។
ក្រោយពីសមត្ថកិច្ចពិនិត្យសាកសពរួច កម្លាំងជំនាញបានធ្វើកំណត់ហេតុប្រគល់សាកសពជូនទៅ
សាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments