ស្វាយរៀង ៖ បែកធ្លាយរឿងស្ត្រីម្នាក់ឆ្លងទន្លេហើយបានស្លាប់ទាំងម្ដាយ និងទារកនៅក្នុងផ្ទៃ ប្ដី និងកូនស្រីចោទថា ពេទ្យមិនយកចិត្តទុកដាក់ជួយសង្គ្រោះ ដោយគ្មានវេជ្ជបណ្ឌិតប្រចាំការទុកជនរងគ្រោះឲ្យស្លាប់នៅក្រៅបន្ទប់សម្រាល។
ករណីបែកធ្លាយនេះ កើតឡើងនៅវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។
បើតាមកូនស្រីឈ្មោះផាង លីឌីន អាយុ២០ឆ្នាំ ដែលនៅជាប់ជាមួយម្ដាយបានឲ្យដឹងថា ម្តាយនាងឈ្មោះផន សាវរី អាយុ៤០ឆ្នាំ មានកូនស្រី៣នាក់ រូបនាងជាកូនទី២ កូនស្រីម្នាក់ទៀតស្លាប់ក្នុងផ្ទៃជាមួយម្តាយ ជាកូនទី៤ រស់នៅភូមិត្រពាំងថ្នា ឃុំរាជ្យមន្ទីរ ស្រុកកំពង់រោទិ៍។ ម្តាយនាងគ្រប់ខែឆ្លងទន្លេឪពុកនាងបានដឹកមកដល់មន្ទីរពេទ្យខេត្តស្វាយរៀងផ្នែកសម្ភពនៅថ្ងៃទី២៥ ខែមេសាឆ្នាំ២០១៩វេលាម៉ោង១១និង០០នាទីយប់ ពេលនោះគ្រូពេទ្យវាស់ឈាមនិងពិនិត្យចង្វាក់បេះដូងរួចបន្តោងសេរ៉ូម។ រហូតដល់ថ្ងៃទី២៦ ខែមេសា វេលាម៉ោង៧និង០០នាទីព្រឹកគ្រូពេទ្យឲ្យនាំម្តាយចុះទៅអេកូ ពេលទៅដល់កន្លែងអេកូ គ្រូពេទ្យប្រចាំការស្ដីបន្ទោស ដោយប្រើពាក្យមិនសមរម្យទៅលើអ្នកកំដរថា ស្នើនឹងមានអ្នកអេកូឯណាទាំងព្រឹក កូនស្រីក៏គ្រាម្តាយឡើងទៅជាន់ទី២វិញ។
ប្រភពដដែលបន្តទៀតថា សូម្បីតែដែកព្យួរសេរ៉ូម គ្រូពេទ្យបានប្រើកូនជនរងគ្រោះទៅរកយកដែកព្យួរសេរ៉ូមខ្លួនឯងដែរ បន្តោងសេរ៉ូមហើយទៅបាត់រហូតដល់ម៉ោង៩ព្រឹកទើបបានអេកូពោះ។ នៅវេលាម៉ោង១រសៀល បុរសជាប្តីនិងកូនបានសួរគ្រូពេទ្យថា សភាពម្តាយនាងដូចជាមិនល្អទេ បើយ៉ាងណាសូមធ្វើការវះកាត់ទៅ គ្រូពេទ្យឆ្លើយថា មិនអីទេ ទុករហូតដល់ម៉ោង៤រសៀលម្ដាយនាងប្រាប់ថា គាត់ធ្វើទុក្ខក្នុងខ្លួនខ្លាំងក្ដៅក្នុងខ្លួនខ្សោះទឹក ប្រាប់ពេទ្យទៅបើមិនកើតទេឲ្យពេទ្យវះកាត់ទៅនាងនិងម្តាយធំឃើញស្ត្រីរងគ្រោះធ្វើទុក្ខខ្លាំងត្រូវការជំនួយពីគ្រូពេទ្យ បានរត់រកគ្រូពេទ្យឲ្យមកមើលជួយសង្គ្រោះ ក៏ប៉ុន្តែគ្មានគ្រូពេទ្យប្រចាំការទេ រីឯគ្រូពេទ្យម្នាក់មកដល់ប្រាប់ថា មិនអីទេឲ្យម្តាយគាត់អង្គុយលើកន្ថោរខាងមុខបន្ទប់រង់ចាំ ប្រាប់ថា រង់ចាំគ្រូពេទ្យមកសិន លុះដល់ម៉ោង៥និង០០នាទីល្ងាចថ្ងៃទី២៦មេសា ម្តាយគាត់ស្រែកថ្ងូរថា ចុកខ្លាំង និងវិលមុខនាងខំរត់ទៅរកគ្រូពេទ្យគ្មានឃើញគ្រូពេទ្យប្រចាំការម្នាក់ទេ ម្ដាយនាងក៏ចុករហូតបែកពពុះមាត់ស្លឈាមខ្លួនឡើងខ្មៅ ប្រកាច់ដួលនៅខាងមុខបន្ទប់ ទើបគ្រូពេទ្យមកសែងចូលក្នុងបន្ទប់ដើម្បីសង្គ្រោះ តែអ្វីវាហួសពេលទៅហើយម្តាយនាងបានដាច់ខ្យល់ស្លាប់ និងស្លាប់ទាំងកូនក្នុងផ្ទៃតែម្តង។ ពេទ្យមកដល់ហើយអង្អែលក្បាលថាកាត់ចិត្តទៅគ្រូពេទ្យជួយអស់លទ្ធភាពហើយ តែមិនអាចជួយបាន។ តាមពិតគ្មានគ្រូពេទ្យប្រចាំការទេ ម្តាយនាងស្លាប់រួមនឹងកូនក្នុងផ្ទៃក៏ស្លាប់គឺដោយការធ្វេសប្រហែស និងមិនយកចិត្តទុកដាក់របស់គ្រូពេទ្យ។
បុរសជាប្តីឈ្មោះផាងសំអុល អាយុ៤៥ឆ្នាំ បានចោទប្រកាន់ថា មកពីពេទ្យមិនយកចិត្តទុកដាក់ហើយធ្វេសប្រហែសធ្វើឲ្យប្រពន្ធគាត់ស្លាប។ បុរសជាប្តីនិងកូនៗ បានអំពាវនាវដល់រាជរដ្ឋាភិបាលមេត្តាយរកយុត្តិធម៌ឲ្យសពប្រពន្ធ និងកូនគាត់ផង។
ទាក់ទិនករណីខាងលើនេះដែរនៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះមានកិច្ចប្រជុំផ្ទៃក្នុងមួយនៅសាលប្រជុំអគារសម្តេចម៉ែនៃមន្ទីរពេទ្យខេត្តស្វាយរៀង ដោយមានការអញ្ជើញជាអធិបតីពីលោកតូច ប៉ូលីវ៉ា អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង និងលោកចាន់ដារ៉ា នាយកមន្ទីរពេទ្យខេត្ត លោកវេជ្ជបណ្ឌិត និងគ្រូពេទ្យផ្នែកសម្ភពជាច្រើនរូប។ កិច្ចប្រជុំផ្ទៃក្នុងនេះ មិនអនុញ្ញាតឲ្យអ្នកសារព័ត៌មានបានចូលស្តាប់ឡើយរហូតដល់ម៉ោង៤និង៣០នាទីរសៀលកិច្ចប្រជុំបានបញ្ចប់។
អ្នកសារព័ត៌មានយើងបានសុំសម្ភាសន៍លោកចាន់ដារ៉ា នាយកមន្ទីរពេទ្យខេត្ដដែរ ក៏ប៉ុន្តែលោកសុំមិនឆ្លើយ ឲ្យសួរទៅលោកវេជ្ជបណ្ឌិតកែរ រដ្ឋានាយកមន្ទីរសុខាភិបាលខេត្តវិញ។
លោកវេជ្ជបណ្ឌិតកែររដ្ឋា នាយកមន្ទីរសុខាភិបាលខេត្តមានប្រសាសន៍ថា ស្ត្រីរងគ្រោះស្លាប់ដោយជំងឺគាំងបេះដូង មិនមែនស្លាប់ដោយសារពេទ្យធ្វេសប្រហែស ឬពេទ្យមិនយកចិត្តទុកដាក់នោះទេ។បើតាមការពិនិត្យតាមដានស្ថានភាពផ្ទៃពោះ និងតាមការមើលអេកូគឺសភាពធម្មតា អាចសម្រាលតាមធម្មជាតិបាន ហើយបញ្ហាស្បូនគឺមិនទាន់បើក គ្រូពេទ្យក៏បានដាក់ថ្នាំឲ្យបើកស្បូន គឺស្បូនបើកបាន០៣សង់ទីម៉ែត្រ ទើបទុកឲ្យកើតតាមធម្មជាតិ មិននឹកស្មានថាចៃដន្យស្ត្រីរងគ្រោះមានជំងឺគាំងបេះដូងកើតឡើងធ្វើឲ្យគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន ដូច្នេះជនរងគ្រោះស្លាប់ដោយជំងឺគាំងបេះដូង។
បើតាមមន្ត្រីសុខាភិបាលម្នាក់បង្ហើបឲ្យដឹងថា លោកវេជ្ជបណ្ឌិតយក់ ពុទ្ធវិសាល គ្រូពេទ្យព្យាបាលផ្នែកសម្ភពទទួលវេនប្រចាំការ គឺមានការធ្វេសប្រហែស និងនាំឲ្យមានកំហុសបច្ចេកទេស ហើយនេះជាលើកទី២ហើយ ដែលលោកវេជ្ជបណ្ឌិតរូបនេះ មានកំហុសបច្ចេកទេសនៅក្នុងឆ្នាំ២០១៨ មានការធ្វេសប្រហែសបណ្ដាលឲ្យមានអ្នកជំងឺស្លាប់ម្នាក់ដែរ ដោយមហាជនសង្កេតឃើញថា បើមានអ្នកជំងឺឬអ្នកឆ្លងទន្លេចំវេនល្ងាចថ្ងៃសុក្រនិងថ្ងៃសៅរ៍ អាទិត្យគឺច្រើនតែខ្វះលោកវេជ្ជបណ្ឌិតប្រចាំការ។
ទាក់ទិនករណីខាងលើនេះ មិនអាចសុំការបំភ្លឺពីលោកវេជ្ជបណ្ឌិតយក់ ពុទ្ធវិសាល បានទេមកដល់ល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះ៕
Source: Kampuchea Thmey Daily
0 Comments