Ad Code

សាលា​ខណ្ឌ​ទួលគោក ​បាន​រើអីវ៉ាន់​ចេញ​ និង​ផ្លាស់ប្ដូរ​មក​ទីតាំង​ថ្មី​ហើយ ក្រោយពី​គេ​លក់​កាលពី​៧​ឆ្នាំមុន​



​ភ្នំពេញ ​៖ អគារ​រដ្ឋបាល​ខណ្ឌ​ទួលគោក​(​សាលា​ខណ្ឌ​ទួលគោក​)​ ត្រូវ​បាន​មន្ត្រី​ដែល​បម្រើ​ក្នុង​អគារ​នេះ ​រើអីវ៉ាន់​ចេញ​ និង​ផ្លាស់ប្ដូរ​មកកាន់​ទីតាំង​ថ្មី​ហើយ ក្រោយពី​អគារ​ចាស់ ​ត្រូវបាន​គេ​លក់​កាលពី​៧​ឆ្នាំមុន​។​

អគារ​រដ្ឋបាល​ខណ្ឌទួលគោក​ថ្មី មាន​ទីតាំង ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​៥៩៦ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌ​ទួលគោក (​ខាងលិច​វិទ្យាល័យ​ឥន្ទ្រ​ទេវី​)។

អគារ​រដ្ឋបាល​ខណ្ឌ​ទួលគោក​ថ្មី​នេះ មាន​កម្ពស់​៧​ជាន់ បំពាក់​ដោយ​ជណ្ដើរ​យន្ត បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​មន្ត្រីរាជការ ក្នុង​ការ​បំពេញ​ការងា​រ​។ ក្នុងនោះ​សម្រាប់​ការិយាល័យ​ច្រកចេញចូល​តែមួយ​ខណ្ឌ ស្ថិតនៅ​ជាន់​ក្រោម ​នៃ​អគារ​រដ្ឋបាល​នេះ​ផង​ដែរ ដើម្បី​បម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ​បាន​ល្អ​ប្រសើរ​។

មន្ត្រី​រដ្ឋបាល​ខណ្ឌ​ទួលគោក​បាន​ឲ្យ​ដឹងថា អគារ​រដ្ឋបាល​ខណ្ឌ​ទួលគោក​ចាស់ មាន​ទីតាំង​ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវ​ទេព​ផន ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ត្រូវបាន​គេ​សម្រេច​លក់​ដោយ​បាន​ចេញ​ ស ជ ណ​ នៅ​ឆ្នាំ​២០១២ ប៉ុន្តែ​ដោយ​ការរក​ទីតាំង​អគារ​រដ្ឋបាល​ថ្មី​មិនទាន់បាន​នៅឡើយ ក៏​នៅ​បន្តធ្វើ​ការងារ​នៅក្នុង​អគារ​ចាស់​នេះ​រហូតមក លុះ​មកដល់​ចុងខែ​មេសា​នេះ ពោល​គឺ​ក្រោយពី​អគារ​ថ្មី​ត្រូវ​បាន​សាងសង់​រួចរាល់ ទើប​មន្ត្រី​សាលាខណ្ឌ​ទួលគោក​ធ្វើការ​រុះរើ​សម្ភារៈ​បម្រើ​ការងារ​មក​ដា​ក់​នៅ​ទីតាំង​ថ្មី នេះ​តែម្ដង​។​

អគារ​រដ្ឋបាល​ខណ្ឌ​ទួលគោក​ថ្មី ដែល​ត្រូវបាន​រឿង​មក​បំពេញការងារ​នេះ អគារ​កម្ពស់​រហូត​ទៅ​ដល់ ៧​ជាន់ ​និង​បំពាក់​ទៅ​ដោយ​ជណ្តើរ​យន្ត​ទំនើប ប៉ុន្តែ​អ្វីដែល​ធ្វើ​ឲ្យ​មន្ត្រី​មួយ​ចំនួន​មានការ​មានការ​ទើសចិត្ត​នោះ ​គឺ​ដោយសារ​ទីតាំង​ថ្មី​នេះ​មាន ទីតាំង តូច​ចង្អៀត ពិបាក​ចូល​ចត និង​ពិបាក​ដាក់​សម្ភារៈ​ផ្សេងៗ​ទៀត។​

គួរបញ្ជាក់​ផងដែរ​ថា នៅក្នុង​អាណាចក្រ​ខណ្ឌទួលគោក​មាន អគារ​រដ្ឋបាល​ជាច្រើន​កន្លែង​ត្រូវបាន​គេ​លក់​ធ្វើការ​ដោះដូរ ក្នុងនោះ​មាន​ទាំង អគារ​រដ្ឋបាល​ខណ្ឌ​ទួលគោក អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួល​គោក សាលាសង្កាត់​បឹង​កក់​ទី​១ សាលាសង្កាត់​បឹង​កក់​ទី​២ និង​ប៉ុស្តិ៍​ប៉ូលីស​រដ្ឋបាល​ផ្សារ​ដេប៉ូ​ទី​២​ជា​ដើម ហើយ​ទីតាំង​ដែល​គេ​លក់​នោះ​សុទ្ធតែ​ទីតាំង​នៅ​លើ​មហាវិថី​ធំៗ មាន​តំលៃ​ថ្លៃៗ ដែល​អាច​បើក​អាជីវកម្ម​រកស៊ី ជា​ខ្នាត​ធំៗ​បាន​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu