Ad Code

ព្រឹក​នេះ សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី​ អញ្ជើញ​ទទួល​ជួប​សវនាការ​ផ្លូវរ​ជាមួយ​លោកស្រី អោ​ង សាន​ស៊ូ​ជី នៅ​វិមាន​សន្តិភាព​



​ភ្នំពេញ ​៖ នៅវេលា​ព្រឹក​ថ្ងៃ​អង្គារ នេះ សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ធ្វើ​សវនាការ​ជា​ផ្លូវការ​ជាមួយ​ លោកស្រី អោ​ង សាន​ស៊ូ​ជី (Aung San Suu Kyi) ទីប្រឹក្សា​រដ្ឋ នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា នៅ​វិមាន​សន្តិភាព ក្នុងឱកាស​ដែល​លោកស្រី​បាន​ដឹកនាំ​គណៈប្រតិភូ មក​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា រយៈពេល​៣​ថ្ងៃ តាម​ការអញ្ជើញ​របស់ ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

លោកស្រី Aung San Suu Kyi បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃទី​២៩ ខែ​មេសា ដល់​០១ ខែឧសភា ឆ្នាំ​២០១៩ ហើយ​នៅក្នុង​អំឡុង​ពេល​ទស្សនកិច្ច​នេះ ក្រៅ​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​ សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោកស្រី អោ​ង សាន​ស៊ូ​ជី នឹង​ចូល​បង្គំ​គាល់​ព្រះករុណា ព្រះបាទ សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្ដីថ្លៃថ្នូរ និង​សុភមង្គល នៅ​ក្នុង​ព្រះ​បរមរាជវាំង ហើយ​លោកជំទាវ ក៏​នឹង​ចូល​ជួប​សម្ដែង​ការគួរ​សមជា​បន្តបន្ទាប់ ជាមួយ​សម្ដេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា និង ​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ផងដែរ​។
​​
នៅក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​ដែរ លោកជំទាវ Aung San Suu Kyi នឹង​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​ស្តូប​វិមានឯករាជ្យ និង​ព្រះ​មណ្ឌប​ព្រះ​បរម​រតន​កោដ្ឋ អតីត​ព្រះមហាក្សត្រ​កម្ពុ​ជា ហើយ​នៅ​ចុង​បញ្ចប់ ​នៃ​ដំណើរ​ទស្សនកិច្ច លោកជំទាវ នឹង​អញ្ជើញ​ទៅ​ទស្សនា​ប្រាសាទ​មួយចំនួន នៅ​ខេត្តសៀមរាប​។​

ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ លោក​ជំទាវ អោ​ង សាន​ស៊ូ​ជី នៅ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ពង្រឹង និង​ពង្រីក​ថែមទៀត​នូវ​ចំណងមិត្តភាព និង​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​វិស័យ ព្រមទាំង​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន និង​ពហុភាគី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu