Ad Code

ឃាត់ខ្លួន​អ្នកលេង​ល្បែង​បញ្ជល់​មាន់​២​នាក់ ​នៅ​ស្រុក​ចំការលើ​



​កំពង់ចាម​ ៖ កម្លាំង​អធិការ​នគរបាល​ស្រុក​ចំការលើ ​បាន​ឃាត់ខ្លួន​អ្នកលេង​ល្បែង​បញ្ជល់​មាន់​ចំនួន​ពីរ​នាក់ ​និង​ដកហូត​វត្ថុតាង​មួយចំនួន ​ដើម្បី​បំពេញ​សំណុំ​បែបបទ​តាម​នីតិវិធី​។​

លោក ប៉ែន ទៀន​ចំរើន អធិការ​នគរបាល​ស្រុក​ចំការលើ​បាន​ឲ្យ​ដឹង​ថា ​នៅ​ថ្ងៃទី​២៩ ខែ​មេសា ​ឆ្នាំ​២០១៩ វេលា​ម៉ោង​១៧​និង​៣០​នាទី មាន​ប្រជាពលរដ្ឋ​ល្អ​រាយការណ៍​ថា​ មាន​ករណី​លួច​លេង​ល្បែង​ស៊ីសង​ខុសច្បាប់ (​ជល់​មាន់​ភ្នាល់​លុយ​) នៅ​ចំណុច​ចម្ការ​កៅស៊ូ​ក្រុមហ៊ុន អាន ម៉ា​ឌី​គ្រុប ខាងជើង​ភូមិ​៣៥ ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ខេត្ត​កំពង់ចាម។​

ភ្លាមៗនោះ ​លោក​ឧត្ដមសេនីយ៍​ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម បាន​ដាក់​បទ​បញ្ជា​ដល់​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ ឲ្យ​ចុះ​ស្រាវជ្រាវ​បន្ទាន់ លើ​ករណី​ខាងលើនេះ។​

លោក​អធិការ​បាន​បន្ត​ថា ​នៅ​ថ្ងៃ​ដដែល​វេលា​ម៉ោង​១៨​និង​០០​នាទី កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ ដឹកនាំ​ដោយ​រូបលោក​ផ្ទាល់ ធ្វើការ​ចុះ​បង្ក្រាប​នៅ​ចំណុច​ខាងលើ។

ក្នុង​កិច្ចប្រតិបត្តិការ​ខាង​លើ​នេះ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ៖
១-​ឈ្មោះ ព្រុំ ប៊ី ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​បាំង​១ ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ខេត្ត​កំពង់​ចាម​។​ ២-​ឈ្មោះ លី រ៉ាវី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​បាំង​២ ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ខេត្ត​កំពង់ចាម​។​

ក្នុងនោះ ​សមត្ថកិច្ច​បាន​ដកហូត​ម៉ូតូ​ចំនួន​១៤​គ្រឿង ជញ្ជីង​ថ្លឹង​មាន់​ចំនួន​០១ ស្គុត​រុំ​ជើងមាន់​ចំនួន​០៥ មាន់ ​ងាប់​ចំនួន​០២​ក្បាល (​ឈ្មោល​) ខ្នាយ​មាន់​មួយ​គូ។​

លោក​អធិការ​បន្តថា​ ជនសង្ស័យ​ទាំង​០២​នាក់​ និង​វត្ថុតាង​ខាងលើ​ ត្រូវបាន​នាំយក​មកកាន់​អធិការ​ដ្ឋាន​នគរបាល​ចំការលើ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu