កំពង់ឆ្នាំង ៖ ដោយសារអាកាសធាតុក្តៅខ្លាំង សិស្សានុសិស្សលំបាករៀនសូត្រ លោកឧត្ដមសេនីយ៍ ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ បានបញ្ជាឲ្យលោកប្រធានការិយាល័យពន្លត់អគ្គិភ័យ សហការជាមួយកម្លាំងអធិការនគរបាលក្រុងកំពង់ឆ្នាំង ដឹកទឹក ចំនួន៦ឡាន ទៅបាញ់ស្រោចតាមទីធ្លា និងដំបូលសាលាបឋមសិក្សា គំរូក្រុងកំពង់ឆ្នាំង ស្ថិតក្នុងភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
លោកឧត្ដមសេនីយ៍ត្រី លុយ ឌីណា ស្នងការរងនគរបាលខេត្ត ទទួលបន្ទុកកគ្រប់គ្រង និងដឹកនាំ ការងារនេះបានឲ្យដឹងថា ដើម្បីធានាបានសុខុមាលភាពលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សកំពុងបង្រៀន និងរៀន ដែលកំពុងរងកម្ដៅខ្លាំងពីអាកាសធាតុ លោកស្នងការបានបញ្ជាឲ្យក្រុមរថយន្តពន្លត់អគ្គិភ័យដឹកទឹកចំនួន៦ឡាន មកបាញ់លើដំបូលសាលា និងក្នុងទីធ្លាសាលាគំរូក្រុង ក្នុងគោលបំណងឲ្យសិស្ស និងគ្រូ មានភាពត្រជាក់ត្រជុំអាចរៀនសូត្រ និងបង្រៀនបានងាយស្រួល។
លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសាលាបឋមសិក្សាគំរូក្រុងកំពង់ឆ្នាំង សូមថ្លែងអំណរគុណយ៉ាងជ្រាវ ជ្រៅដល់លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង និងមន្ត្រីនគរបាលខេត្ត និងក្រុង ដែលបានយកចិត្តទុកដាក់ដល់សុខុមាលភាពរបស់ពួកគាត់។
លោកគ្រូ អ្នកគ្រូ ក៏សុំជូនពរដល់លោកឧត្ដមសេនីយ៍ទោ ខូវ លី និង មន្ត្រីនគរបាលខេត្ត ក្រុង ទាំងអស់ សូមមានសុខភាពល្អ និងទទួលបានជ័យជំនះគ្រប់ភារកិច្ចដែលរាជរដ្ឋាភិបាលបានប្រគល់ឲ្យ ដើម្បីឲ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ៕
Source: Kampuchea Thmey Daily
0 Comments