ភ្នំពេញ ៖ ថ្នាក់ដឹកនាំមន្ទីរពេទ្យនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង តំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះមានកម្ពុជា វៀតណាម និងឡាវ ព្រមទាំងអ្នកជំនាញការ មកពីប្រទេសបារាំង កាលពីព្រឹកថ្ងៃទី២៩ ខែមេសាឆ្នាំ២០១៩ បានសហការគ្នាបើកកិច្ចប្រជុំអន្តរជាតិមួយដោយពិភាក្សាគ្នា អំពីការអភិវឌ្ឍដំណើរការវះកាត់ មិនសម្រាកពេទ្យ។
លោកសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែតបានមានប្រសាសន៍ថា តាមពិតទៅនេះមិនមែនជាការពិភាក្សាអំពីបច្ចេកទេសវះកាត់នោះទេ តែវាជាការកំណត់បែបបទនៃការអភិវឌ្ឍថ្មីមួយអំពីវិធីសាស្ត្រព្យាបាលដែលមានភាគច្រើនក្នុងជំនាញផ្សេងៗនៅប្រទេសយើង។មិនតែប៉ុណ្ណោះយើងក៏មានឱកាសស្វែងយល់ដែលមានតម្រូវការធំចម្បង និងរិះរកវិធីអភិវឌ្ឍស្ថាប័នរបស់មន្ទីរពេទ្យដោយសារកម្រិតជីវភាពរបស់ប្រជាពលរដ្ឋមានការរីកចម្រើន និងកើនឡើងគួរកត់សំគាល់។
ជាមួយគ្នានេះដែរកម្រិតតម្រូវការរបស់អតិថិជនក៏កាន់តែកើនឡើងដូចគ្នាដោយពួកគាត់បានដឹងពីបច្ចេកទេសវេជ្ជសាស្ត្រថ្មីៗពីប្រភពស្ថាប័នផ្សេងៗ និងទាមទារទទួលបានការព្យាបាលឆាប់ជាសះស្បើយត្រឡប់ទៅគេហដ្ឋានវិញ។
លោកសាស្ត្រាចារ្យ អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែតបានមានប្រសាសន៍ទៀតថា ការវះកាត់ដោយមិនសម្រាកពេទ្យនេះ នៅប្រទេសបារាំង ក៏ដូចជាប្រទេសជឿនលឿន កំពុងតែនិយមយ៉ាងខ្លាំង ដែលវាមានសារៈសំខាន់ធំធេង សម្រាប់អ្នកជំងឺ ដោយចំណេញទាំងសុខភាព និងពេលវេលា។
លោកសាស្ត្រាចារ្យបញ្ជាក់ថា ការវះកាត់ដោយមិនសម្រាកពេទ្យ គឺមានន័យថា ការវះកាត់ដែលប្រើប្រាស់ពេលវេលា តិចជាង១២ម៉ោង ហើយមិនមាន ការសម្រាកពេទ្យពេលយប់នោះទេ។
លោកសាស្ត្រាចារ្យបន្ថែមថា ការវះកាត់បែបនេះគឺជាកិច្ចការដែលប្រយ័ត្នប្រយែង និងប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាទំនើបបំផុតបូកផ្សំនឹងក្រុមវេជ្ជបណ្ឌិត ដែលជំនាញជាទីបំផុតផងដែរ។ព្រោះការវះកាត់តាមទម្លាប់ចាស់ គឺអ្នកជំងឺត្រូវសម្រាកពេទ្យ ចន្លោះពី៣ទៅ៥ថ្ងៃ ប៉ុន្តែជាមួយនឹងបច្ចេកវិទ្យា និងក្រុមវេជ្ជបណ្ឌិតជំនាញ យើងអាចវះកាត់ ដោយប្រើពេលសម្រាកពេទ្យ តែកន្លះថ្ងៃប៉ុណ្ណោះ ដែលបច្ចុប្បន្ននេះ មន្ទីរពេទ្យកាល់ម៉ែត បានដំណើរការវះកាត់ ជាបន្តបន្ទាប់ហើយ។
ជាមួយគ្នានោះដែរ លោកស្រី សាស្ត្រាចារ្យ កូរីន វន់ (Corinne Vons) ប្រធានសមាគមបារាំងផ្នែកវះកាត់មិនសម្រាកពេទ្យ និងជាគ្រូពេទ្យវះកាត់នៅមន្ទីរពេទ្យប៉ារីស បានឲ្យដឹងដែរថា ក្នុងនាមប្រធានសមាគម ពិតជាមានកិត្តិយសខ្លាំងណាស់ ដែលបាននាំយកបទពិសោធន៍នៅមនី្ទរពេទ្យ ប្រទេសបារាំង មកចែករំលែកជាមួយនឹងកម្ពុជា អំពីការវះកាត់ដោយមិនសម្រាកពេទ្យ មានន័យថា ការវះកាត់ក្រោម១២ម៉ោង ដែលអ្នកជំងឺអាចត្រឡប់ទៅផ្ទះបាន ហើយដែលជំនាញមួយនេះ បានធ្វើច្រើនណាស់នៅលើប្រទេសជឿនលឿនក្នុងពិភពលោក ជាពិសេសបារាំងស្ថិតក្នុងចំណោមប្រទេសទាំងអស់នោះ ដែលចូលរួមយ៉ាងសកម្មក្នុងការរៀបចំឲ្យមានសកម្មភាពក្នុងការវះកាត់ដោយមិនសម្រាកពេទ្យ។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះជាឱកាសដ៏ល្អ នឹងជាការជួបជុំសន្និសីទអន្តរជាតិរវាងប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ប្រើប្រាស់ភាសាបារាំង ជាមួយនឹងអ្នកជំនាញការបារាំង មានប្រទេសបារាំង កម្ពុជា ឡាវ និងវៀតណាម ដែលនិយាយអំពីប្រធានបទដ៏មានសារៈសំខាន់បំផុតមួយ ចំពោះបច្ចុប្បន្នភាព នៃពិភពលោកដែលកំពុងអភិវឌ្ឍនេះ គឺពិភាក្សាគ្នា ដោយការវះកាត់មិនចាំបាច់សម្រាកនៅក្នុងមនី្ទរពេទ្យដែលមានអត្ថប្រយោជន៍ធំធេង ដែរសព្វថ្ងៃនេះប្រទេសបារាំង កំពុងពេញនិយម ធ្វើការវះកាត់ប្រកបដោយសុវត្ថិភាព និងផលចំណេញចំពោះសុខភាព ក៏ដូចជាពេលវេលារបស់អ្នកជំងឺ៕
Source: Kampuchea Thmey Daily
0 Comments