Ad Code

អ្នកគាំទ្រ​ខ្មែរ​ដែល​ស្រលាញ់​ក្លិប​លី​គ​កំពូល​ប្រទេស​អង់គ្លេស​៤​ក្រុម​ណាត់គ្នា​ប្រកួត​មិត្តភាព​រក​ជំនួយ​ដល់​សាលា​មួយ​កន្លែង​នៅ​ខេត្តសៀមរាប



អ្នកគាំទ្រ​នៅ​ប្រទេស​កម្ពុជា ដែល​ស្រលាញ់​គាំទ្រ​ក្លិប​បាល់ទាត់ ៤ ដែល​ជា​សមាជិក​លី​គ​កំពូល​ប្រទេស​អង់គ្លេស​( Premier League) រួមមាន​ក្លិប Arsenal, Chelsea, Manchester City និង Tottenham Hotspur បាន​សហការ​គ្នា បង្កើត​កម្មវិធី​ប្រកួត​បាល់ទាត់​មិត្តភាព​មួយ ដើម្បី​ស្វែងរក​ថវិកា​ជួយ​ដល់​កុមារ​ក្រីក្រ ឲ្យ​ទទួល​បាន​ការសិក្សា​ល្អ នៅក្នុង​ទឹកដី​ខេត្តសៀមរាប​។

យោង​តាម​តំណាង​អ្នក​រៀបចំ​កម្មវិធី​នេះ​បាន​លើកឡើង​ថា ​គោលដៅ​នៃ​ការប្រកួត​គឺ​ដើម្បី​បង្កើន​មិត្តភាព ទំនាក់ទំនង រវាង​ក្រុម​អ្នក​ស្នេហា​បាល់ទាត់ ហើយ​ជាពិសេស​គឺ​ស្វែងរក​មូលនិធិ​ជួយ​ដល់​សាលាបឋមសិក្សា​មួយ​កន្លែង​នៅ​ខេត្តសៀមរាប​។ ចំណែក​កម្មវិធី​ប្រកួត នឹង​ធ្វើឡើង​ចាប់ពី​វេលា​ម៉ោង ៣​រសៀល ដល់​ម៉ោង ៦​ល្ងាច នៅ​ថ្ងៃអាទិត្យ ទី ០៥​ខែឧសភា ឆ្នាំ ២០១៩ នៅក្នុង​បរិវេណ​តារាង​បាល់ទាត់​កងទ័ពជើងទឹក ដែល​ស្ថិតនៅលើ​ផ្លូវជាតិ​លេខ ៦A ចុះ​ពី​ស្ពាន​ជ្រោយ​ចង្វារ​ប្រមាណ ២​គីឡូម៉ែត្រ នៅ​ខាងស្តាំ​ដៃ ទល់មុខ​សណ្ឋាគារ និង​ខារ៉ាអូខេ ណា​ហ្សា​តូ​។



ប្រភព​បាន​បន្ថែម​ថា ​អ្នកគាំទ្រ​ក្រុម​ទាំង ៤ គឺ Arsenal, Chelsea, Man City និង Tottenham Hotspur នឹងធ្វើ​ការប្រកួត​គ្នា ជា​លក្ខណៈ​វិលជុំ ដើម្បី​សន្សំ​ពិន្ទុ ស្វែងរក​ម្ចាស់​ជើងឯក​។ ទស្សនិកជន​អាច​ចូលរួម​ទស្សនា​បាន​ដោយ​សេរី​ផង​ដែរ​។ ក្រោយ​ការប្រកួត​ចប់ ក្រុម​ទាំង ៤ នឹង​ប្រមូល​ថវិកា ដែល​រៃអង្គាស បាន​ពី​អ្នកគាំទ្រ ទៅ​លៃលក​ទិញ​សម្ភារៈ​សិក្សា ដើម្បី​យក​ទៅ​ចែក​ដល់​សិស្សានុសិស្ស និង​លោកគ្រូ អ្នកគ្រូ ក្នុង​សាលាបឋមសិក្សា​ស្វាយ​ធំ ដែល​ស្ថិត​ក្នុងភូមិ​ស្វាយ​ធំ ឃុំ​គោក​ធ្លោ​ក ស្រុក​ជីក្រែង ខេត្តសៀមរាប​។

តំណាង​អ្នក​រៀប​ចំ​កម្មវិធី​ខាងលើ​បាន​បន្ថែមថា តាម​គម្រោង​ការនាំយក​សម្ភារៈ​សិក្សា ទៅ​ចែក​ដល់​សិស្សានុសិស្ស នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី ១២​ខែឧសភា ឆ្នាំ ២០១៩​។ លោកអ្នក​ដែល​ចង់​ដឹង​ព័ត៌មាន​លម្អិត ឬ​ចង់​ចូលរួម​ឧបត្ថម្ភ​ដល់​សិស្សានុសិស្ស​ក្រីក្រ អាចទាក់ទង​ទៅកាន់​លេខ​ទូរស័ព្ទ​៖ ០១២ ២០២ ៧០៣ ឬ ០៩៣ ២៥០ ៧០០៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu