Ad Code

ចិន​ដាច់យ៉ៃ​ម្នាក់​ ថ្លើមធំ​ហ៊ាន​យក​កាំបិត​ភ្ជង់.ក​ អ្នក​ដូរ​លុយ​បាន​មួយ​កាបូប​នៅ​ក្រុង​ប៉ោយប៉ែត​ត្រូវ​អាវុធហត្ថ​បង្ក្រាប



បន្ទាយ​មានជ័យ ៖ ជនជាតិ​ម្នាក់​មិន​ដឹង​ថា ​ដាច់យ៉ៃ​ប៉ុណ្ណា​ថ្លើមធំ​ហ៊ាន​យក​កាំបិត​តូច​ចុង​ស្រួច ភ្ជង់.ក​ស្ត្រី​ខ្មែរ​ប្តូរ​ប្រាក់​ម្នាក់​ ប្លន់​យក​កាបូប​លុយ​មិនបាន​សម្រេច ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត អន្តរាគមន៍​ទាន់​ឃាត់ខ្លួន​បាន​ភ្លាមៗ​នៅ​រសៀល​ថ្ងៃទី​២៩ ខែមេសា​ឆ្នាំ ២០១៩ នៅ​ចំណុច​ផ្លូវ​ដើម​ពុទ្រា ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ក្រោយពី​ឃាត់ខ្លួន​ហើយ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ចាត់​ការ​បន្ត​។



កម្លាំង​អាវុធហត្ថ​បាន​ប្រាប់​កម្ពុជា​ថ្មី​ដឹង​ថា ជនសង្ស័យ​ជនជាតិ ឈ្មោះ​. Li Shuai លី ហឿ​ហៅ អា​ជេរ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ស្នាក់នៅ​បណ្តោះ​អាសន្ន​បន្ទប់​លេខ​០២៤​សណ្ឋាគារ​លី ស្ថិតក្នុង​អូរជ្រៅ សង្កាត់​ប៉ោ​ប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ កម្លាំង​អាវុធហត្ថ​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​នៅមុន​ពេល​កើតហេតុ​នោះ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព ចូលក្នុង​តូប​ប្ដូរ​លុយ និង​លក់ទំនិញ​មួយកន្លែង ក្នុង​គោលបំណង​ប្លន់ ដោយមាន​ដាក់​កូនកាំបិត​ខ្លី​ក្នុង​កាបូបស្ពាយ​របស់​ខ្លួន​ត្រៀម​រៀបចំ​ជាស្រេច ហើយ​បន្លំ​ធ្វើជា​អ្នក​ប្ដូរប្រាក់ ពេល​ចូល​ទៅដល់​ក្នុង​តូប ជនសង្ស័យ​បាន​ដក​កាំបិត​ខ្លី​ភ្ជង់​បំពង់.ក​ប្លន់​យក​បាន​កាបូប​ដាក់​ប្រាក់​របស់​ជនរងគ្រោះ​ឈ្មោះ រ៉ុ​ម សុខឿន ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ដែល​ជា​ម្ចាស់​តូប​ប្ដូរប្រាក់ នៅ​ចំណុច​ផ្លូវ​ដើម​ពុទ្រា ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត រួច​រត់​គេច​ខ្លួន​តែម្ដង​ភ្លាមៗ​នោះ​ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ដឹកនាំ​កម្លាំង​តាម​ចាប់​និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាមៗ​តែម្ដង រួម​នឹង​វត្ថុ​តាង​កាបូបស្ពាយ​ពណ៌​ឈាមជ្រូក​ចំនួន​១​ក្នុង​នោះ​មាន​ប្រាក់​ជាក់ស្តែង​ក្នុង​កាបូប​ចំនួន​៥០,០០០​បាទ​ជា​របស់​ជនរងគ្រោះ​និង​វត្ថុ​តាង​កូនកាំបិត​ចុង​ស្រួច​ចំនួន​១​ជា​របស់​ជនសង្ស័យ​។



​ក្រោយពី​ធ្វើ​កំណត់ហេតុ​ហើយ​ ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ចំណែក​កាបូប​និង​ប្រាក់​របស់​ជនរងគ្រោះ​ កម្លាំង​អាវុធហត្ថ​បាន​ប្រគល់​ទៅ​ឲ្យ​ម្ចាស់​ដើម​វិញ​ហើយ​ផង​ដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu