ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងបែបនេះនៅក្នុងពិធីបូកសរុបលទ្ធផលការងារយោធាឆ្នាំ២០១៨ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធាឆ្នាំ២០១៩ នៅទីបញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ២ នៅខេត្តសៀមរាបកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត លើកឡើងថា “ការដំឡើងឋានន្តរសក្ដិចំពោះនាយទាហានដែលមានការតស៊ូជំនាន់មុនមិនខុសទេ ព្រោះការធ្វើកំណែទម្រង់នេះ គឺជាការលើកទឹកចិត្តចំពោះនាយទាហានដែលបានតស៊ូពីជំនាន់មុន ហើយកំណែទម្រង់របស់រាជរដ្ឋាភិបាលគឺមានជាជំហានៗនៅពេលក្រោយ”។
ការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើឡើងបន្ទាប់ពីសម្តេចតតេជោ ហ៊ុន សែន ផ្កាយមាស៥ផុតលេខ បានបញ្ជាក់ពីកំណែតម្រង់កងទ័ព ក៏ដូចជានគរបាល។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានគាំទ្រ និងកោតសរសើរចំពោះការហ្វឹកហ្វឺន ការ ពង្រឹងសមត្ថភាពកងទ័ព ការអប់រំចិត្តសាស្ត្រ ព្រោះការយកចិត្តទុកដាក់នេះគឺសំខាន់ណាស់សម្រាប់ប្រសិទ្ធភាពប្រយុទ្ធ និងការគ្រប់គ្រងសតិអារម្មណ៍។ សូមបន្តយកចិត្តទុកដាក់ក្នុងការបំពាក់ការថែទាំអាវុធយុទ្ធភណ្ឌ បច្ចេកទេស ការងារទូទៅឲ្យសមស្របទៅនឹងភារកិច្ច ការរៀបចំកម្លាំងត្រៀមប្រយុទ្ធ និងការហ្វឹកហ្វឺន។ ថ្វីត្បិតតែរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើកតម្កើងកិត្តិយស និងលើកស្ទួយកម្រិតជីវភាពរបស់កងទ័ព ប៉ុន្តែតម្រូវការកងទ័ពរបស់យើងគឺធំ ដូច្នេះការខិតខំបង្កបង្កើនផល ការងារធានាច្នៃប្រឌិតផ្សេងៗម្ចាស់ការលើខ្លួនឯងដើម្បីជីវភាពរស់នៅរបស់កងទ័ពគឺជាការងារចាំបាច់។
ជាមួយគ្នានេះ មេបញ្ជាការកងទ័ពជើងគោក សូមឲ្យកងពលធំអន្តរាគមន៍លេខ២ សហការជាមួយនឹងកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និងជាមួយភាគីមិត្តនៅតាមបណ្ដាព្រំដែនដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាព សន្តិសុខជូនប្រជាពលរដ្ឋនិងទប់ស្កាត់នូវអំពើខុសច្បាប់ផ្សេងៗ៕
Source: Kampuchea Thmey Daily
0 Comments