ភ្នំពេញ ៖ ដើម្បីអោយពិធីអបអរសាទរខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ០៨ ឧសភា ២០១៩ នៅពេលខាងមុខ ដំណើរការទៅដោយរលូននឹងទទួលបានជោគជ័យ រដ្ឋបាលរាជធានីភ្នំពេញថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំមួយ ដើម្បីត្រៀមកម្លាំងរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ឲ្យបានល្អប្រសើរក្នុងពិធីខាងលើ។
កិច្ចប្រជុំក្រោមការចូលរួមអធិបតីភាពលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីធានាឲ្យបាននូវដំណើរការនៃអង្គពិធីប្រជុំប្រព្រឹត្តទៅដោយរលូន និងរក្សាឲ្យបានសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនថ្នាក់ដឹកនាំ និងមហាជនចូលរួមក្នុងអង្គពិធី។
តាមគណៈកម្មាធិការកាកបាទក្រហមកម្ពុជា ដើម្បីត្រៀមរៀបចំខួបទី១៥៦ ទិវាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ខាងមុខនេះ ក្រោមប្រធានបទ«ខ្ញុំស្រលាញ់កាកបាទក្រហមកម្ពុជា-I Love Cambodian Red Cross»។
ទិវាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា និងអបអរខួប ១០០ឆ្នាំ នៃការបង្កើតសហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម អឌ្ឍចន្ទក្រហម (១៩១៩-២០១៩) នឹងប្រព្រឹត្តទៅនៅទីស្នាក់ការកណ្ដាល កាកបាទក្រហមកម្ពុជា នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានវត្តមានឥស្សរជន ថ្នាក់ដឹកនាំជាតិ អន្តរជាតិ និងសប្បុរសជនចូលរួមប្រមាណច្រើនពាន់នាក់៕
Source: Kampuchea Thmey Daily
0 Comments