កំពង់ឆ្នាំង ៖ សង្ក្រាន្តឆ្នាំថ្មី៣ថ្ងៃនៅមុខសាលាខេត្តកំពង់ឆ្នាំង ស្ថិតនៅក្នុងសង្កាត់ប្អេរ នៅក្នុងក្រុងកំពង់ឆ្នាំង មានប្រជាពលរដ្ឋមកពីគ្រប់មូលដ្ឋានចូលរួមលែងល្បែងប្រជាប្រិយនានា ចំនួនជាង17ម៉ឺននាក់។
លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ៖ រយៈពេលចូលឆ្នាំបីថ្ងៃការរៀបចំសង្ក្រាន្តឆ្នាំថ្មីរបស់អាជ្ញាធរខេត្ត គិតពីថ្ងៃទី14 ដល់ថ្ងៃទី16 ខែមេសា នេះ មានប្រជាពលរដ្ឋមកពីគ្រប់ទិសទី មកចូលរួមលេងកម្សាន្ត ចំនួន174.723នាក់។
លោកសេង សាលី បានបន្តថា ៖ សង្ក្រាន្តឆ្នាំថ្មី នៅមុខសាលាខេត្តកំពង់ឆ្នាំង សហការរៀបចំដោយមន្ទីរទេសចរណ៍ មន្ទីរវប្បធម៌ និងមន្ទីរព័ត៌មាន ខេត្តកំពង់ឆ្នាំង ដោយមានរៀបចំតូបពិព័រណ៍ផលិតផលនានានៅក្នុងស្រុក និងក្រៅស្រុកមួយចំនួនផងដែរ។ ក្រៅពីនោះក៏មានវង់តន្ត្រីសម័យ២វង់ លេងកំដរទាំង៣ថ្ងៃ ចែកជូនប្រជាពលរដ្ឋរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយផងដែរ ដោយមានកិច្ចការពារពីសំណាក់កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ សហការគ្នាការពារសណ្ដាប់ធ្នាប់ និងសន្តិសុខបានល្អប្រសើរ ពុំមានឧបសគ្គអ្វីរំខានឡើយ។
លោក សេង សាលី បានបញ្ជាក់ ថា ៖ តួលេខខាងលើនេះ គឺគិតតែនៅក្នុងក្រុងកំពង់ឆ្នាំងតែប៉ុណ្ណោះ ដោយឡែកនៅតាមរមណីយដ្ឋាននានានៅតាមស្រុកចំនួន៧ទៀត ក្រុមការងារមន្ទីរទេសចរណ៍នៅរសៀលថ្ងៃទី 17នេះ ទើបបូកសរុបបានរួចរាល់៕
Source: Kampuchea Thmey Daily
0 Comments