ភ្នំពេញ ៖ បុរសក្មេងៗ២នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទសង្ស័យប៉ុនប៉ងធ្វើសកម្មភាពលួចម៉ូតូគេនិងពាក់ព័ន្ធការសេព(ជក់)ថ្នាំញៀនខុសច្បាប់ប្រព្រឹត្ត កាលពីវេលាម៉ោង២កន្លះរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រុមជនសង្ស័យខាងលើឈ្មោះ បូរ រិទ្ឋ ហៅហុង អាយុ២៥ឆ្នាំ គ្មានមុខរបរស្នាក់នៅផ្ទះជួល សង្កាត់ទឹកលក្អក់១ ខណ្ឌទួលគោក។ និងឈ្មោះ អ៊ុន អន ហៅតឿ អាយុ២៨ឆ្នាំ គ្មានមុខរបរ ស្នាក់នៅបន្ទប់ផ្ទះជួល នៅសង្កាត់ទឹលល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ពាក់ព័ន្ធដល់ការឃាត់ខ្លួនក្រុមជនសង្ស័យខាងលើនេះ ប៉ូលិសបាននិយាយថា មុនពេលកើតហេតុកម្លាំងសមត្ថកិច្ចបានកំពុងយាមល្បាតក្នុងមូលដ្ឋាន លុះដល់ម៉ោង២និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ បានប្រទះឃើញជនសង្ស័យទាំង២នាក់កំពុងជិះម៉ូតូ១គ្រឿងម៉ាកស្មាស ពាក់ស្លាកលេខភ្នំពេញ 1Y-8041 តាមបណ្តោយផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ក៏ឃាត់ត្រួតពិនិត្យ រកឃើញមានដែកកែច្នៃសម្រាប់លួចម៉ូតូគេ (ដែកកាច់បំបែករន្ធសោម៉ូតូ) ទើបឃាត់ខ្លួនតែម្តង។
នៅពេលឃាត់ខ្លួនយកទៅសាកសួរ ប៉ូលិសបានត្រួតពិនិត្យទឹកនោមពួកគេរកឃើញមានផ្ទុកនូវសារធាតុថ្នាំញៀននៅក្នុងខ្លួនទាំង២នាក់បន្ថែមទៀត គឺពួកគេបានជក់ថ្នាំញៀនរួចរាល់មុនពេលនាំគ្នាចេញធ្វើសកម្មភាពជិះម៉ូតូល្បាតប៉ុនប៉ងស្វែងរកកន្លែងលួចយកម៉ូតូគេ។
ប៉ូលិសបានបញ្ជាក់ថា ជនទាំង២នាក់មានទោស ចំនួនពីរករណី ១.ប៉ុនប៉ងលួចម៉ូតូគេ ២.ប្រើប្រាស់(សេព) ថ្នាំញៀនខុសច្បាប់។ ពួកគេកំពុងត្រូវបានឃុំខ្លួននិងកសាងឯកសារបញ្ជូនទៅតុលាការសម្រេចសេចក្តីទោសទណ្ឌ៕
Source: Kampuchea Thmey Daily
0 Comments