ក្រុមមន្ត្រីបាននិយាយនៅថ្ងៃសៅរ៍ថា ប៉ូលិសបង់ក្លាដែស បានរារាំងជនភៀសខ្លួនរ៉ូហ៊ីងយ៉ាចំនួន១១៥នាក់ មិនឲ្យគេរត់ពន្ធចូលទៅក្នុងប្រទេសម៉ាឡេស៊ី តាមទូកនេសាទ ដែលគ្មានសុវត្ថិភាព ប៉ុន្តែមិនមានជនសង្ស័យជួញដូរណាម្នាក់ ត្រូវបានឃាត់ខ្លួនទេ។
ក្រុមនេះគឺមកពីជំរំ Kutupalong ក្បែរព្រំដែនបង់ក្លាដែសជាប់ប្រទេសមីយ៉ាន់ម៉ាដែលជាកន្លែងតាំងទីលំនៅជនភៀសខ្លួនធំបំផុតនៅលើពិភពលោក។ ពួកគេត្រូវបានបញ្ឈប់នៅពេលពួកគេធ្វើដំណើរទៅរកទូកនៅឈូងសមុទ្រ Bengal ។
ប្រតិបត្ដិការដែលបានកើតឡើងកាលពីយប់ថ្ងៃសុក្រមួយនេះគឺជារឿងរ៉ាវចុងក្រោយបំផុតដែលទាក់ទងនឹងជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលកំពុងស្វែងរកការចាកចេញពីជំរំនេះទៅកាន់ប្រទេសម៉ាឡេស៊ីដែលជាប្រទេសមួយមានប្រជាជនកាន់សាសនាមូស្លីមភាគច្រើន។
មន្ត្រីប៉ូលិសបង់ក្លាដែសលោក Anwar Hossain បានប្រាប់ AFP ថា “យើងបានបញ្ឈប់ម៉ូតូកង់បីចំនួន១៥គ្រឿងហើយជួយសង្គ្រោះបានបុរស៥០នាក់ ស្ត្រី៣៩នាក់និងកុមារ២៦នាក់។ ប៉ុន្តែយើងមិនអាចចាប់អ្នកជួញដូរណាម្នាក់បានទេ”។
មន្ត្រីដដែលបាននិយាយថា ជនជាតិរ៉ូហ៊ីងយ៉ាដែលបានបង់ប្រាក់មួយចំនួនទៅឲ្យអ្នកជួញដូររួចទៅហើយនោះនឹងត្រូវនាំយកត្រលប់ទៅជំរំវិញ។
ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាប្រហែល៧៤០,០០០នាក់បានរត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែសបន្ទាប់ពីការបង្ក្រាបយ៉ាងឃោរឃៅនៅក្នុងប្រទេសមីយ៉ាន់ម៉ានៅខែសីហាឆ្នាំ២០១៧។
ពួកគេបានចូលរួមជាមួយជនជាតិរ៉ូហ៊ីងយ៉ាចំនួន៣០០,០០០នាក់ផ្សេងទៀតដែលកំពុងរស់នៅក្នុងជំរំដែលមានមនុស្សច្រើនកកកុញរួចទៅហើយនៅក្នុងតំបន់ Cox's Bazar បន្ទាប់ពីអំពើហិង្សាលើកមុន។
មនុស្សរាប់ពាន់នាក់បានប្រថុយជីវិតរបស់ពួកគេធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ីនិងថៃតាមទូកនៅពេលឈូងសមុទ្រ Bengal មានភាពស្ងប់ស្ងាត់មុនរដូវមូសុងមកដល់នៅចុងខែមីនា។
គិតត្រឹមពេលនេះក្នុងឆ្នាំនេះ កងកម្លាំងសន្តិសុខបង់ក្លាដែសបានបញ្ឈប់មនុស្សជាង៣០០នាក់ពីការប៉ុនប៉ងធ្វើដំណើរលើទូកនេសាទតូចៗដែលក្រុមអ្នកជំនាញនិយាយថា មិនសមស្របសម្រាប់ការធ្វើដំណើរក្នុងសមុទ្រជ្រៅ៕ AFP
Source: Kampuchea Thmey Daily
0 Comments