ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា នយោបាយសតិអារម្មណ៍ និងវប្បធម៌រើសអើងជាតិសាសន៍ និងលាបពណ៌ ដែលមានអតីតបក្សប្រឆាំងជាស្នូលនោះ មិនអាចធ្វើឲ្យជាតិស្រុះស្រួលគ្នានោះទេ ពីព្រោះពួកគេតែងតែចោទអ្នកនៅក្នុងស្រុកទាំងអស់ សុទ្ធតែមានក្បាលជាយួនខ្លួនខ្មែរ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបញ្ជាក់បែបនេះនៅតាមបណ្តាញតេឡេក្រាមរបស់ខ្លួន កាលពីព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩។
លោក សុខ ឥសាន បញ្ជាក់យ៉ាងនេះថា “មជ្ឈដ្ឋានប្រឆាំង ដែលក្នុងនោះ មានអតីតបក្សប្រឆាំងជាស្នូលតាំងពីដើមមក មានសតិអារម្មណ៍ និងវប្បធម៌រើសអើងជាតិសាសន៍ ហើយអនុវត្តវប្បធម៌លាបពណ៌ ដែលមិនអាចឲ្យសង្គមខ្មែរមានការស្រុះស្រួលជាតិជាមួយខ្លួនបាន។ បើតាមពួកប្រឆាំង អ្នកនៅក្នុងស្រុកទាំងអស់សុទ្ធតែមានក្បាលជាយួនខ្លួនខ្មែរ”។
លោក សុខ ឥសាន អះអាងថា ក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ទោះបីកម្ពុជាបានឈានចូលក្នុងដំណាក់កាលនយោបាយថ្មីប្រជាធិបតេយ្យសេរីពហុបក្សក៏ដោយ ក៏ពួកប្រឆាំងនៅតែលាបពណ៌ថា គណបក្សប្រជាជនកម្ពុជា ជាបក្សកុំមុយនិស ដែលលើកបន្តុបដោយយួនដដែល ហើយពួកគេស្អប់ខ្ពើម ធ្វើការដឹកនាំគ្រប់គ្រងប្រទេសតាមការបញ្ជាពីយួន និងចិន ដែលតាមការពិតព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យមានអធិបតេយ្យមានបូរណភាពទឹកដីត្រឹមត្រូវ។
អ្នកនាំពាក្យគណបក្សរូបនោះបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានអធិបតេយ្យពេញលេញក្នុងការដឹកនាំប្រទេសតាមកម្មវិធីនយោបាយរបស់ខ្លួន ដោយរាល់ការសម្រេចគ្មានការណែនាំបញ្ជាពីមេដឹកនាំប្រទេសណាឡើយ។ បញ្ហាទាំងអស់នេះហើយ ដែលមិនអាចឲ្យគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា អាចស្រុះស្រួលជាមួយបានជាដាច់ខាត។ នយោបាយរបស់អតីតបក្សប្រឆាំង គឺជានយោបាយបំបែកបំបាក់ទាំងផ្ទៃក្នុងខ្លួនឯង និងនៅក្រៅប្រទេស និងបំបែកបំបាក់ជាតិខ្មែរទាំងមូលផងដែរ៕
Source: Kampuchea Thmey Daily
0 Comments